(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ បានបើកវេទិការសន្ទនារវាងថ្នាក់ដឹកនាំខណ្ឌ ជាមួយក្រុមប្រឹក្សាខណ្ឌ សង្កាត់ កងកម្លាំង មន្រ្តីការិយាល័យជំនាញ និងមេភូមិ ក្រោមអធិបតីភាព លោក អ៊ុ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ។
លោកចេង មុនីរ៉ា បានឲ្យដឹងថា នេះជាលើកទី២ហើយ ដែលរដ្ឋបាលខណ្ឌច្បារអំពៅ បានបើកវេទិការសាធារណៈ ជាមួយក្រុមប្រឹក្សាខណ្ឌសង្កាត់ កងកម្លាំង មន្រ្តីការិយាល័យជំនាញ និងមេភូមិទាំង៨ ដែលជាមន្រ្តីក្រោមឱវាទរបស់សាលាខណ្ឌ ខុសប្លែកពីពេលមុនៗ ដែលយើងធ្វើតែជាមួយប្រជាពលរដ្ឋ។
ការធ្វើវេទិការនេះ ក្នុងគោលបំណងដើម្បីឲ្យមន្រ្តីអនុវត្តការងារក្រោមឱវាទទាំងអស់ លើកឡើងពីកង្វល់ និងការលំបាកនានា ដែលខ្លួនកំពុងអនុវត្ត។ ជាមួយគ្នានេះ វេទិការក៏បានផ្តោតឲ្យមានការពិភាក្សាវែកញែក លើការងារសំខាន់ៗ មួយចំនួនដូចជា៖ ការអនុវត្តគោលនយោបាយភូមិសង្កាត់ មានសុវត្ថិភាព , ការផ្តល់សេវាសាធារណៈ, អនាម័យ បរិស្ថាន, និងការងារអភិវឌ្ឍហេដ្ឋារចនាសម័្ពន្ធ។
លោកអភិបាលខណ្ឌ បានបញ្ជាក់ថា តាមរយៈវេទិកានេះ យើងទាំងអស់គ្នា នឹងរកឃើញនូវបញ្ហាសំខាន់ៗ ជាអាទិភាព សម្រាប់ឲ្យរដ្ឋបាលខណ្ឌ យកទៅពិចារណាធ្វើការកែទម្រង់ ក្នុងការអនុវត្តសកម្មភាពរបស់ខ្លួន ដើម្បីលើកកម្ពស់គុណភាព នៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខណ្ឌ ជាពិសេសប្រជាពលរដ្ឋក្រីក្រ ក្នុងមូលដ្ឋានសង្កាត់ទាំង៨ ឲ្យកាន់តែល្អទ្វេរឡើងថែមទៀត។
ការចូលរួមផ្តល់មតិយោបល់របស់មន្រ្តីទាំងអស់ បាននាំមកនូវត្រីវិស័យ និងសក្តានុពលដ៏ធំធេង ដើម្បីឲ្យរដ្ឋបាលខណ្ឌ ធ្វើការឆ្លុះបញ្ចាំងបាននូវចំណុចខ្វះខាត និងចំណុចអសកម្ម ដែលបានអនុវត្តកន្លងមក និងអាចឲ្យគណៈអភិបាលខណ្ឌ យកទៅពិចារណា ដើម្បីធ្វើការកែលម្អឡើងវិញឲ្យបានសមស្រប ឆ្លើយតបបានតាមសេចក្តីត្រូវការ របស់បងប្អូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា នៅក្នុងវេទិកានេះ មានមន្រ្តីមូលដ្ឋានជាច្រើន បានលើកឡើងពីកង្វល់ផ្សេងៗ ដូចជាបញ្ហាឡានដឹកខ្សាច់តាមផ្លូវជាតិលេខ១ ក្នុងធ្វើឲ្យដីខ្សាច់ធ្លាក់មកលើផ្លូវថ្នល់, បញ្ហាសំរាម មានការយឺតយូរដឹកយកចេញ និងបញ្ហាប្រើប្រាស់គ្រឿងញៀនជាដើម៕