(បាងកក)៖ នាឱកាសអបអរសាទរទិវាអាស៊ាន (ASEAN Day) ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានបង្ហាញស្នាដៃសិល្បៈរចនាថ្មីដ៏ទាក់ទាញនៅលើយន្តហោះប្រភេទ Airbus A320 របស់ខ្លួន ជាមួយនឹងការរំលេចនូវពាក្យដ៏មានអត្ថន័យថា «SUSTAINABLE ASEAN TOURISM ឬហៅថា ទេសចរណ៍អាស៊ានប្រកបដោយនិរន្តរភាព» អមដោយការរចនានិមិត្តរូបនៃគោលដៅទេសចរណ៍ល្បីៗរបស់អាស៊ាន។
ពិធីបង្ហាញតែមរចនាថ្មីខាងលើនេះ ត្រូវបានធ្វើឡើងនាថ្ងៃសុក្រ ទី០៩ ខែសីហា ឆ្នាំ២០១៩ នៅអាកាសយានអន្តរជាតិដនមឿង ទីក្រុងបាងកក ប្រទេសថៃ ដោយមានការចូលរួមពីសំណាក់ទីប្រឹក្សារដ្ឋមន្រ្តីការបរទេសថៃ លោក Vijavat Isarabhakdi និងអគ្គនាយកនៃនាយកដ្ឋានកិច្ចការអាស៊ាន នៃក្រសួងការបរទេសថៃ លោក Suriya Chindawongse ព្រមទាំងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន AirAsia Group លោក Tony Fernandes រួមជាមួយភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
តែមលម្អថ្មីនៅលើយន្តហោះប្រទេស Airbus A320 នោះ មានរំលេចនូវស្លាកសញ្ញាតំណាងភាពជាប្រធានអាស៊ានរបស់ប្រទេសថៃ រួមជាមួយជានិមិត្តរូបនៃគោលដៅទេសចរណ៍កំពូលៗប្រចាំនៅតំបន់អាស៊ាន ក្រោមគោលដៅជួយជំរុញ ក៏ដូចជាគាំទ្រភាពជាដៃគូប្រកបដោយនិរន្តរភាពរវាងក្រុមហ៊ុនអាកាសចរណ៍ AirAsia ជាមួយនឹងបណ្តាប្រជាជាតិអាស៊ាន រួមទាំងបេសកកម្មរបស់ក្រុមហ៊ុនក្នុងការបង្កើត «ពាណិជ្ជនាមអាស៊ាន» ដែលមានការទទួលស្គាល់ជាលក្ខណៈសាកល។
ក្នុងឱកាសនោះ លោក Fernandes បានលើកឡើងថា «វាគឺជាស្នាដៃសិល្បៈរចនាដ៏វិសេសវិសាល និងស្រស់ស្អាតមួយ ដែលលោកសង្ឃឹមថា នឹងអាចជួយទាក់ទាញចំណាប់អារម្មណ៍របស់អ្នកដំណើរ ហើយបំផុសឲ្យពួកគេគិតគូរអំពីអត្ថប្រយោជន៍ និងផលវិជ្ជមាននៃការធ្វើដំណើរទេសចរណ៍ប្រកបដោយនិរន្តរភាព»។
លោក Fernandes បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ AirAsia នៅតែបន្តសហការជាមួយប្រទេសសមាជិកអាស៊ាន ដើម្បីកសាងកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មឲ្យកាន់តែប្រសើរថែមទៀតសម្រាប់កិច្ចផ្តួចផ្តើមផ្សេងៗ ដូចជា ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពនេះជាដើម។
តាំងពីដើមមក ក្រុមហ៊ុនអាកាសចរណ៍ AirAsia បានគាំទ្រយ៉ាងខ្លាំងចំពោះការធ្វើសមាហរណកម្មសមាគមអាស៊ាន តាមរយៈការជ្រោមជ្រែងគោលការណ៍បើកចំហជើងមេឃ ដែលមានគោលដៅបង្កើនការតភ្ជាប់ជាមួយប្រទេសនីមួយៗនៅក្នុងតំបន់អាស៊ានទាំងមូល។ ក្រៅពីនេះ AirAsia ក៏បានជួយពង្រឹងឱកាសពាណិជ្ជកម្ម តាមរយៈការធ្វើសេរីភាវូបនីយកម្មការធ្វើដំណើរតាមផ្លូវអាកាស ក្រោមទីផ្សារអាកាសចរណ៍រួបរួមតែមួយ។
សូមជម្រាបថា យន្តហោះដឹកនាំអ្នកដំណើរប្រភេទ Airbus A320 ដែលបានបិទតែមថ្មីខាងលើនេះ នឹងត្រូវប្រតិបត្តិការនៅប្រទេសម៉ាឡេស៊ី ហើយនាពេលខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍ AirAsia នឹងបិទតែមថ្មីនេះនៅលើយន្តហោះ Airbus A320 មួយគ្រឿងទៀត ដែលឈរជើងនៅទីក្រុងបាងកក ប្រទេសថៃផងដែរ៕