(កំពង់ធំ)៖ ថ្លែងក្នុងពិធីអបអរសាទរខួបលើកទី២០ នៃទិវាអន្តរជាតិសម្រាប់យុវជន ១២ សីហាឆ្នាំ ២០១៩ ក្រោមប្រធានបទ «ការអប់រំដែលនាំឲ្យមានការផ្លាស់ប្ដូរ» នៅព្រឹកថ្ងៃទី១២ សីហា ឆ្នាំ២០១៩នេះ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានលើកឡើងថា ការអប់រំគឺឲ្យមានការផ្លាស់ប្ដូរមានការពង្រឹងសមត្ថភាព ដើម្បីឲ្យក្លាយខ្លួនជាទំពាំងស្នងឬស្សីល្អ ក្នុងការគ្រប់គ្រងប្រទេសជាតិ។

លោក សុខ លូ បានលើកឡើងយ៉ាងដូច្នេះថា «ការអប់រំគឺឲ្យមានការផ្លាស់ប្ដូរពិនិត្យ ដោយមានការពង្រឹងសមត្ថភាព ដើម្បីឲ្យក្លាយខ្លួនជាទំពាំងស្នងឬស្សីល្អ ក្នុងការគ្រប់គ្រងប្រទេសជាតិ»

លោកបន្តថា ការចេញបទការអប់រំ ឲ្យមានការផ្លាស់ប្ដូរនេះ ជួយដើម្បីឲ្យកូនខ្មែរទាំងអស់ បានផ្ដល់នូវការយកចិត្តទុកដាក់ និងរិះរកគ្រប់មធ្យោបាយ ក្នុងការទទួលបាននូវយន្តការ ជ្រើសរើសសម្រាប់កសាង មូលដ្ឋានគ្រឹះនៃការផ្លាស់ប្ដូរ តាមរយៈការគិតពិចារណា ដើម្បីបង្កើតជំនឿចិត្ត ដល់នូវសេចក្តីសង្ឃឹម ដែលជាថាមពលជំរុញរាល់សកម្មភាព និងការទទួលខុសត្រូវ នូវទង្វើដែលខ្លួនបានធ្វើ ចំពោះខ្លួនឯងអ្នកដទៃគ្រួសារ និងសង្គមជាតិ ជាពិសេសគោរពតាមគោលការណ៍ សន្តិវិជ្ជមានពង្រឹងការផ្សព្វផ្សារ ការបង្រួបបង្រួមជាតិអន្តរជាតិ ក្នុងគោលដៅជំរុញឲ្យមានសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ ព្រមទាំងលើកកម្ពស់សេចក្តីថ្លៃថ្នូរ ការប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ សុជីវធម៌ ដែលជាមាគ៌ាមួយ ឆ្ពោះទៅរកការគេចឲ្យផុត ពីអំពើហិង្សា ការកេងប្រវ័ញ្ច ការបំភិតបំភ័យ ការបង្ខិតបង្ខំ ឧក្រឹដ្ឋកម្ម និងប្រពលភាព ហើយសកម្មរូបភាពមួយចំនួនដ៏សំខាន់ គឺពិតជាសូចនាករមួយ ឈានទៅរកការសម្រេច នៃការផ្លាស់ប្ដូរ សំរាប់បុគ្គលគ្រួសារ និងសង្គមជាតិ។

ជាចុងក្រោយលោកបានជំរុញ ដល់យុវជនត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ស្ដាប់លោកគ្រូអ្នកគ្រូ ឪពុកម្ដាយ អាណាព្យាបាល ចាស់ព្រឹទ្ធាចារ្យ នឹងចៀសឆ្ងាយពីគ្រឿងញៀន ព្រមទាំងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីឲ្យប្រទេសជាតិ ចៀសផុតពីការបាត់បង់ជីវិត ដោយគ្រោះថ្នាក់ចរាចរណ៍។

លោក តាន់ ប៊ុនហុង ប្រធានគណៈគ្រប់គ្រងមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំ បានលើកឡើងដែរថា ការខិតខំពង្រឹងក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា គឺជាគ្រឹះស្ថានសិក្សាចំណេះទូទៅ និងជំរុញឲ្យមានសកម្មភាពការងារ ដើម្បីឲ្យគណៈកម្មាធិការប្រតិបត្តិគណៈ កម្មាធិការសាខាអនុសាខា ក្រុមប្រឹក្សាយុវជនកម្ពុជា នៅតាមគ្រឹះស្ថានចំណេះទូទៅ មានរបៀបរបបចេះរៀបចំផែនការ និងដំណើរការសកម្មភាពជាក់ស្ដែង និងនៅតាមសាលារបស់ខ្លួន។

លោកថ្លែងថា សកម្មភាពនេះធ្វើឡើង ដើម្បីលើកទឹកចិត្តយុវជន និងកុមារឲ្យរួមចំណែកក្នុងការអប់រំខ្លួនឯង មានការទទួលខុសត្រូវ នឹងទទួលបានភាពជាអ្នកដឹកនាំ រួមចំណែកលើកកម្ពស់ប្រសិទ្ធ ភាពកុមារ និងយុវជនឱ្យទទួលបានការអប់រំទាំងមូលដ្ឋាន ក្នុងនិងក្រៅប្រព័ន្ធ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា និន្នាការនយោបាយ ដើមកំណើតនិងឋានៈនៅក្នុងសង្គម ព្រមទាំងប្រឆាំងអំពើហិង្សា៕