(កំពត)៖ មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា គិតដល់ម៉ោង៨៖៣០នាទី ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ ចំពោះការងារអន្តរាគមន៍ទប់ទល់ការហូរដាច់ នៃទំនប់អាងទឹកកូនសត្វ ឬប្រទាក់ក្រឡា ស្ថិតក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ត្រូវបានបិទភ្ជិតទាំងស្រុង ដោយប្រើរយៈពេលអស់ប្រមាណ២០ម៉ោង។
មន្រ្តីក្រសួងធនធានទឹកបានបញ្ជាក់ថា សម្រាប់ការងារនៅសល់អនុវត្តន៍បន្ត គឺពង្រឹងកន្លែងដាច់ឲ្យបានរឹងមាំបន្ថែមតែប៉ុណ្ណោះ។
លោកបន្តថា ក្នុងការងារនេះក្រសួងបានប្រើប្រាស់នូវ គ្រឿងចក្រធុនធ្ងន់ចំនួន១៤គ្រឿង រួមមាន អ៉ិចស្កាវាទ័រដៃវែងដៃខ្លីចំនួន០៦គ្រឿង, រថយន្តបែនចំនួន០៦គ្រឿង, ប៊ុលដូហ្ស័រចំនួន០១គ្រឿង និងសាហ្ស័រចំនួន០១គ្រឿង។ សម្ភារជំនួយមានកញ្ច្រែងថ្មចំនួន ១០០ដុំ, ថ្ម-ដីប្រមាណ៥០០ម៉ែត្រគូប។
កម្លាំងសរុបដែលដឹកនាំផ្ទាល់ដោយលោករដ្ឋមន្រ្តី លឹម គានហោ, លោករដ្ឋលេខាធិការប្រចាំការ ដែលជាប្រធានមុខព្រួញប្រចាំទិស, អគ្គនាយក, ប្រធាននាយកដ្ឋាន, ប្រធានមន្ទីរកំពត-កែប, មន្ត្រីរាជការ, អ្នកបើកបរគ្រឿងចក្រ និងកម្មករសរុបចំនួន១០០នាក់ផងដែរ។
សូមជម្រាបថា នៅថៃ្ងអាទិត្យទី១១ ខែសីហា ឆ្នាំ២០១៩ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយលោក ស៊ិន វុទ្ធី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានមុខព្រួញចុះជួយខេត្តកំពត ព្រមទាំងលោកប្រធាននាយកដ្ឋានវិស្វកម្ម និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត បានចុះជាក់ស្តែងអន្តរាគមន៍ ជួសជុលទំនប់កូនសត្វទំនប់ប្រទាក់ក្រឡា នៅឃុំកូនសត្វ ស្រុកទឹកឈូ ដែលជាទំនប់ចាស់កសាងឡើង ក្នុងសម័យខែ្មរក្រហមរួចបានត្រូវជួសជុលកែលំអរឡើងវិញក្នុងឆ្នាំ២០០៨។
ក្រសួងធនធានទឹកបានបញ្ជាក់ថា ទំនប់អាងទឹកនេះជាប្រភេទអាងដែលហៅថាអាងទឹកតភ្ជាប់នូវភ្នំ២ (Lac Collinair) គឺភ្នំតាពក និងភ្នំកូនសត្វដែលមានលទ្ធភាពរក្សាទឹកទុកក្នុងបរិមាណ ១០លានម៉ែត្រគូប ដោយមានរបបជលសាស្ត្រជារបបជ្រោះ (Regime torrentiel)។
ដោយសារក្នុងរយៈពេល១០ថៃ្ងមកនេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ពិសេសនៅយប់ថៃ្ងទី១០ ខែសីហា ដែលមានបរិមាណរហូតទៅដល់១៣៩មម (សរុបភ្លៀងបន្តបន្ទាប់មានដល់៣៥០-៤០០ម៉ែត្រ) ធ្វើឲ្យមានការស៊ីរូងដីនៅផែ្នកក្បាលទំនប់ប្រវែង ១៥ម៉ែត្រ និងតួទំនប់បង្ហៀរ ១៥ម៉ែត្រ សរុបប្រមាណ ៣០ម៉ែត្រ។
ជាប្រការលំបាកក្នុងការអន្តរាគមន៍ឲ្យបានទាន់ពេលវេលា ព្រោះសំខាន់បំផុត គឺការចល័តគ្រឿងចក្រព្រោះទឹកលិចផ្លូវម្យ៉ាង និងម្យ៉ាងទៀតសភាពការណ៍ទឹកកំពុងមានភាពបុកយ៉ាងធ្ងន់ធ្ងរ។ តែទោះជាយ៉ាងណា ក្រសួងបានត្រៀមគ្រប់មធ្យោបាយដើម្បីបើកយុទ្ធនាការជួសជុលឡើងវិញជាបន្ទាន់ នៅពេលដែលកម្លាំងទឹកធ្លាក់ខ្សោយបន្តិច ដើម្បីធានាដល់ការប្រើប្រាស់បម្រើ ដល់ការស្រោចស្រព និងការផ្គត់ផ្គង់ទឹកស្អាត៕