(ភ្នំពេញ)៖ សម្តេច នរោត្តម សិរិវុឌ្ឍ អតីតឧបនាយករដ្ឋមន្ត្រី និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលគ្រឿងឥស្សរិយយស «Grand Cordon of the Order of the Rising Sun» សម្រាប់និទាឃរដូវ ឆ្នាំ២០១៩នេះ ចំពោះការរួមចំណែកជួយឱ្យប្រសើរ នៃទំនាក់ទំនងកម្ពុជា-ជប៉ុន។

ពិធីថ្វាយគ្រឿងឥស្សរិយយស របស់រដ្ឋាភិបាលជប៉ុន បានប្រព្រឹត្តធ្វើឡើងនៅស្ថានទូតជប៉ុន ប្រចាំកម្ពុជា នៅយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ ដែលពិធីថ្វាយគ្រឿងឥស្សរិយយសនេះ បានឡើងដោយលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា អគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ព្រមទាំងវត្តមានរបស់ព្រះរាជវង្សានុវង្ស បានយាងអញ្ជើញចូលរួមយ៉ាងច្រើនផងដែរ។

ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា បានថ្លែងថា ប្រទេសកម្ពុជា និងជប៉ុន បានឈានដល់ភាពជាដៃគូយុទ្ធសាស្ត្រនាពេលបច្ចុប្បន្ន អាស្រ័យដោយការលះបង់ឥតឈប់ឈររបស់សម្តេច នរោត្តម សិរីវុឌ្ឍ ចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរ។ ស្នាព្រះហស្ថរបស់ សម្តេចនរោត្តម សិរិវុឌ្ឍ ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា។

ចាប់តាំងពីឆ្នាំ១៩៩៣ នាពេលដែលសម្តេច នរោត្តម សិរិវុឌ្ឍ ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី សម្តេចបានរួមចំណែកក្នុងការជំរុញទំនាក់ទំនង ទ្វេភាគីមិនត្រឹមតែក្នុងឋានៈជាឧបនាយករដ្ឋមន្ត្រីប៉ុណ្ណោះទេ តែក្នុងឋានៈជាឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ហើយនាឆ្នាំ២០០៤ សម្តេចបានកាន់តំណែង ជាឧបនាយករដ្ឋមន្ត្រី ជាលើកទី២។ ក្នុងកំឡុងពេលនោះ សម្តេចបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពជប៉ុន-កម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការ ក្នុងការជួយស្តារប្រទេសកម្ពុជាឡើងវិញ របស់ជប៉ុន។ នាឆ្នាំ១៩៩៨ សម្តេចបានបង្កើតវិទ្យាស្ថានខ្មែរ សម្រាប់សហប្រតិបត្តិការនិងសន្តិភាព (CICP) និងបានប្រារព្ធសិក្ខាសាលាការទូត។ ក្នុងសិក្ខាសាលានោះ សម្តេចបានសហការជាមួយជប៉ុន និងបានចូលរួមចំណែកក្នុងការបណ្តុះបណ្តាល ធនធានមនុស្សដែលយល់ដឹងអំពីជប៉ុន និងស្រឡាញ់ជប៉ុន គ្រប់ស្រទាប់វណ្ណៈ រួមទាំងយុវជនវ័យក្មេងផងដែរ។

លោកបានរំលឹកថា លើសពីនេះទៀត នាឆ្នាំ១៩៩៩ សម្តេចបានកាន់តំណែងជាឧត្តមប្រឹក្សាព្រះមហាក្សត្រ ហើយបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការលើកស្ទួយទំនាក់ទំនងរវាងព្រះរាជវង្សានុវង្សជប៉ុន និងកម្ពុជា តាមរយៈការជួយសម្របសម្រួលដំណើរទស្សនកិច្ច របស់ព្រះអង្គម្ចាស់ និងព្រះអង្គម្ចាស់ក្សត្រី Akishino នៅកម្ពុជា ដោយបានអមដំណើរព្រះអង្គម្ចាស់ទាំងពីរ ព្រះអង្គ ដោយផ្ទាល់ជាដើម។

លោកសង្ឃឹមថា ភាគីពាក់ព័ន្ធទាំងអស់នៃប្រទេសជប៉ុន និងកម្ពុជា នឹងរួមសហការគ្នាដើម្បីអនាគតប្រទេសទាំងពីរ ដោយបន្តកិច្ចខិតខំប្រឹងប្រែងរបស់សម្តេច នរោត្តម សិរីវុឌ្ឍ។

គូសបញ្ជាក់ថា សម្តេច នរោត្តម សិរិវុឌ្ឍ សិ្ថតក្នុងចំណោមជនបរទេសចំនួន ១៤២រូប ដែលទទួលបានគ្រឿងឥស្សរិយយសនេះ។ គ្រឿងឥស្សរិយយសនេះ ជារៀងរាល់ឆ្នាំរដ្ឋាភិបាលជប៉ុន តែងតែបានផ្តល់ជូនឥស្សរជននយោបាយ ឬប្រជាពលរដ្ឋខ្មែរ ដែលមានស្នាដៃ និងបានរួមចំណែកធ្វើឱ្យប្រសើរនូវទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន៕