(ស្ទឹងត្រែង)៖ ដើម្បីឆ្លើយតបតាមអនុសាសន៍ណែនាំរបស់ប្រមុខនៃរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ដែលក្រើនរំលឹកឲ្យកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចត្រៀមទាំងកម្លាំង មធ្យោបាយ និងសម្ភារដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋនោះ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង បានបើកប្រតិបត្តិការជួសជុលមធ្យោបាយ បន្ថែមលើអ្វីដែលត្រៀមរួចជាសម្រេច ក្នុងការសង្គ្រោះប្រជាពលរដ្ឋ ករណីមានគ្រោះទឹកជំនន់។
ការរៀបចំជួសជុលមធ្យោបាយរបស់កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ ដឹកនាំដោយឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្ត ក្រោយទទួលបានការណែនាំ និងចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
តាមរយៈសកម្មភាពនៅថ្ងៃនេះ គេសង្កេតឃើញថា កម្លាំងអាវុធហត្ថ បានធ្វើស្ទួចយកនូវទូកធំៗ ដែលរក្សាទុកមកធ្វើការជួសជុល កែលម្អដើម្បីបង្កើនសមត្ថភាព និងបង្កលក្ខណៈងាយស្រួលពេលចេញប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋ នៅពេលមានហេតុការណ៍គ្រោះធម្មជាតិកើតឡើង ដោយប្រការណាមួយ។
យ៉ាងណាក៏ដោយ នេះគ្រាន់តែជាការជួសជុលបន្ថែមតែប៉ុណ្ណោះ ខណៈបច្ចុប្បន្ននេះ កម្លាំងអាវុធហត្ថខេត្តបានត្រៀមខ្លួនរួចហើយ មានទាំងមធ្យោបាយ និងសម្ភារបច្ចេកទេស ដើម្បីបម្រើឲ្យកិច្ចប្រតិបត្តិការសង្គ្រោះមិនថាយប់ថ្ងៃនោះឡើយ ឲ្យតែប្រជាពលរដ្ឋជួបប្រទះនូវបញ្ហាផ្សេងៗ។
គួរជម្រាបថា រហូតដល់ពេលនេះ ស្ថានភាពទឹកនៅឯខេត្តស្ទឹងត្រែងនេះ ហាក់មិនមានអ្វីដែលជាការព្រួយបារម្ភនោះទេ។ យោងតាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា ស្ថានការកម្ពស់ទឹកទន្លេសេសាន នៅល្ងាចនេះមានកម្ពស់ ៧.៧៥ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្ន មានកម្ពស់ ១០.៥០ម៉ែត្រ។ ដោយឡែក ស្ថានភាពកម្ពស់ទឹក នៅវារីសេសានក្រោម២ មានកម្ពស់៧៤ម៉ែត្រ ហើយកម្ពស់ប្រកាសអាសន្ន ៧៥ម៉ែត្រ៕