(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំត្រៀម និងបែងចែកភារកិច្ច ក្នុងផែនការការពាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងកម្មវិធីប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និងប្រជុំពង្រឹងលើការងារជំនាញ និងទិសដៅអនុវត្តបន្ត។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោក លោកស្រី ស្នងការរង លោក លោកស្រីនាយការិយាល័យ លោកអធិការនគរបាលស្រុក-ក្រុង ទាំង១០។
ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឯម កុសល បានណែនាំដល់កម្លាំងនគរបាលទាំងអស់ ត្រូវធ្វើយ៉ាងណារក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ សម័យប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះឲ្យបានជោគជ័យ ស្របតាមការណែនាំរបស់ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
គួរជម្រាបថា អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានបញ្ជាក់ទៀតថា សម្រាប់ការការពារសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ អាជ្ញាធរនឹងប្រើប្រាស់តែកងកម្លាំងនគរបាលជាតិ និងកងរាជអាវុធហត្ថ រីឯកម្លាំងយោធា គ្រាន់តែត្រៀមសម្រាប់អន្តរាគមន៍ ក្នុងករណីមានបញ្ហាចាំបាច់កើតឡើង។
នាយឧត្តមសេនីយ៍ នេត សាវឿន បន្តថាស្នងការរាជធានី-ខេត្ត ដែលមានក្រុមហ៊ុនសន្តិសុខឯកជន ត្រូវរៀបចំកម្លាំងសន្តិសុខឯកជន និងប្រជាការពារ ដើម្បីជាកម្លាំងជំនួយផងដែរ ក្នុងករណីកម្លាំងមិនគ្រប់គ្រាន់ ហើយសម្រាប់កិច្ចការពារនេះ កម្លាំងសមត្ថកិច្ចទាំងអស់ មានភារកិច្ចការពារតែនៅខាងក្រៅបរិវេណ មណ្ឌលប្រឡងតែប៉ុណ្ណោះ ប៉ុន្តែកម្លាំងអាចចូលក្នុងបរិវេណមណ្ឌលប្រឡងបាននោះ លុះត្រាមានការហៅជួយអន្តរាគមន៍ពីប្រធានមណ្ឌលក្នុង ករណីមានការចាំបាច់៕