(រតនគិរី)៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ ទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តរតនគិរី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបន្ដអញ្ជើញចុះចែកអំណោយមនុស្សធម៌ និងសប្បុរសធម៌របស់កាកបាទក្រហមកម្ពុជា ជូនបងប្អូនប្រជាពលរដ្ឋ៥៩៤គ្រួសារ ដែលទទួលរងគ្រោះដោយសារទឹកជំនន់ នៅឃុំសិរីមង្គល ស្រុកកូនមុំ ខេត្តរតនគិរី។
ក្នុងនាមប្រជាពលរដ្ឋរងគ្រោះ ទេសរដ្ឋមន្ត្រី លី ធុជ សូមសម្តែងនូវកតញ្ញូតាធម៌ និងដឹងគុណជានិច្ចចំពោះសម្តេចតេជោនាយករដ្ឋមន្ដ្រី និងសម្ដេចប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះសុវត្ថិភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ ឆ្លៀតក្នុងឱកាសនេះ ទេសរដ្ឋមន្ត្រី បាននាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចទាំងពីរជូនប្រជាពលរដ្ឋផងដែរ។
គួរជម្រាបថា នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ម្សិលមិញ ទេសរដ្ឋមន្ត្រី លី ធុជ បានដឹកនាំសមាជិកក្រុមការងារ ចុះពិនិត្យស្ថានភាពទឹកជំនន់តាមបណ្តោយ ផ្លូវជាតិលេខ៧៨ ស្ថិតក្នុងឃុំស្រែអង្រ្គង និងស្ថានភាពទឹកជំនន់ជន់លេចភូមិដ្ឋានរបស់ប្រជាពលរដ្ឋនៅឃុំសិរីមង្គល ស្រុកកូនមុំ។
ទេសរដ្ឋមន្ត្រី ក៏បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសទៅស្នាក់នៅបណ្តោះអាសន្នលើទីទួលសុវត្ថិភាព ស្ថិតក្នុងឃុំជ័យឧត្ដម ស្រុកលំផាត់ និងស្ថានភាពទឹកទន្លេស្រែពក ផងដែរ។ ទេសរដ្ឋមន្រ្តី លី ធុជ បានឧបត្ថម្ភដល់ប្រជាពលរដ្ឋ នូវគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗ មួយចំនួន រួមមាន៖ មី១,២០០កេស, ត្រីខ៦០០យូរ, ពីដុងទឹក៥០០, តង់៥០០, ថ្នាំប៉ារ៉ា៤,៨០០បន្ទះ និងវីតាមីន៦,៤០០បន្ទះ ថវិកាសរុបចំនួន៥០,២២០,០០០រៀល។
ក្នុងនាមបងប្អូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយសារទឹកជំនន់ និងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរី ទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះ ជូនចំពោះទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារទឹកជំនន់។
សូមជម្រាបថា ស្ថានភាពទឹកជំនន់ បានស្រកចុះ ហើយប្រជាពលរដ្ឋមួយចំនួនអាចវិលត្រឡប់ទៅគេហដ្ឋានវិញ។ ទេសរដ្ឋមន្ត្រី បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវចេះរស់នៅស្អាត និងថែរក្សាសុខភាពក្រោយពេលទឹកស្រកចុះ ខណៈលោកនឹងបន្តយកចិត្តទុកដាក់ និងជួយដល់បងប្អូនប្រជាពលរដ្ឋក្រោយទឹកស្រកចុះអស់៕