(ភ្នំពេញ)៖ «ផែនការរំកិល» ដើម្បីពន្យារល្បិចឆបោកគឺជាយុទ្ធសាស្ត្រ ដែលលោក សម រង្ស៊ី បានប្រើប្រាស់អស់ជាច្រើនទសវត្សរ៍មកហើយ។ ផែនការនេះគឺដើម្បីពន្យារពេលអនុវត្តរាល់ការសន្យា ខ្យល់ និងឈានទៅបំភ្លេចពាក្យសន្យាចោលតែម្តងនៅទីបំផុត។
ស្ទើរតែគ្រប់រឿងធំៗដែលលោក សម រង្ស៊ី ដឹងថា ខ្លួនឯងធ្វើមិនបានតែបានប្រកាសធ្វើដូចជាច្បាស់លាស់មែនទែនណាស់ ដើម្បីបំពេរនិងទាក់ទាញទំនុកចិត្ត អ្នកគាំទ្រឲ្យពុះកញ្ជ្រោលនិងសុខចិត្ត លះបង់លុយកាក់ដើម្បីជួយគាត់តាមគម្រោងផែនការប្រជាភិថុតជាបន្តបន្ទាប់។ ប៉ុន្តែ នៅពេលដែលគាត់ដឹងខ្លួនថាមិនអាចធ្វើ តាមផែនការបាន លោក សម រង្ស៊ី តែងតែរកលេសនិងបង្កើតលេស នេះ លេសនោះដើម្បីរំកិលផែនការរបស់ខ្លួនឲ្យទៅមុខជាបន្តបន្ទាប់ ហើយនៅទីបំផុតក៏បំភ្លេចពាក្យ សន្យាចោលដោយទុកឲ្យវាស្ងប់ស្ងាត់ ទៅយ៉ាងរលូនដូចជនបរទេសតែងតែនិយាយរត់មាត់ថា «Time flies Time will tell us»។
តើមានប៉ុន្មានលើក ប៉ុន្មានសារ ហើយដែលលោក សម រង្ស៊ី បានប្រើល្បិចកលបែបនេះ? ចម្លើយគឺរាប់មិនអស់នោះទេ។ និយាយជារួម «សម រង្ស៊ី ប្រើឧបាយកលចាស់ សកម្មភាពថ្មី តែគោលដៅនៅដដែល» គឺអត់ហ៊ានចូលស្រុកវិញដដែលជាដដែល។
រឿងធំៗដែលខ្ញុំនៅចងចាំបានយ៉ាងច្បាស់មានដូចជា ការបង្កើតទូរទស្សន៍ព្រះអាទិត្យនិងផែនការ វិលត្រឡប់ចូលស្រុកប៉ុន្មានលើក មកហើយ ព្រមទាំងផែនការខ្យល់ជាច្រើនទៀតដែល សម រង្ស៊ី បានប្រើយុទ្ធសាស្ត្ររំកិលដើម្បីប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ពីអ្នកគាំទ្រនៅឯក្រៅប្រទេស។ ឥឡូវនេះល្បិចកលដដែលៗនេះក៍ត្រូវបានគាត់យកមកប្រើប្រាស់ជាថ្មីហាក់ដូចជា គ្មានការអៀនខ្មាសបន្ទិចណាសោះ។
