(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើដល់ភាគីជប៉ុនជួយអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជាបន្ថែម ពិសេសគឺតាមរយៈការវិនិយោគលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗ លើការបង្កើតតំបន់ទេសចរណ៍សម្រាប់ទេសចរចូលនិវត្ត ក៏ដូចជាការជួយកសាងផ្លូវចំនួនចូលទៅកាន់សហគមន៍ទេសចរណ៍សំខាន់ៗផងដែរ។
ការស្នើនេះធ្វើឡើងតាមរយៈលោក Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុននៅកម្ពុជាចប់អាណត្តិ នាឱកាសដែលលោកអគ្គរាជទូតជួបជាមួយលោករដ្ឋមន្ត្រី ថោង ខុន នៅទីស្ដីការក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ដើម្បីជម្រាបជាចុងក្រោយ ក្រោយពេលបំពេញបេសកកម្មនៅកម្ពុជាប្រមាណ៣ឆ្នាំមកនេះ។
នាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន បានលើកឡើងពីការរីកចម្រើនមួយចំនួនលើវិស័យទេសចរណ៍ ក្រោមកិច្ចសហប្រតិបត្តិការល្អជាមួយស្ថានទូតជប៉ុនប្រចាំកម្ពុជា ក៏ដូចជាជាមួយរដ្ឋាភិបាល និងប្រជាជនជប៉ុនផងដែរ ក្នុងនោះនៅឆ្នាំ២០១៨ ក្នុង៦គម្រោងវិនិយោគរបស់ជប៉ុនមាន ២គម្រោង វិនិយោគលើវិស័យទេសចរណ៍ ដែលមានទុនវិនិយោគដល់ជាង ៨០០លានដុល្លារអាមេរិក។
ដោយឡែក ចំនួនទេសចរជប៉ុនដែលមកទស្សនានៅកម្ពុជានៅតែមានការកើនឡើងពីមួយទៅមួយឆ្នាំ។ ឆ្នាំ២០១៨ មានចំនួនជាង ២១ម៉ឺននាក់ ក្នុងកំណើន ៣.៥%។ រយៈពេល៦ខែដើមឆ្នាំ២០១៩ មានកម្ពុជាទទួលបានទេសចរជប៉ុនជាង ១០ម៉ឺននាក់ កំណើន ៣% ព្រមជាមួយនោះកាលក្នុងឆ្នាំ២០១៨ កន្លងមក ក៏មានទេសចរកម្ពុជាជាង ២២,០០០នាក់ ទៅទស្សនាប្រទេសជប៉ុនផងដែរ។ បច្ចុប្បន្ននៅភ្នំពេញ មានសណ្ឋាគារដែលវិនិយោគដោយជប៉ុនមាន ៩ ដែលមានសរុបជិត ១,០០០បន្ទប់ មានភោជនីយដ្ឋានចំនួន ៥៦ ដែលមានជាង ៣,៣០០កៅអីផងដែរ។
លោករដ្ឋមន្ត្រីបានរំលឹកពីការជួយជ្រោមជ្រែងពីសំណាក់មិត្តជប៉ុន ក្នុងកិច្ចការអភិរក្សតំបន់បេតិកភណ្ឌអង្គរ ក្នុងនាមជាសហប្រធានគណៈកម្មាធិការអន្តរជាតិ ICC-Angkor ជាមួយបារាំង និងបច្ចប្បន្ននៅតំបន់ប្រាសាទសំបូរព្រៃគុក ខេត្តកំពង់ធំផងដែរ។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានស្នើតាមរយៈឯកអគ្គរាជទូតជប៉ុនទៅកាន់រដ្ឋាភិបាល និងវិនិយោគិនជប៉ុន សូមជួយបង្កើនការវិនិយោគបន្ថែមទៀតនៅកម្ពុជា ដូចជាការវិនិយោគលើការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ការវិនិយោគលើការបង្កើត តំបន់ទេសចរណ៍ថ្មីៗ ពិសេសសម្រាប់ទេសចរជប៉ុនដែលកំពុងមានការចូលនិវត្តច្រើន ហើយដែលប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន បានអនុវត្តន៍ដោយជោគជ័យកន្លងមក ដូចជានៅប្រទេសម៉ាឡេសី ថៃជាដើម និងក៏អាចវិនិយោគលើផ្នែកមួយចំនួនទៀត ដែលជប៉ុនគិតថាអាចវិនិយោគទៅបាន ចំណែកឯរាជរដ្ឋាភិបាលកម្ពុជាចាំស្វាគមន៍វិនិយោគិនជប៉ុនជានិច្ច។
លោក ថោង ខុន ក៏បានស្នើដល់ស្ថានទូតជប៉ុន សូមបន្តជួយកសាងផ្លូវចូលទៅកាន់សហគមន៍ទេសចរណ៍សំខាន់ៗមួយចំនួនបន្តទៀត ដែលស្ថិតក្នុងកម្រិតនៃសិទ្ធិសម្រេចរបស់ស្ថានទូតផ្ទាល់ផងដែរ។
ចំពោះសំណើទាំងនេះ ត្រូវបានលោក ORINOUCHI ឯកអគ្គរាជទូតដ៏មានសណ្ដានចិត្តប្រពៃ ទទួលយកទៅជម្រាបប្រាប់រដ្ឋាភិបាលរបស់លោកបន្ត។
លោកឯកអគ្គរាជទូតបានបន្ថែមថា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា និងជប៉ុនឱ្យកាន់តែល្អ ប្រសើរឡើងថែមទៀត លោកឯកអគ្គរាជទូតជប៉ុនបានបញ្ជាក់ថា រដ្ឋាភិបាល និងប្រជាជនជប៉ុន នៅតែបន្តកិច្ចសហប្រតិបត្តិការលើវិស័យនេះជាមួយកម្ពុជាបន្តទៅទៀត ទោះបីថាលោកបានត្រូវចប់អាណត្តិបេសកកម្មទៅហើយក្ដី៕