(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តនាថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ បានដឹកនាំក្រុមការងារជាមន្ត្រីរាជការ ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធចុះសាកសួរសុខទុក្ខ និងចែកអំណោយប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅភូមិដើមចារ និងភូមិកំពង់ត្រាចទី២ ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច និងឃុំកូនសត្វ ស្រុកទឹកឈូ ចំនួន១៨០គ្រួសារ។
ក្នុងឱកាសចែកអំណោយនោះលោក ជាវ តាយ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាកទីទ័លក្រ មានជំងឺ ជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
លោកអភិបាលខេត្តកំពត បានបញ្ជាក់បន្តថា បញ្ហាទុកលំបាករបស់ប្រជាពលរដ្ឋ គឺជាទុកលំបាករបស់ថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខលំបាកប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ហើយសម្តេចតេជោតែងតែក្រើនរំលឹកណែនាំដល់មន្ត្រីមូលដ្ឋាន គ្រប់លំដាប់ថ្នាក់ត្រូវចុះជួយ ប្រជាពលរដ្ឋជួបទុក្ខលំបាកគ្រប់ពេលវេលា។
លោកអភិបាលខេត្ត ក៏បានសូមការអធ្យាស្រ័យយោគយល់ពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចក្រុមការងារដែលរូបលោកអវត្តមាន មិនបានចុះជាប់ផ្ទាល់ នៅពេលទំនប់បាក់ភ្លាមៗដោយសារបញ្ហា សុខភាពដែលរយៈពេលប៉ុន្មានថ្ងៃនេះ ដោយសាររវល់ចុះជាប់ជាមួយប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនេះក្នុងភូមិសាស្ត្រមួយចំនួនក្នុងខេត្ត។ លោកអភិបាលខេត្តក៏បានបញ្ជាក់ថា ប៉ុន្តែទោះបីយ៉ាងណា រូបលោកតែងតែបានណែនាំចាត់បញ្ជូន ឱ្យថ្នាក់ដឹកនាំនិងមន្ត្រីមូលដ្ឋាននៅជាប់ជាមួយសភាពការណ៍ និងបងប្អូនជាប្រចាំជានិច្ច។
អំណោយដែលចែកជូនប្រជាពលរដ្ឋរងគ្រោះចំនួន ៣៥គ្រួសារ នៅស្រុកកំពង់ត្រាច ដោយក្នុងមួយគ្រួសារទទួលបាន រួមមាន៖ អង្ករ ២៥គីឡូក្រាម មី ០១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ០៦ដប ស្ករស ០១គីឡូក្រាម និងថវិកា សរុប ១,៧៥០,០០០រៀល ដោយមួយគ្រួសារទទួល បាន៥០,០០០រៀល។ ក្នុងឱកាសនេះដែរ លោកអភិបាលខេត្តបានឧបត្ថម្ភ ថវិកាសរុប១លានរៀល ដល់យុវជនកាកបាទក្រហមចំនួន១០នាក់ អ្នកស្ម័គ្រចិត្តចំនួន២នាក់ និងកងកម្លាំង ប្រជាការពារ ៨៨នាក់ ដោយម្នាក់ៗទទួលបានថវិកា១ម៉ឺនរៀល។
នៅស្រុកទឹកឈូ ចំនួនសរុប១៤៥គ្រួសារ ដោយមួយគ្រួសារទទួលបានថវិកា២ម៉ឺនរៀល។ នោះដែរ លោកអភិបាលខេត្ត បានឧបត្ថម្ភថវិកាសរុប ២,៩០០,០០០រៀល៕