(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានអញ្ជើ្ជញជាអធិបតីដឹកនាំកិច្ច ប្រជុំគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
កិច្ចប្រជុំមានការអញ្ជើញចូលរួមដោយរដ្ឋលេខាធិការ អគ្គលេខាធិការនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលជាអនុប្រធាន អនុប្រធានអចិន្រ្តៃយ៍ សមាជិក សមាជិកាគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា អមដោយមន្រ្តីជាជំនួយការ ព្រមទាំងមន្រ្តីនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា មួយចំនួនទៀត។
នៅក្នុងមតិបើកកិច្ចប្រជុំ រដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានសំដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះរដ្ឋលេខាធិការ អគ្គលេខាធិការនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលត្រូវបានតែងតាំងជាអនុប្រធាន អនុប្រធានអចិន្រ្តៃយ៍ សមាជិក សមាជិកាគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៦១៩/៩២១ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការតែងតាំងសមាសភាពគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា។
ក្នុងឱកាសនោះ រដ្ឋមន្រ្តី បានជម្រាបអំពីតួនាទី ភារកិច្ចរបស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា គណៈកម្មការទន្លេមេគង្គ និងការងារដែលបានបំពេញ ក៏ដូចជាសមិទ្ធផលសំខាន់ៗ ក្នុងក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការមេគង្គដែលសម្រេចបានរហូតមកដល់ពេលនេះ។ ទន្ទឹមនឹងនោះ ក៏បានជម្រាបអំពីបច្ចុប្បន្នភាពនៃស្ថានភាពអាងទន្លេមេគង្គ ក៏ដូចជាបញ្ហាប្រឈមនាពេលបច្ចុប្បន្ន និងចំពោះមុខ ដែលត្រូវគិតគូរ និងរួមគ្នាដោះស្រាយ ដើម្បីជម្រុញការគ្រប់គ្រង និងអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ ស្របតាមកិច្ចព្រមព្រៀងមេគង្គ ដែលប្រទេសទាំងបួន កម្ពុជា ឡាវ ថៃ និងវៀតណាម បានចុះហត្ថលេខាកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ១៩៩៥។
លើសពីនេះ រដ្ឋមន្រ្តី ក៏បានលើកឡើងអំពីជោគជ័យដែលកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី៣ កាលពីក្នុងខែមេសា ឆ្នាំ២០១៨ នៅក្រុងសៀមរាប ក្រោមអធិបតីដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដោយជាលទ្ធផលកិច្ចប្រជុំកំពូល បានដាក់ចេញនូវទិសដៅជាយុទ្ធសាស្រ្ត ដែលប្រទេសជាសមាជិក ត្រូវបន្តលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ។
ឆ្លៀតក្នុងឱកាសនោះ រដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះក្រសួង-ស្ថាប័នជាសមាជិកគណៈកម្មាធិការជាតិទន្លេមេគង្គម្ពុជា ក៏ដូចជាភាគីពាក់ព័ន្ធផ្សេងទៀត ដែលកន្លងមកបានចូលរួម និងផ្តល់នូវកិច្ចសហការល្អប្រសើរក្នុងដំណើរការការងាររបស់គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ក៏ដូចជាក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការគណៈកម្មការទន្លេមេគង្គ ដែលបានរួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការចូលរួមរបស់កម្ពុជា ក្នុងនាមជាប្រទេសសមាជិក ក្នុងកិច្ចខិតខំប្រឹងប្រែងរួមដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពនៃអាងទន្លេមេគង្គ។
កិច្ចប្រជុំ បានដំណើរការដោយបានពិនិត្យលើវឌ្ឍនភាព និងទិសដៅការងារដែលគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងគណៈកម្មការទន្លេមេគង្គសម្រេចបានរហូតមកដល់បច្ចុប្បន្ន និងបន្តអនុវត្តនាពេលខាងមុខ។ អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារដែលសម្រេចបាន និងបានបង្ហាញនូវការប្តេជ្ញាចិត្តបន្តចូលរួមកាន់តែសកម្មថែមទៀត ក្នុងក្របខ័ណ្ឌការងារគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងកិច្ចសហប្រតិបត្តិការតំបន់ សម្រាប់ការគ្រប់គ្រង និងការអភិវឌ្ឍប្រកបដោយចីរភាពនៃធនធានទឹក និងធនធានពាក់ព័ន្ធក្នុងអាងទន្លេមេគង្គ។
កិច្ចប្រជុំ បានប្រព្រឹត្តទៅក្នុងបរិយាកាសស្និតស្នាល និងសម្រេចបានលទ្ធផលតាមការគ្រោងទុក។ នៅក្នុងមតិបូកសរុប និងបិទកិច្ចប្រជុំរដ្ឋមន្រ្តី ជាថ្មីម្តងទៀត បានថ្លែងអំណរគុណ ចំពោះក្រសួង-ស្ថាប័នជាសមាជិកគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងភាគីពាក់ព័ន្ធផ្សេងទៀត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ និងផ្តល់កិច្ចសហប្រតិបត្តិការល្អប្រសើរ ក្នុងក្របខ័ណ្ឌការងារមេគង្គនាពេលកន្លងមក និងបានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាបន្តចូលរួមឲ្យបានកាន់តែសកម្ម និងមានប្រសិទ្ធភាពថែមទៀតទាំងពេលបច្ចុប្បន្ន និងទៅអនាគត សំដៅលើកកម្ពស់ប្រសិទ្ធភាពការងារឲ្យបានកាន់តែប្រសើរសម្រាប់កម្ពុជា និងក្នុងកិច្ចសហប្រតិបត្តិការតំបន់ ដើម្បីឆ្ពោះទៅសម្រេចឲ្យបាននូវភាពចម្រុងចម្រើនផ្នែកសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងនិរន្តរភាពបរិស្ថានក្នុងអាងទន្លេមេង្គ៕