(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំវេទិកាជាតិ អន្តរសាសនា លើកទី៣ «ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងទាសភាពសម័យទំនើប» នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌល និងពិពណ៌កោះពេជ្រ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)។
វេទិកាជាតិអន្ដរសាសនានេះ រៀបចំដោយ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស, ក្រសួងធម្មការ និងសាសនា និងអង្គការការីតាសកម្ពុជា ដោយមានការចូលរួមគាំទ្រពីថ្នាក់ដឹកនាំសាសនារួមមាន ព្រះពុទ្ធសាសនា ឥស្លាមសាសនា កាតូលិក និង គ្រឹស្ទបរិស័ទដំណឹងល្អ និងអង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា។
គោលបំណង៣សំខាន់ នៃវេទិកានេះគឺ៖
*ទី១៖ ដើម្បីលើកកម្ពស់សារសំខាន់ នៃវេទិកាអន្តរសាសនា នៅកម្ពុជា ដែលបង្ហាញពីភាពសុខុដុមនៃសាសនានៅក្នុងកម្ពុជា នាំមកនូវសន្តិភាពជាតិ ការគោរពសិទ្ធិមនុស្ស សេចក្តីថ្លៃថ្នូរ និងភាពរីកចម្រើនរបស់មនុស្សជាតិ។
*ទី២៖ ដើម្បីបង្ហាញពីតួនាទីដ៏សំខាន់របស់ថ្នាក់ដឹកនាំសាសនាទាំងឡាយ ក្នុងការផ្សព្វផ្សាយអប់រំ និងផ្តល់ចំណេះ ដឹងដល់ប្រជាពលរដ្ឋ អំពីសីលធម៌ក្នុងការរស់នៅ ជៀសវាងការរំលោភបំពាន អំពើជួញដូរ កេងប្រវ័ញ្ចគ្រប់រូបភាពលើមនុស្សផងគ្នា និងជួយណែនាំឲ្យចូលរួមបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឈានទៅលុបបំបាត់អំពើជួញដូរមនុស្ស ដែលជាទាសភាពសម័យទំនើបគួរឲ្យស្អប់ខ្ពើម ។
*ទី៣៖ សកម្មភាពជាច្រើន ដែលត្រូវបានរៀបចំក្នុងឱកាសនោះគឺ មានធម្មយាត្រាដង្ហែរសារ និងចែកផ្សាយសារ ដែលដែលមានខ្លឹមសារអប់រំ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សម្រាប់ផ្សព្វផ្សាយដល់សាធារណជន ទស្សនាពិពរណ៍សកម្មភាពចូលរួមប្រយុទ្ឋប្រឆាំងការជួញដូរមនុស្ស សុន្ទរកថា និងអនុសាសន៍ដឹកនាំ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានគ.ជ.ប.ជ ពិធីសូត្រធម៌ និងអធិដ្ឋានបង្ហោះសាររួមគ្នា៕