(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា នឹងរៀបចំកម្មវិធីប្រកួតប្រជែងបុគ្គលិក កម្មករនិយោជិតឆ្នើមឆ្នាំ២០១៩ ដើម្បីជំរុញការយល់ដឹង និងលើកកម្ពស់ផលិតភាពនៅកម្ពុជា ព្រមទាំងចូលរួមអបអរកម្មវិធីពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តទៅ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាថ្ងៃទី០២-០៣ វិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះ។
ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលមានបំណងចូលរួមសូមបញ្ជូនឈ្មោះ និងប្រវត្តិរូបសង្ខេបរបស់បុគ្គលិក កម្មកររបស់ខ្លួនមកកាន់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬសមាគមរោងចក្រកាត់ដេរ នៅកម្ពុជាដើម្បីចូលរួមប្រកួតប្រជែង ដោយចាប់ទទួលពាក្យពីថ្ងៃទី០១ ខែសីហា រហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩។
ការប្រកួតប្រជែង បុគ្គលិក កម្មករនិយោជិតឆ្នើមនេះ មានមុខតំណែងចំនួន ៥ប្រភេទ ដូចជា៖
*ទី១៖ អ្នកគ្រប់គ្រង
*ទី២៖ មេកាបុគ្គលិកជាន់ខ្ពស់
*ទី៣៖ ប្រធានក្រុម
*ទី៤៖ អ្នកដេរ ឬបុគ្គលិកការិយាល័យ
*ទី៥៖ បុគ្គលិក ឬកម្មករទូទៅ (អ្នកបើកឡាន អ្នកថែសួន អ្នកសម្អាត...)។ អត្ថប្រយោជន៍អ្នកដែលជាប់ជ័យលាភីទាំងអស់ នឹងទទួលបានវិញ្ញាបនបត្របុគ្គលិក កម្មករបុគ្គលិកឆ្នើមពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដូចខាងក្រោម៖
*ជ័យលាភីលេខ១ ទទួលបានប្រាក់៣០០ដុល្លារ និងប័ណ្ណតម្លៃ៥០០ដុល្លារ សម្រាប់វគ្គបណ្តុះបណ្តាលនៅវិទ្យាស្ថាន CGTI
*ជ័យលាភីលេខ២ ទទួលបានប្រាក់២០០ដុល្លារ និងប័ណ្ណតម្លៃ៥០០ដុល្លារ សម្រាប់វគ្គបណ្តុះបណ្តាលនៅវិទ្យាស្ថាន CGTI
*ជ័យលាភីលេខ៣ ទទួលបានប្រាក់១០០ដុល្លារ និងប័ណ្ណតម្លៃ៥០០ដុល្លារ សម្រាប់វគ្គបណ្តុះបណ្តាលនៅវិទ្យាស្ថាន CGTI
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងៈ ទីភ្នាក់ងារជាតិមុខរបរ និងការងារៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អគារលេខ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ Tel: ០១៧ ៤៦៧ ៤២៣ / ០១៧ ៩៨៥ ៧៩៥ / ០១៥ ៨៨៨ ១៥៣៕