(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ បានអញ្ជើញប្រកាសឲ្យចូលកាន់តំណែង មេបញ្ជាការកងទ័ពការពារអាកាស អគ្គបញ្ជាការ និងនាយសេនាធិការ កងទ័ពការពារអាកាស។
លោកឧត្តមសេនីយ៍ទោ អឿ សំអុល ជាមេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការដ្ឋានការពារអាកាស ត្រូវបានតែងតាំងជា មេបញ្ជាការកងទ័ពការពារអាកាស ជំនួសលោកឧត្តមសេនីយឯក អ៊ុល ណាវី ដែលបានទទួលមរណភាព និងលោកឧត្ដមសេនីយ៍ទោ កង សុផានី មេបញ្ជាការរង បញ្ជាការដ្ឋានការពារអាកាស ត្រូវបានតែងតាំងជា មេបញ្ជាការរង និងជានាយសេនាធិការ កងទ័ពការពារអាកាស។
នាឱកាសនោះដែរ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានមានមតិណែនាំថា ដល់មេបញ្ជាការថ្មី ត្រូវយកចិត្តទុកដាក់ក្នុងការងារគ្រប់គ្រង និងបង្កើនសមត្ថភាព លើការងារជំនាញប្រកបដោយសីលធម៌ និងគុណធម៌ខ្ពស់ឲ្យសមស្របទៅនឹងតួនាទី ជាអ្នកដឹកនាំ និងត្រូវពង្រឹងឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុង ស្មោះត្រង់ការពាររាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន។
នាយឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានសំនូមពរដល់នាយទាហានទាំងអស់ ត្រូវធ្វើអ្វីដែលមានប្រយោជន៍ជូនប្រទេសជាតិ និងប្រជាជន ជាពិសេសគោរពគោរពតាមការដឹកនាំរបស់រាជរដ្ឋាភិបាល និងរក្សាឲ្យបាននូវកេរ្តិ៍ឈ្មោះ កិត្តិយស និងសេចក្ដីថ្លៃថ្នូរ ដែលយើងទាំងអស់គ្នា បានខិតខំកសាងនាពេលកន្លងមក ដើម្បីជាគំរូសសម្រាប់អ្នកជំនាន់ក្រោយ។
សូមរំលឹកថា លោកឧត្តមសេនីយ៍ឯក អ៊ុល ណាវី នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស បានទទួលមរណភាព កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ដោយជំងឺគាំងបេះដូង៕