ខ្ញុំនៅចាំបានថា នៅពេលដែលការគាំទ្របានបាត់បង់ស្ទើរតែទាំងស្រុង ក្រោយពីធ្វើបក្សប្រហារដណ្តើមអំណាចពីលោក កឹម សុខា ដោយបំពានលក្ខន្តិកៈបក្សរួចមក ជាពិសេសបន្ទាប់ពីការបរាជ័យដ៍ជូរចត់ក្នុងការបង្កើតចលនាសង្គ្រោះជាតិរួចមក លោក សម រង្ស៊ី ស្រាប់តែចេញមកប្រកាសអំពីផែនការរៀបចំ ដំណើរវិលចូលស្រុកវិញ។ ផែនការនេះបើស្តាប់ទៅវាហាក់ដូចជាហំហែងណាស់ ដោយក្រុមពួកគាត់មានរៀបចំគណៈកម្មការរៀបចំដំណើររបស់ សម រង្ស៊ី មានទាំងអ្នកនាំពាក្យគណៈកម្មការនេះថែមទៀតផង។
ប៉ុន្តែគេប្រាកដជាមិនទាន់ភ្លេចទេថា ដំបូងឡើយ សម រង្ស៊ី ប្រកាសថា នឹងវិលចូលស្រុកមុនការបោះឆ្នោតខែកក្កដា ឆ្នាំ២០១៨។ បន្ទាប់មកក៏បាត់ស្រមោលរហូត។ ចុងក្រោយនេះ ក៏ប្រកាសយ៉ាងហំហានម្តងទៀតថា ចូលមកចាប់នាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយអំពាវនាវឲ្យប្រជាពលរដ្ឋ និងកម្លាំងប្រដាប់អាវុធក្រោក
ឈរឡើងប្រឆាំងនាយករដ្ឋមន្រ្តី ហ៊ុន សែន។ តែដល់ពេលឃើញសភាពការណ៍ស្ងាត់ជ្រាប និងត្រូវគេចំអកថែមទៀត សម រង្ស៊ី ក៏ក្រឡាស់សម្តីថា មិនមែនខ្លួនគាត់ទេ ដែលចូលមកចាប់នាយករដ្ឋមន្រ្តី ហ៊ុន សែន នោះគឺទុកឲ្យប្រជាពលរដ្ឋជាអ្នកចាប់វិញ។ ក្រោយមក សម រង្ស៊ី ក៏បានអះអាងទៀតថា នឹងចូលមកស្រុកខ្មែរនៅពេលណាដែលអន្តរជាតិ សំពងនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យទក់សាច់សិន។ ប៉ុន្តែរហូតមកដល់ពេលនេះ អន្តរជាតិក៏ស្ងាត់ឈឹងដែរ រីឯ សម រង្ស៊ី ក៏មិនឃើញអើតកមកនៅឡើយ។
ថ្មីៗនេះ លោកស្រី មួរ សុខហួរ ក៍បានចេញមុខមកប្រកាសម្តងទៀតថា លោកប្រធាននឹងវិលចូលស្រុកខ្មែរវិញក្នុងខែសីហា ឬមិនឲ្យហួសពីដើមខែកញ្ញា ២០១៩ឡើយ។ ឥឡូវពេលខែសីហា ចូលមកដល់ស្រាប់តែ សម រង្ស៊ី បានប្រើយុទ្ធសាស្ត្ររំកិលម្តងទៀតដោយប្រកាសថា ដោយសារគ្មានខែទី១៣ ដូច្នេះការវិលចូលស្រុករបស់គាត់មិនឲ្យលើសពីខែ១២ឡើយ។ ហើយជាថ្មីម្តងទៀត នៅថ្ងៃទី១២ សីហានេះ សម រង្ស៊ី បាននិយាយលួងលោមអ្នកគាំទ្រថា នៅមិនទាន់ហ៊ានប្រកាសថា នឹងចូលស្រុកថ្ងៃណានៅឡើយទេ ដើម្បីកុំឲ្យបែកការដែលនេះគេអាចយល់យ៉ាងងាយបានថា ជាការបង្កើតលេស សំរាប់បំរើឲ្យផែនរំកឹលមិន ហ៊ានវិលចូលស្រុកវីញតាមការអួតអាងរបស់ខ្លួនថា មិនអោយហួសពីខែកញ្ញា ២០១៩។
