(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានអំពាវនាវដល់ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ និងអាហារដ្ឋាននានា កុំដំឡើងថ្លៃ និងត្រូវបម្រើរសេវាកម្មឲ្យបានល្អ ក្នុងឱកាសប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលមានរយៈពេល២ថ្ងៃ ដើម្បីសម្រួលដល់អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលត្រូវធ្វើដំណើរទៅតាមបណ្ដាមណ្ឌលប្រឡងនានា។ នេះបើតាមសេចក្ដីណែនាំ របស់ក្រសួងទេសចរណ៍ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែសីហានេះ។

បើតាមសេចក្ដីណែនាំ របស់ក្រសួងទេសចរណ៍បានបញ្ជាក់ទៀតថា នៅថ្ងៃទី១៩ និងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅទូទាំងប្រទេស ជាហេតុតម្រូវ ឲ្យលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សត្រូវធ្វើដំណើរទៅមណ្ឌលប្រឡង តាមការរៀបចំជាក់ស្តែង ដែលពេលខ្លះ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សត្រូវប្រើប្រាស់ជាចាំបាច់នូវមធ្យោបាយធ្វើដំណើរផ្សេងៗ ការស្នាក់អាស្រ័យទៅសណ្ឋាគារ ផ្ទះភ្ញៀវ (ផ្ទះសំណាក់ ) ផ្ទះជួល ឬបន្ទប់ជួលជាដើម និងការបរិភោគប្រចាំថ្ងៃ នៅភោជនីយដ្ឋាន និងអាហារដ្ឋាននានា។

ហេតុដូច្នេះហើយ ទើបក្រសួងទេសចរណ៍សូមណែនាំ និងអំពាវនាវដូចជា៖

១៖ សូមម្ចាស់ និងអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ទាំងអស់ រក្សាឲ្យបានត្រឹមត្រូវនូវកម្រិតគុណភាពសេវាកម្ម ដែលឆ្លើយតបនឹងតម្រូវការ បើទោះជាស្ថិតក្នុងរយៈពេល ដែលមានតម្រូវការសេវាកម្មយ៉ាងមមាញឹកយ៉ាណាក៏ដោយ
២៖ សូមម្ចាស់ និងអ្នកគ្រប់គ្រងអាជីវកម្ម ទេសចរណ៍ទាំងអស់ ចូលរួមរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពជូនភ្ញៀវ និងចូលរួមទប់ស្កាត់ឲ្យបានជាអតិបរមា នូវរាល់ហេតុការណ៍ ទាំងឡាយដែលអាចកើតឡើងជាឧបទ្ទេវហេតុ
៣៖ សូមម្ចាស់ និងអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ទាំងអស់ មេត្តាកុំដំឡើងថ្លៃសេវាកម្មរបស់ខ្លួន ក្នុងកំឡុងពេលនេះ បើទោះបីជាអាចនឹងមានតម្រូវការ កើនឡើងខ្លាំងយ៉ាងណាក្តី
៤៖ ស្នើ ឲ្យមន្ទីរទេសចរណ៍រាជធានី ខេត្ត ផ្សព្វផ្សាយបន្តនូវស្មារតី សេចក្តីណែនាំនេះដល់គ្រប់មូលដ្ឋានអាជីវកម្ម ទេសចរណ៍ទាំងអស់ ដើម្បីជ្រួតជ្រាប និងចូលរួមអនុវត្តឲ្យបានគ្រប់ៗគ្នា៕

ខាងក្រោមនេះជាសេចក្ដីណែនាំ របស់ក្រសួងទេសចរណ៍ទាំងស្រុង៖