(ភ្នំពេញ)៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបចំបង្កើតក្រុមការងារមួយ ដែលមានឈ្មោះថា «ក្រុមប្រឹក្សាអ្នកច្បាប់ និងមេធាវីសិទ្ធិមនុស្ស នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា»។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩។
ក្រុមការងារនេះ ត្រូវបានបង្កើតឡើង ដោយមានសមាសភាពចូលរួមពីសំណាក់ក្រុមមេធាវី និងអ្នកច្បាប់ ដែលជាអនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រួមទាំងអ្នកច្បាប់ និងមេធាវីស្ម័គ្រចិត្តមួយចំនួនទៀត ដែលមានតួនាទីភារកិច្ចដូចខាងក្រោម៖
* ផ្តល់យោបល់ផ្នែកច្បាប់ លើការរៀបចំបទដ្ឋានគតិយុត្តផ្សេងៗ ដល់ស្ថាប័នពាក់ព័ន្ធ ដើម្បីឱ្យស្របតាមបទដ្ឋានសិទ្ធិមនុស្សជាតិ និងអន្តរជាតិ
* ផ្តល់ប្រឹក្សាផ្នែកច្បាប់ដល់ជនក្រីក្រ ដែលពុំមានលទ្ធភាព ពាក់ព័ន្ធនឹងការរំលោភសិទ្ធិ
* ផ្តល់មេធាវីការពារនៅសវនាការដល់ជនក្រីក្រ ដែលពុំមានលទ្ធភាពពាក់ព័ន្ធនឹងការរំលោភសិទ្ធិ
* សម្រុះសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ
* ឃ្លាំមើលដំណើរការសវនាការ និងដំណើរការនីតិវិធីរបស់តុលាការ ដើម្បីធានាឱ្យបាននូវសិទ្ធិទទួលបានយុត្តិធម៌របស់ពលរដ្ឋ និងដើម្បីជាមូលដ្ឋានក្នុងការធ្វើរបាយការណ៍ ជូនស្ថាប័ន
ដែលពាក់ព័ន្ធរួមមាន ក្រសួងយុត្តិធម៌ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីមានវិធានការច្បាប់ និងវិន័យ តាមនីតិវិធីដែលមានជាធរមាន៕