(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំជាមួយម្ចាស់សំណង់ចំនួន២ ក្នុងនោះ សំណង់របស់លោក ស៊ូ ហ្វូពីង ZHU FUBING មានទីតាំងស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ (សំណង់អគារស្រុត និងប្រេះស្រាំ) និងសំណង់របស់លោក MA SHUNDI ស្ថិតនៅភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ សំណង់មានការទ្រេតអគារ ដោយមានការចូលរួមពីម្ចាស់អគារ និងម្ចាស់ដី។

លោក គួច ចំរើន បានថ្លែងថា តាមមន្ត្រីបច្ចេកទេស នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសិក្សាវាយតម្លៃផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ មិនអាចឲ្យដំណើរការសាងសង់ និងដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការនូវសំណង់អគារពីរខាងលើ និងបានសំណូមពរឲ្យម្ចាស់អគារទាំងពីរខាងលើ អនុវត្តតាមការជូនដំណឹងរបស់មន្ត្រីជំនាញ ព្រោះវាអាចបង្កហានីភ័យដល់ប្រជាពលរដ្ឋ ក៏ដូចជាបុគ្គលិកបំរើការងារនៅក្នុងអគារផងដែរ។

អភិបាលខេត្តបានបញ្ជាក់ថា «ថ្មីៗនេះ រដ្ឋបាលខេត្តបានចេញលិខិតឲ្យជម្លៀសមនុស្សចេញ និងធ្វើការរុះរើសំណង់ជាបន្ទាន់»

ក្រោយការពន្យល់ និងលើកឡើងរបស់អភិបាលខេត្ត, លោក ស៊ូ ហ្វូពីង ZHU FUBING ម្ចាស់សំណង់ បានយល់ព្រមរុះរើ តាមការណែនាំរបស់រដ្ឋបាលខេត្ត ក៏ប៉ុន្តែស្នើសុំរដ្ឋបាលខេត្តជួយសិក្សា បច្ចេកទេស និងលិខិតអនុញ្ញាតសាងសង់វិញ និងសុំពន្យាពេលកិច្ចសន្យាតម្លៃនៃការជួលដី។

ដោយឡែកលោក MA SHUNDI ម្ចាស់សំណង់ស្ថិតនៅភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ដែលមានការទ្រេតអគារ, រដ្ឋបាលខេត្ត បានចេញលិខិតជម្លៀសមនុស្សចេញ និងរុះរើសំណង់បន្ទាន់ ព្រោះសំណង់នេះមន្ត្រីបច្ចេកទេស នៃក្រសួងរៀបចំដែនដី ពិនិត្យឃើញថា សំណង់មានហានិភ័យទ្រេតជាខ្លាំងត្រូវរុះចេញ។

ម្ចាស់សំណង់ក៏បានឯកភាព ក៍ប៉ុន្តែស្នើរសុំឲ្យរដ្ឋបាលខេត្តជួយសម្របសម្រួល ជាមួយម្ចាស់ដី តម្លៃជួលក្នុងការរុះរើ និងសុំជួយសម្រួលច្បាប់សាងសង់។

នៅក្នុងកិច្ចប្រជុំម្ចាស់សំណង់បានឯកភាពតាមសំណើររបស់រដ្ឋបាលខេត្ត ដោយយល់ព្រមរុះរើ ខណៈម្ចាស់ដីទាំងពីរ ក៏បានឯកភាពបន្ថែមកិច្ចសន្យាមិនគិតថ្លៃឈ្នួលរយៈពេលរុះរើ សាងសង់ឡើងវិញ តាមការស្នើសុំរបស់ម្ចាស់សំណង់៕