(អូទ្រីស)៖ លោកស្រី កែវ សុចិន្តា និងលោកស្រី ថន សូផានីទីល ដែលជាទីប្រឹក្សាផែនការជីវិតឆ្នើម របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក ( អេ អាយ អេ ខេមបូឌា ) បានក្លាយជាសមាជិក Court of the Table (COT) ដែលមានកិត្យានុភាពខ្ពស់បំផុតមួយ នៃស្ថាប័ន Million Dollar Round Table ( MDRT )។
ពិធីប្រកាសនេះ បានធ្វើឡើង ក្នុងព្រឹត្តិការណ៌ប្រចាំឆ្នាំ (The President Club) ដែលរៀបចំដោយសម្ព័ន្ធ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ នៅរដ្ឋធានីវីយេន នៃប្រទេសអូទ្រីស ក្នុងគោលបំណង ដើម្បីទទួលអបអរភាពជោគជ័យ របស់ទីប្រឹក្សាផែនការជីវិតរបស់ខ្លួន។
លោក សំរិទ្ធ មុនី ដែលជានាយកទីប្រឹក្សាផែនការជីវិត AIA បានសម្តែងការអបអរសាទរថា «ខ្ញុំមិនអាចរកពាក្យណាមកថ្លែង ពីមោទនភាពដ៏ខ្លាំងក្លារបស់ខ្ញុំ ដែលបានឃើញនូវសមិទ្ធិផលដ៏អស្ចារ្យមួយទៀត របស់ប្រទេសកម្ពុជា ដោយប្រជាជនកម្ពុជា នៅលើឆាកកិត្តិយសនៃព្រឹត្តិការណ៍ The President Club ក្នុងទីក្រុងវីយែននេះ»។
លោកបន្ដទៀតថា «សម្រាប់យើងទាំងអស់គ្នា នេះគឺជាការបង្ហាញពីការតស៊ូ និងភាពវាងវៃ របស់ពួកគេទាំងពីរនាក់នេះ ដែលបានជឿជាក់ និងស្វះស្វែងសម្រេចគោលដៅរបស់ពួកគេ។ ពិតមែនហើយ ពួកគាត់បានមកដល់ទីនេះ ក្នុងថ្ងៃនេះ ហើយខ្ញុំក៏អាចមកទីនេះបាន ដោយសារតែពួកគាត់ដែរ។ ពួកគាត់សម្រេចដោយជោគជ័យ។ សូមអបអរសាទរដល់ពួកគាត់ទាំងពីរ»។
ដើម្បីអាចក្លាយជាសមាជិកលំដាប់ COT ទីប្រឹក្សាផែនការជីវិតទាំងអស់ ចាំបាច់ត្រូវមានផលិតភាពអាជីវកម្មរបស់ខ្លួន ៣ដងខ្ពស់ ជាងលំដាប់ MDRT ដែលនេះ មានន័យថា ស្ត្រីទាំងពីរនាក់នេះ ទទួលបានភាពជោគជ័យ ដ៏គួរឲ្យកត់សម្គាល់ ក្នុងរយៈពេលត្រឹមតែ២ឆ្នាំ បន្ទាប់ពីការសម្ពោធជាផ្លូវការ របស់ អេ អាយ អេ នៅកម្ពុជា។
សមាជិកភាព MDRT ត្រូវបានទទួលស្គាល់ជាអន្តរជាតិថា ជាបទដ្ឋាននៃឧត្តមភាព ក្នុងវិស័យធានារ៉ាប់រងអាយុជីវិត និងសេវាកម្មហិរញ្ញវត្ថុ ហើយត្រូវបានផ្តល់ជូន ដោយផ្អែកលើចំណេះដឹង វិជ្ជាជីវៈដ៏ម៉ត់ចត់ អាកប្បកិរិយា ប្រកប ដោយក្រមសីលធម៌ម៉ឹងម៉ាត់ និងសេវាកម្មអតិថិជនដ៏ល្អឥតខ្ចោះ។
សូមបញ្ជាក់ផងដែរថា អេ អាយ អេ ជាក្រុមហ៊ុនលំដាប់ទី១ លើបញ្ជីសមាជិកភាព MDRT សម្រាប់រយៈពេល៥ឆ្នាំជាប់ៗគ្នា៕