ខ្ញុំអាចវាយតំលៃទុកជាមុនថា ផែនការរំកិលរបស់លោក សម រង្ស៊ី មិនបញ្ចប់ត្រឹមនេះទេ។ គាត់នឹងរកលេសថ្មីៗថែមទៀត ដើម្បីរំកិលរហូតគ្មានទីបញ្ចប់ ពីព្រោះសូម្បីតែមនុស្សដែលជិតស្និទ្ធបំផុតរបស់គាត់ក៏និយាយពីក្រោយខ្នងគាត់ថា «មនុស្សដូច សម រង្ស៊ី ដែលកើតចេញពីត្រកូលអភិជន និងធ្លាប់រស់នៅតាមរបៀបត្រកូលអ្នកមាន ហើយធំដឹងក្តីនិងធ្លាប់រស់ស្រួលហឺហារ នៅតែក្រៅប្រទេស មិនដែលទទួលខុសត្រូវចំពោះអ្វីដែលខ្លួនធ្វើ មិនដែលគោរពការសន្យា ដែលខ្លួនបានប្រកាស មិនដែលចេះអៀនខ្មាសនឹងពាក្យភូត កុហករបស់ខ្លួន និងមិនដែលខ្វល់នឹងការឈឺចាប់របស់អ្នកណាឡើយ»។
ទោះជាយ៉ាងនេះក៏ដោយ ម្តងហើយម្តងទៀត យុទ្ធសាស្ត្រ រំកិលដ៏ចាស់គំរឹលនៅតែត្រូវបានលោក សម រង្ស៊ី យកមកប្រើដើម្បីបោកប្រាស់ និងរំលោភសេចក្តីទុកចិត្តរបស់សកម្មជននិងអ្នកគាំទ្ររបស់ខ្លួនឥតកែប្រែ។
ឥឡូវនេះដល់ពេលដែលលោក សម រង្ស៊ី ទទួលផលកម្មតាមលំនាំ «ភូតច្រើន ចាញ់អាត្មា» ហើយ។ សកម្មជននិងអ្នកគាំទ្រ សម រង្ស៊ី ច្រើនលើសលប់បាន ដកសេចក្តីទុកចិត្តស្ទើរទាំងស្រុង ពីព្រោះតែពាក្យសន្យាអត់ន័យដែលធ្វើឲ្យពួកគេខ្មាសគេជំនួសលោកប្រធាន។ អ្នកនៅក្នុងស្រុកជាពិសេសនៅតាមទីប្រជុំជន ហាងកាហ្វេ។ល។ អស់សង្ឃឹមនឹងពាក្យភូតកុហកជាបន្តបន្ទាប់ ហើយលែងហ៊ានដាក់លុយភ្នាល់រឿងលោក សម រង្ស៊ី ចូលស្រុកវីញ ព្រោះធ្លាប់ចាញ់ឡើងល្ងិតមុខអស់ជាច្រើនលើកច្រើនសារ ហើយរីឯអ្នកនៅក្រៅស្រុកក៏កាន់តែបាត់ជំនឿ ហើយក៏ឈប់ផ្តល់ស្រោមសំបុត្រដើម្បីផ្តល់ដង្ហើមនយោបាយដល់លោក សម រង្ស៊ី ទៀតដែរ។
ខ្ញុំអាចវាយតំលៃបានថា ពេលនេះលោក សម រង្ស៊ី កំពុងស្ថិត នៅក្នុងស្ថានភាព «ប្រាក់ក៏បង់ ថង់ក៏ដាច» ពោលគឺគាត់ប្រមូលលុយមិនសូវបានដូចមុនទៀតទេ ហើយជីវិតនយោបាយក៏បានដើរដល់ផ្លូវទាល់គ្មានច្រកចេញដែរ។ មន្ត្រីនិងសកម្មជននៃអតីតបក្សប្រឆាំងជាច្រើន កំពុងប្រមូលផ្តុំគ្នាត្រៀមបង្កើតបក្សនយោបាយថ្មី