(សៀមរាប)៖ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគោលការណ៍ណែនាំជាតិស្តីពី «ការគាំទ្រលើការបណ្តុះបណ្តាលវិជ្ជាជីវៈមុខរបរ និងការងារសម្រាប់ជនមានពិការភាព នៅកម្ពុជា»។

មន្រ្តីជាន់ខ្ពស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា កន្លងមកនេះ ក៏ដូចជាបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា តែងបានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់លើបងប្អូនជនពិការឲ្យមានជំនាញ មុខរបរ និងការងារ សមរម្យ ដើម្បីកាត់បន្ថយភាពក្រីក្រ ព្រមទាំងបង្កើនការយកចិត្ត ទុកដាក់គិតគូរ អំពីផលប្រយោជន៍ និងការលើកតម្កើងជីវភាពរស់នៅ របស់ជនពិការ ឲ្យបានសមរម្យ ស្របតាមសេដ្ឋកិច្ចជាតិ ព្រមទាំងបានបំផុសលើកទឹកចិត្តដល់ពលរដ្ឋ សប្បុរសជន ផ្នែកឯកជន និងអង្គការសង្គមស៊ីវិលនានា ឲ្យចូលរួមឧបត្ថម្ភគាំទ្រនិងលើកទឹកចិត្តដល់ជនពិការផងដែរ។

លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចូលរួមក្នុងសិក្ខាសាលា «ពិគ្រោះយោបល់លើកទី២ លើគោលការណ៍ណែនាំជាតិ ស្តីពីការគាំទ្រលើការបណ្តុះបណ្តាលវិជ្ជាជីវៈមុខរបរ និងការងារសម្រាប់ជនមានពិការភាព នៅក្នុងប្រទេសកម្ពុជា» ដែលរៀបចំធ្វើនៅខេត្តសៀមរាប នៅថ្ងៃទី១២-១៣ ខែសីហា ឆ្នាំ២០១៩។

លោក ញ៉ឹក វណ្ណារ៉ា បានឲ្យដឹងថា សិក្ខាសាលានេះ ធ្វើឡើងជាលើកទី២ហើយ ក្នុងគោលបំណងប្រមូលធាតុចូលបន្ថែមទៅក្នុងគោលការណ៍អនុវត្តថ្នាក់ជាតិ ស្តីពីការគាំទ្រលើការ បណ្តុះបណ្តាលវិជ្ជាជីវៈ មុខរបរ និងការងារសម្រាប់ជនមានពិការភាព នៅក្នុងប្រទេសកម្ពុជា, ជំរុញការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលចំពោះជនពិការ, ផ្តល់ឱកាសការងារ លើកទឹកចិត្តដល់ជនពិការ ដែលមានលក្ខណៈសម្បត្តិ និងមានសមត្ថ-ភាពនូវមុខងារ តួនាទី និងការទទួលខុសត្រូវក្នុងមុខតំណែង ចូលបម្រើការងារ, លើកកម្ពស់សេចក្តីថ្លៃថ្នូរ សុខុមាលភាព និងសិទ្ធិរបស់ជនពិការកម្ពុជា តាមរយៈការទទួលស្គាល់សមត្ថភាពជនពិការ ប្រសើរជាងមើលឃើញតែពិការភាពរបស់ជនពិការ, ចូលរួមបំពេញនូវកាតព្វកិច្ចជាហត្ថលេខីនៃអនុសញ្ញា និងកតិកាសញ្ញាដែលទាក់ទងសិទ្ធិមនុស្ស និងសិទ្ធិជនពិការ។

លោកបានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យពិការភាព ជាវិស័យអាទិភាព នៅក្នុងវិស័យអាទិភាពធំៗដទៃទៀត ដោយបានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ ការពង្រឹងការអនុវត្តច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ ការជំរុញកិច្ចការពារ លើកកម្ពស់សិទ្ធិនិងសុខុមាលភាពជនពិការស្របតាមអនុសញ្ញារបស់អង្គការ សហប្រជាជាតិស្តីពីសិទ្ធិជនពិការ។

ឆ្លៀតក្នុងឱកាសនោះ លោក ញ៉ឹក វណ្ណារ៉ា បានផ្តល់នូវអនុសាសន៍មួយ ចំនួនរួមមាន៖

*ទី១៖ បន្តជំរុញការអនុវត្ដអនុសញ្ញាអន្តរជាតិនានា ដែលកម្ពុជាបានផ្តល់សច្ចាប័នរួច ឲ្យទទួលបានលទ្ធផលល្អប្រសើរ
*ទី២៖ បន្តជំរុញការអនុវត្ដច្បាប់ស្ដីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការនិងលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីប្រែក្លាយពីឯកសារដែលមានលើក្រដាស ឲ្យទៅជាសកម្មភាពជាក់ស្តែងដើម្បីជួយបងប្អូនជនពិការ
*ទី៣៖ បន្តជំរុញរៀបចំកសាងធនធានមនុស្ស ជាពិសេសគ្រូបង្រៀន ឲ្យមានសមត្ថភាពក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់ជនមានពិការភាព
*ទី៤៖ បន្តជំរុញក្រសួង ស្ថាប័ននិងផ្នែកឯកជនឲ្យទទួលជនពិការចូលបម្រើការងារតាមអត្រាកំណត់ដូចមានចែងក្នុងអនុក្រឹត្យស្តីពីការជ្រើសរើសជនពិការ ចូលបម្រើការងារ ដែលមាន២%សម្រាប់ស្ថាប័នសាធារណៈ និង១%សម្រាប់ផ្នែកឯកជន។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ សុខុមាលភាពរបស់ជនពិការ ត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន ជាក់ស្តែងនៅក្នុងឆ្នាំ២០១៨ ជនពិការចូលបម្រើការងារ ក្នុងក្រសួងស្ថាប័នរដ្ឋ ចំនួន៤០ មានជនពិការចំនួន ២,៨៣៩នាក់ ក្នុងនោះស្រ្តីពិការចំនួន ៧៣០នាក់ និងជនពិការកម្រិតធ្ងន់ ចំនួន១,៤៧៨នាក់ ស្មើនឹង៤,៤៧១នាក់ បើគិតជាភាគរយ ១,៩៣%៕