(ភ្នំពេញ)៖ លោកស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីពិភាក្សាគ្នា បន្តស្វែងរក និងការពារផលប្រយោជន៍ដល់ស្រ្តី កុមារ និងក្រុមមនុស្សងាយរងគ្រោះ ទៅលើរបៀបវារៈចំនួន៣។ កិច្ចប្រជុំនេះ រៀបចំធ្វើឡើងនៅវិមានរដ្ឋសភា។
របៀបវារៈចំនួន៣ ខាងលើនេះ រួមមាន៖ ១៖ អំពីសេចក្តីសម្រចស្តីពីតួនាទី និងភារកិច្ចរបស់ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី, ២៖ អំពីផែនការសកម្មភាព និងទិសដៅបន្តរបស់ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តី, ៣៖ ការចូលរួមមតិយោបល់ របស់សមាជិកាក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្ត្រី។
លោកស្រី ឃួន សុដារី បានថ្លែងក្នុងអង្គប្រជុំថា «ក្នុងនាមយើងជាសមាជិកសភាស្រ្តី យើងត្រូវតែធ្វើការងារគាំទ្រទាំងឡាយណា ដែលការពារផលប្រយោជន៍ដល់ស្រ្តី កុមារ និងក្រុមមនុស្សងាយរងគ្រោះ ព្រោះថា ការលើកកម្ពស់សមភាពយេនឌ័រ មានន័យថា ទាំងបុរស និងស្រ្តី គឺមានសិទ្ធិស្មើគ្នា មានឱកាសដូចគ្នា និងកាតព្វកិច្ចរួមគ្នា»។
លោកស្រីបន្ដថា «ប្រទេសមួយ មានរីកចម្រើន ផ្តើមចេញពីគ្រប់កោសិកាសង្គម ដែលនោះ គឺជាចូលរួមរបស់ប្រជាពលរដ្ឋ នូវគ្រប់កម្រិតដោយមិនប្រកាន់ពីពូជសាសន៍ ពណ៌សម្បុរ ភេទ អាយុ ស្ថានភាព និងនិន្នាការនយោបាយ»។
ជាមួយគ្នានេះ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានគូសរំលេចអំពីកិច្ចប្រឹងប្រឹង និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងការឈានទៅសម្រេចបាន នូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព នៃរបៀបវារៈឆ្នាំ ២០៣០ «គ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល» តាមរយៈការជំរុញអនុវត្តនូវគោលនយោបាយអភិវឌ្ឍន៍ជាគន្លឹះចំនួន ៣ គឺ៖
១៖ ការដាក់ចេញនូវក្របខណ្ឌគោលនយោបាយគាំពារសង្គម ដើម្បីបង្កើតផែនការយុទ្ធសាស្រ្តក្នុងការធានាឲ្យមានសុវត្ថិភាពប្រាក់ចំណូល និងកាត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងបង្កើនសុខុមាលភាពរបស់ប្រជាជន និងពង្រឹងសាមគ្គីភាពក្នុងសង្គម។
២៖ ការផ្តល់សេវាថែទាំសុខភាព ដែលមានគុណភាព និងមានតម្លៃសមរម្យ តាមរយៈមូលនិធិសមធម៌សុខាភិបាល ដែលបានផ្តល់សេវាថែទាំសុខភាពដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រ ព្រមទាំងការផ្តល់នូវជំនួយឧបត្ថម្ភជាសាច់ប្រាក់ដល់ស្រ្តីសម្រាលកូន ក៏ដូចជាដល់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ នៃគ្រួសារក្រីក្រ។
៣៖ ការដាក់ចេញនូវគោលនយោបាយជាតិ ស្តីពីមនុស្សវ័យចាស់ ដែលសម្តៅគាំទ្រ និងដោះស្រាយបញ្ហារបស់មនុស្សវ័យចាស់។
បន្ថែមក្នុងអង្គប្រជុំ លោកស្រី បានគូសបញ្ជាក់អំពីសកម្មភាព ការងាររបស់សមាជិកសភាជាស្រ្តី នៅលើឆាកអន្តរជាតិ ជាពិសេស កាលពីដើមឆ្នាំ ២០១៩ នេះ សភាកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត សម្រាប់កិច្ចប្រជុំសមាជិកសភាស្រ្តី នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ ហៅកាត់ថា (APPF-27)។ នេះសរបញ្ជាក់អំពីការគោរព និងផ្តល់ភាពអង់អាច និងតម្លៃដល់ស្រ្តី ក្នុងការចូលរួមលើវេទិកាអន្តរជាតិ។
លោកស្រីបន្ដទៀតថា ក្រោយមកទៀត សមាជិកសភាស្រ្តីនីមួយៗ ក៏ត្រូវបានអញ្ជើញឲ្យចូលរួម ក្នុងវេទិកាអន្តរជាតិផ្សេងទៀត មានដូចជា៖
* សន្និសីទពិភពលោកនៃសមាជិកសភាស្រ្តីនៅទីក្រុងឡុង ចក្រភពអង់គ្លេស
* កិច្ចប្រជុំគណៈ កម្មាធិការអចិន្រ្តៃយ៍ នៃសភានិយាយភាសាបារាំង នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្សិក នៅដើមខែ កុម្ភៈ ឆ្នាំ២០១៩
* កិច្ចប្រជុំពិភពលោកឆ្នាំ ២០១៩ នៅទីក្រុង សេអ៊ូល សាធារណរដ្ឋកូរ៉េ ដែលមានប្រធានបទស្តីពី «សន្តិភាពសន្តិសុខ និងការអភិវឌ្ឍធនធានមនុស្ស»
* កិច្ចប្រជុំរវាងអាស៊ាន និងអន្តរសភាអាស៊ាន (អាយប៉ា) (ASEAN-AIPA Interface) កាលពីចុងខែ មិថុនា កន្លងទៅ
* កិច្ចប្រជុំកំពូលអ្នកនយោបាយស្រ្តីឆ្នាំ ២០១៩ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលមានប្រធានបទស្តីពី «ការធ្វើសកម្មភាពដើម្បីអភិវឌ្ឍសង្គមតាមរយៈ SDGs» កាលពីចុងខែ មិថុនា ឆ្នាំ២០១៩ កន្លងទៅផងដែរ។
នាឱកាសនោះ លោកស្រីកិត្តិសង្គហបណ្ឌិត បានធ្វើការលើកទឹកចិត្ត កោតសរសើរនិងវាយតម្លៃខ្ពស់ ដល់សមាជិកសភាជាស្រ្តី ដែលបានលះបង់កម្លាំងកាយចិត្ត និងពេលវេលា ដោយបានដើរតួនាទីពីរ ក្នុងពេលតែមួយ គឺជាសមាជិកនៃគណៈកម្មការជំនាញរដ្ឋសភាផង និងជាសមាជិកនៃក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយសភាស្រ្តីផង ដើម្បីសម្រេចគោលដៅរួមសម្រាប់ជាប្រយោជន៍ ដល់ប្រជាពលរដ្ឋកម្ពុជា ដោយបានធ្វើការសន្សសំចៃថវិកា ក្នុងការបំពេញការងារប្រកបដោយគណនេយ្យភាព និងតម្លាភាព។
លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី ក៏បានថ្លែងអំណរគុណដល់សមាជិក សមាជិកានៃអង្គប្រជុំទាំងអស់ ដែលបានលើកឡើងនូវមតិយោបល់ល្អៗ សម្រាប់ការទិសដៅ និងការអនុវត្តការងារ នាពេលខាងមុខ៕