(កំពង់ធំ)៖ បន្ទាប់ពីបានអញ្ជើញជាអធិបតីប្រគល់គោ និងពពែ សរុបប្រមាណជិត១៣០០ក្បាល នៅឯខេត្តត្បូងឃ្មុំ, នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា បានបន្តប្រកាសផ្តល់ជូនគោគូរប៉ាន ចំនួន៣០០ក្បាលបន្ថែមទៀត នៅភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ សម្រាប់ផ្តល់ជូនសាច់ទៅដល់ប្រជាពលរដ្ឋខ្មែរឥស្លាម ដែលទទួលទានក្នុងពិធីបុណ្យរ៉យ៉ាហាជ្ជីនៅរាជធានី-ខេត្ត ចំនួន១៩ទូទាំងប្រទេស។
អំណោយទាំងនេះ ជាជំនួយសប្បុរសជនតួកគី តាមរយៈអង្គការ Turkiye Diyanet Foundation (TDV) ប្រទេសតួកគី សហការជាមួយអង្គការមូលនិធិ អភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF)។
ក្នុងពិធីសំណេះសំណាល ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណដល់អង្គការ Turkiye Diyanet Foundation (TDV) ប្រទេសតួកគី ដែលបានធ្វើដំណើររាប់ពាន់គីឡូម៉ែត្រ ដើម្បីនាំយកអំណោយផ្សេងៗ ជូនដល់ប្រជាសហគមន៍ឥស្លាម នៃប្រទេសកម្ពុជា សកម្មភាពទាំងនេះបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ អំពីតម្លៃនៃការចែករំលែក ក្នុងនាមភាតរភាពឥស្លាម ក៏ដូចជាក្នុងនាមមនុស្សជាតិទូទាំងពិភពលោក។
ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានបញ្ជាក់ថា យើងក៏មិនត្រូវភ្លេចគោរពដឹងគុណ ចំពោះគុណបំណាច់ដ៏ធំធេងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ដោះស្រាយ រាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាសហគមន៍ខ្មែរឥស្លាម ដែលតែងមានសម្តេចតេជោ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅជាទីកក់ក្តៅ និងសេចក្តីសង្ឃឹមជាដរាបតរៀងមក។
បន្ទាប់ពីបានរៀបរាប់អំពីសមិទ្ធផលជាច្រើនមហិមា ដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់ ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ក៏បានសង្កត់ធ្ងន់អំពីសមិទ្ធផលមួយទៀត ដែលសំខាន់បំផុតនោះ គឺកត្តាសុខសន្តិភាព និងសុខដុមបនីយកម្ម បើគ្មានការដឹកនាំដោយអនុវត្ត បានជោគជ័យនូវកត្តានេះទេ ម្លេះយើងក៏មិនបានទទួលនូវអ្វីៗ គ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះឡើយ។
នៅក្នុងឱកាសនោះផងដែរ លោក អូស្មាន ហាស្សាន់ ក៏បានផ្ដាំផ្ញើដល់យុវជនជំនាន់ក្រោយដែលត្រូវបន្តវេន សូមបន្តរក្សាសាមគ្គីភាព ភាតរភាព និងចូលរួមផ្សារភ្ជាប់ទំនាក់ទំនងរវាងយុវជន និងយុវជន ដើម្បីបន្តកសាងសហគមន៍ ក៏ដូចជាប្រទេសជាតិទាំងមូល ជាពិសេសដើម្បីរក្សា ការពារសុខសន្តិភាពដែលមានស្រាប់ឲ្យបានឋិតថេរចីរកាល។
គួរបញ្ជាក់ថា នេះជាឆ្នាំទី៧ហើយ ដែលអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានសហការជាមួយអង្គការ Turkiye Diyanet Foundation (TDV) ប្រទេសតួកគី ហើយបានចុះកិច្ចព្រមព្រាងអនុស្សារណៈយោគយល់គ្នា ដើម្បីអនុត្តគម្រោងមនុស្សធម៌២សំខាន់ គឺការផ្តល់កញ្ចប់អាហារទទួលទានស្រាយបួសរ៉ាម៉ាឌន និងការឧបត្ថម្ភគោ ដើម្បីចែកសាច់ជូនប្រជាសហគមន៍ ក្នុងពិធីបុណ្យរ៉ាម៉ាហាជាជី (Eid Adha) ហើយសរុបចំនួនគោ ដែលទទួលបានមកដល់ពេលនេះ មានចំនួន១៧០៨ក្បាល៕