ដោយផាត់ចោលទាំងស្រុងតួនាទីរបស់លោក សម រង្ស៊ី។ ម៉្យាងវីញទៀតឆ្នាំនេះ សម រង្ស៊ី ក៏មានអាយុ ៧០ ចូល ៧១ឆ្នាំហើយ គឺជាអាយុចាស់ជ្រុលហ៊ុមព័ទ្ធ ដោយជំងឺប្រចាំខ្លួន ដែលមិនអនុគ្រោះក្នុងការធ្វើជាតំណាងឲ្យក្រុមប្រឆាំង ហើយក៏ជាអាយុមិនអាចទ្រាំអត់ធ្មត់ធ្វើការតស៊ូនយោបាយពីក្នុងគុកនោះបានដែរ។
ដូច្នេះខ្ញុំយល់ថា ផ្លូវមានតែមួយគត់សម្រាប់ សម រង្ស៊ី ដើម្បីចាកចេញពីឆាកនយោបាយដោយមិនចាំបាច់ឲ្យគេផាត់ចោលទាន់ គឺការប្រកាសលើកទង់ស ហើយលាចាកពីពិភពនយោបាយដោយខ្លួនឯង ព្រោះផែនការរំកិលដែលជាល្បិចចាស់គំរឹល ដើម្បីពន្យារពេលការបោកប្រាស់ដូចដែលគាត់ធ្លាប់ប្រើកន្លងទៅ វាបាន
សាបរលាប និងគ្មានប្រសិទ្ធភាពទៀតទេ នៅក្នុងស្ថានភាពដែលផ្ទៃក្នុងក្រុមប្រឆាំងកំពុងប្រះឆារយ៉ាងធ្ងន់ធ្ងរបែបនេះ។
តាមពិតលោក សម រង្ស៊ី គួរតែដកខ្លួនចេញពីពិភពនយោបាយតាំងពីក្រោយការប្រកាសលាចេញពីតំណែងប្រធានបក្សមកម៉្លេះពីព្រោះ ពេលនោះហើយដែលគ្រប់គ្នាបានមើលឃើញយ៉ាងច្បាស់ពីភាពកម្សោយរបស់ សម រង្ស៊ី។ ប៉ុន្តែដោយគាត់ជាអ្នកនយោបាយដែលស្គាល់តែបរាជ័យហើយមិនដែលមាន សេចក្តីក្លាហានក្នុងការទទួលស្គាល់ចំណុចខ្សោយរបស់ខ្លួនឡើយ សម រង្ស៊ី ក៏នៅតែបន្តប្រើឧបាយកលចាស ល្បិចកលថ្មីៗ ដើម្បីវិលមកដណ្តើមអំណាច
ក្នុងបក្សវិញ។ ប៉ុន្តែរហូតមកដល់ពេលនេះ ខ្ញុំមើលមិនឃើញសញ្ញាណា រឺ ពន្លឺណាមួយ សូម្បីតែបន្តិចដែលបង្ហាញថា សម រង្ស៊ី អាច រឺហ៊ានវិលចូលស្រុកវិញនោះឡើយ ព្រោះអាជ្ញាធរមានសម្ថកិច្ចបានបញ្ជាក់ពីជំហរ ហ្មឺងម៉ាត់ដាច់ខាតក្នុងការចាប់ខ្លួនគាត់តាមដីការបញ្ជារបស់តុលាការ។ ប៉ុន្តែការហ៊ានចូលមកជាប់គុកនេះគឺពិតជាជម្រើស ដែលគ្មានអ្នកណាជឿថា សម រង្ស៊ី អាចហ៊ាននោះទេ ពីព្រោះគ្រប់គ្នាសុទ្ធតែបានស្គាល់ច្បាស់ដូចក្រយៅដៃនូវចរិត និងសារជាតិរបស់ សម រង្ស៊ី ដែលជាមនុស្សពូកែតែនិយាយ តែមិនពូកែធ្វើដូចមាត់នោះឡើយ។
ដោយ៖ អ្នកតាមដាននយោបាយតុកាហ្វេ