(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំការប្រកួតប្រជែងមហោស្រព ភាពយន្ដជាតិលើកទី៦ រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៥-២៩ ខែសីហា ឆ្នាំ២០១៩ ដើម្បីយកស្នាដៃភាពយន្ដរបស់ ម្ចាស់ស្នាដៃផលិតករខ្មែរ ទៅប្រកួតប្រជែង និងលើកកម្ពស់សមត្ថភាព ក្នុងការផលិតស្នាដៃភាពយន្ដ ហើយក្នុងឆ្នាំនេះរំពឹងថា នឹងមានការចូលរួមយកស្នាដៃភាពយន្ដ ទៅប្រកួតប្រជែងច្រើន។
មហោស្រពភាពយន្ដ ជាព្រឹត្តិការណ៍ នៃការប្រមូលផ្ដុំស្នាដៃភាពយន្ដខ្មែរ ដែលទទួលបានការគាំទ្រពី សំណាក់មហាជនកន្លងមក មកប្រកួតប្រជែងដណ្ដើមជ័យលាភី និងពាន់រង្វាន់។ នេះជាលើកទី៦ហើយដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំព្រឹត្តិការណ៍នេះឡើយ។
ជាក់ស្ដែងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ មហោស្រពភាពយន្ដជាតិ បានរៀបចំសន្និសីទ សារព័ត៌មានមួយស្ដីពី «ការរៀបចំមហោស្រពភាពយន្ដជាតិលើកទី៦ ក្រោមប្រធានបទ រួមគ្នាដើម្បីលើស្ទួយភាពយន្ដខ្មែរ» ដោយមានការចូលរួមពីលោក ស៊ិន ចន្ទសាយ៉ា ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ដ និងសិល្បៈ និងផលិតករជាច្រើនរូបទៀត។
លោក ប៉ុក បូរក្សា ឲ្យដឹងថា សម្រាប់ការប្រកួតប្រជែង មហោស្រពភាពយន្ដជាតិលើកទី៦នេះ តម្រូវឲ្យគ្រប់ស្នាដៃភាពយន្ដត្រូវផ្ដោតលើខ្លឹមសារដូចជា៖
១៖ អប់រំ និងផ្សព្វផ្សាយចំណេះដឹងអំពីវប្បធម៌ ទំនៀមទំលាប់ ប្រពៃណីជាតិ។
២៖ លើស្ទួយវប្បធម៌សន្ដិភាព ពង្រឹងសាមគ្គីភាព និងឯកភាពជាតិ។
៣៖ បង្កើតភាពច្នៃប្រឌិត ឬឆ្លុះបញ្ចាំងពីតថភាពសង្គម។
លោកបន្ដថា «សម្រាប់ស្នាដៃភាពយន្ដទាំងអស់ដែលប្រកួតប្រជែង ត្រូវគោលរពតាមលក្ខណ្ឌដូចជា៖ ជាស្នាដៃភាពយន្ដខ្មែរ ផលិតដោយផលិកម្មក្នុងស្រុក និងទទួលបានទិដ្ឋាការបញ្ចាំង ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ជាស្នាដៃភាពយន្ដខ្មែរផលិត ក្នុងអំឡុងឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ និងមិនធ្លាប់ចូលរួមប្រកួតប្រជែង ក្នុងមហោស្រពជាតិកន្លងមក»។
លោកបញ្ជាក់ថា មហោស្រពភាពយន្ដរៀបចំឡើង មិនត្រឹមតែប្រកួតប្រជែងស្នាដៃទេប៉ុណ្ណោះទេ តែជាការផ្ដល់នូវកាលានុវត្តភាពល្អៗ ដល់ផលិតករ និងអ្នកបច្ចេកទេសជំនាញភាពយន្ដទាំងអស់ មកពីគ្រប់ផលិតកម្ម ដើម្បីដកស្រង់បទពិសោធន៍ពី គ្នាទៅវិញទៅមកក្នុងការកែលម្អ និងពង្រឹងគុណភាពស្នាដៃភាពយន្ដរបស់ខ្លួន ដើម្បីបំពេញតម្រូវការទីផ្សារភាពយន្ដក្នុងស្រុក និងឈានទៅប្រកួតប្រជែងលើទីផ្សារក្នុងតំបន់។
លោក ស៊ិន ចន្ទសាយ៉ា បានឲ្យដឹងថា មហោស្រពភាពយន្ដមានគោលដៅរួមគ្នា លើស្ទួយវិស័យភាពយន្ដនៅកម្ពុជា ទាំងផលិតករ ទាំងវិស័យរដ្ឋ ព្រមទាំងវិស័យឯកជន និងចង់ទាញអារម្មណ៍ឲ្យគ្រប់មជ្ឈដ្ឋានទាំងអស់ ចូលរួមក្នុងព្រឹត្តិការនេះ ដើម្បីជំរុញវិស័យភាពយន្ដរបស់យើង ឲ្យកាន់តែរប្រសើរឡើង។
លោកបន្ដថា គ្រប់ស្នាដៃភាពយន្ដទាំងអស់ ដែលបានចូលរួមប្រកួតប្រជែង និងត្រូវពិនិត្យវាយតម្លៃ វិនិច្ឆ័យដោយផ្អែកលើស្នាដៃឯកទេសសំខាន់ៗមាន៨រួមមាន៖
១៖ ស្នាដៃអត្ថបទនិពន្ធភាពយន្ដ, ២៖ ស្នាដៃដឹកនាំរឿង, ៣៖ ស្នាដៃថត, ៤៖ស្នាដៃសម្ដែង, ៥៖ ស្នាដៃតុបតែងឆាក, ៦៖ ស្នាដៃបច្ចេកទេសពន្លឺ, ៧៖ ស្នាដៃដំឡើងរូបភាព និងទី៨៖ ស្នាដៃផ្គុំសំឡេង។
លោកបន្ដថា ស្នាដៃទាំង៨ខាងលើនេះត្រូវជ្រើសរើសជា២ដំណាក់កាលបន្ថែមរួមមាន៖ ពិនិត្យជម្រុះយកស្នាដៃភាពយន្ដឆ្នើម៨រឿង សម្រាប់ចូលរួមប្រកួតផ្ដាច់ព្រ័ត្រ ដណ្ដើមពានរង្វាន់មហោស្រព, ស្នាដៃភាពយន្ដដែលបានជ្រើសរើសក្នុងដំណាក់កាលទី១ នឹងត្រូវពិនិត្យវាយតម្លៃយកជ័យលាភី របស់មហោស្រពភាពយន្ដជាតិលើកទី៦ ឆ្នាំ២០១៩។
សូមបញ្ជាក់ថា ពានរង្វាន់ និងជ័យលាភីសរុបមាន១៣ ក្នុងនោះ១សម្រាប់ស្នាដៃភាពយន្ដល្អផ្ដាច់គេ (Best Film Award) និងពានរង្វាន់បុគ្គល១១ផ្សេងទៀត សម្រាប់បុគ្គជនជាតិខ្មែរមានស្នាដៃល្អឆ្នើម និង១ទៀតសម្រាប់ស្នាដៃភាពយន្ដទទួលបាន ការគាំទ្រច្រើនពីទស្សនជន៕