(កំពង់ចាម)៖ នៅក្នុងពិធីចាក់ថ្នាំវ៉ាក់សាំងសត្វគោ ក្របី ដើម្បីការពារពីជំងឺផ្សេងៗ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ នៅក្នុងភូមិទី៣ ឃុំកោះសំរោង ស្រុកកំពង់សៀម ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា បើទោះជាសម័យបច្ចុប្បន្ននេះ សំបូរទៅដោយគ្រឿងចក្រផ្សេងៗច្រើនក៏ដោយ ប៉ុន្តែសត្វគោ ក្របី នៅតែជាកម្លាំងអូសទាញយ៉ាងសំខាន់ សម្រាប់ប្រជាកសិករ ប្រកបមុខរបរកសិកម្មនៅក្នុងខេត្តកំពង់ចាម ។
លោក អ៊ុន ចាន់ដា បានថ្លែងបន្តថា ដោយសារតែសត្វគោក្របី នៅតែមានសារៈសំខាន់សម្រាប់ប្រកបមុខរបរកសិកម្ម របស់បងប្អូនប្រជាពលរដ្ឋ ទើបអាជ្ញាធរខេត្តកំពង់ចាម រួមជាមួយមន្ទីរកសិកម្មខេត្តកំពង់ចាម និងមន្ត្រីជំនាញពេទ្យសត្វ បានរៀបចំពិធីនេះឡើងដើម្បីការពារ និងលើកគុណភាពសុខភាពជីវិតរបស់សត្វ ។
លោកអភិបាលខេត្តកំពង់ចាម បានឱ្យដឹងទៀតថា នៅទូទាំងខេត្តកំពង់ចាមនេះ មានសត្វគោ ក្របី ប្រមាណជាជាង ២៣ម៉ឺនក្បាល ដែលត្រូវចាក់ថ្នាំវ៉ាក់សាំងបង្ការជំងឺ ហើយយុទ្ធនាការនេះដែរ នឹងធ្វើជាបន្តបន្ទាប់ ទៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ តាមដំណាក់កាលនីមួយៗ។ ថ្នាំវ៉ាក់សាំងបង្ការជំងឺសត្វគោក្របីនេះ មិនមែនការពារសម្រាប់តែជំងឺសារទឹកនោះទេ គឺអាចការពារដូចជា ជំងឺអុតក្តាម និងជំងឺបូសខ្យល់ ក៏ដូចជាជម្ងឺផ្សេងៗទៀត ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពសត្វគោក្របីរបស់ប្រជាកសិករ។
លោក អ៊ុន ចាន់ដា បញ្ជាក់ថា បច្ចុប្បន្ននេះជំងឺសត្វបានកើតមានប្លែកៗ ដែលប្រជាពលរដ្ឋយើងមិនបានចាប់អារម្មណ៍ ដោយឡែកខាងមន្ត្រីជំនាញពេទ្យសត្វ បានធ្វើការស្រាវជ្រាវ រកឃើញនូវជំងឺប្លែកៗ ហើយបាននាំមកនូវថ្នាំវ៉ាក់សាំងដើម្បីចាក់ការពារជំងឺ ក្នុងគោលបំណងថែរក្សាការពារ សត្វគោក្របី របស់បងប្អូនប្រជាពលរដ្ឋ កុំឲ្យមានជំងឺកើតឡើង។
លោកអភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់ប្រជាពលរដ្ឋ ប្រសិនបើមានសត្វគោក្របីកើតជំងឺ សូមប្រញាប់រាយការណ៍ទៅអាជ្ញាធរភូមិ ឃុំ ឲ្យបានឆាប់រហ័ស ដើម្បីមានព័ត៌មានដល់មន្ត្រីជំនាញពេទ្យសត្វ ចុះមកចាក់ថ្នាំជួយសង្គ្រោះសត្វគោក្របី ឲ្យបានទាន់ពេលវេលាផងដែរ៕