(បាត់ដំបង)៖ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបាណន់ ខេត្តបាត់ដំបង បានថ្លែងថា សាលារៀន គឺជាមូលដ្ឋានគ្រឹះ ជាថ្នាលក្នុងការបណ្តុះបណ្តាលធនធានមនុស្សពីថ្នាក់ក្រោមឡើងទៅ ដើម្បីធ្វើឲ្យក្មេងជំនាន់ក្រោយ អាចបានក្លាយជាទំពាំងស្នងឬស្សី ចូលរួមជួយកសាង និងអភិវឌ្ឍន៍ប្រទេសជាតិទៅថ្ងៃក្រោយ។
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល បានលើកឡើងយ៉ាងដូចនេះ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលី បញ្ចុះបឋមសិលាសាងសង់អគារសិក្សា១ខ្នង២ជាន់ ១២បន្ទប់ ទំហំទឹកប្រាក់ជាង ១៥ម៉ឺនដុល្លារជាអំណោយរបស់សម្តេច ស ខេង នៅវិទ្យាល័យតាគ្រាម ស្ថិតក្នុងភូមអូរពងមាន់ ឃុំតាគ្រាមស្រុកបាណន់ ខេត្តបាត់ដំបង។ ពិធីនេះក៏មានការចូលរួមពីលោក ងួន រតន: អភិបាលខេត្តបាត់ដំបង លោក អ៊ុយ រី បប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ និងប្រតិភូអមដំណើរ ប្រជាពលរដ្ឋបានចូលរួមប្រមាណជាង១ពាន់នាក់ផងដែរ។
នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល បានថ្លែងបន្តថា ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងកំណើនសិស្សជារៀងរាល់ឆ្នាំ តាមការចាំបាច់ និងឆ្លើយតបរបស់អាជ្ញាធរមូលដ្ឋាន សម្តេចក្រឡាហោម ស ខេង ក៏បានសម្រេចចិត្តផ្តល់អគារសិក្សា ១ខ្នងនេះ ជូនដល់ឃុំតាគ្រាមបន្ថែមទៀត សម្រាប់ឲ្យសិស្សបានចូលរៀនកាន់ច្រើនឡើង។
លោក សុខ ផល បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តែងតែបានយកចិត្តទុកដាក់ក្នុងការកសាងធនធានមនុស្ស តាមរយ:ក្រសួងអប់រំយុវជន និងកីឡា ដោយបានបើកទូលាយក្នុងការផ្តល់ អាហារូបករណ៍ដល់សិស្សនិស្សិត ឱ្យមានឱកាសចូលរៀននៅតាមវិទ្យាស្ថានបច្ចេកទេសជំនាញនានា និងសាកលវិទ្យាល័យផ្សេងៗ ដើម្បីជំរុញឲ្យសិស្សយើងទាំងអស់ខិតខំរៀនទៅតាមកម្រិត និងលទ្ធភាពដែលអាចធ្វើបាន និងមានចំណេះសម្រាប់ធ្វើការងារ មានមុខរបរចិញ្ចឹមជីវិតរៀងៗខ្លួនទៅពេលអនាគត។
លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ពេលជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាពទាំងអស់គ្នាដើម្បីការពារអាយុជីវិតខ្លួនឯង ព្រោះអត្រាស្លាប់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ គឺមានការកើនឡើង ជាងការស្លាប់ដោយគ្រោះថ្នាក់ដោយសាររឿងផ្សេងទៀត ដូចនេះដើម្បីកាត់បន្ថយអត្រា នៃការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ គឺត្រូវផ្តើមចេញពីខ្លួនយើងទាំងអស់គ្នា។ ក្នុងឱកាសនោះលោកក៏បានចែកមួកសុវត្តិភាពដល់អ្នកចូលរួមទាំងអស់ម្នាក់១ផងដែរ។
លោក ងួន រតន: ក៏បានថ្លែងអំណរគុណដល់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត សុខ ផល ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង បានមកធ្វើពិធីក្រុងពាលីបញ្ចុះបឋមសិលា សាងសង់ សាលាជូនក្មួយៗនៅពេលនេះ។ លោកថា នេះជាសមិទ្ធិផលថ្មី១ទៀត ដែលខេត្តបាត់ដំបង បានទទួលអំណោយរបស់សម្តេច ស ខេង សម្រាប់ទុកឲ្យក្មួយៗ បានចូលរៀនសូត្រតាមតម្រូវការ និងបានតម្លើងពីអនុវិទ្យាល័យទៅជាវិទ្យាល័យតាគ្រាម នៅក្នុងឃុំតាគ្រាមនេះ៕