(រតនគីរី)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបន្ដគេងក្នុងមុងជានិច្ច ដើម្បីការពារជំងឺគ្រុនឈាម និងគ្រុនចាញ់នៅក្នុងរដូវវស្សា និងទឹកជំនន់នេះ។
ការថ្លែងបែបនេះ របស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្នុងឱកាសដឹកនាំប្រតិភូ និងក្រុមគ្រូពេទ្យ ចុះពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅស្រុកលំផាត់ និងស្រុកកូនមុំ ខេត្ដរតនគីរី ដោយឥតគិតថ្លៃ នៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩នេះ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានណែនាំប្រជាពលរដ្ឋពីរបៀបការពារ និងរោគសញ្ញាណនៃជំងឺគ្រុនចាញ់ ជាពិសេសក្រៅពីផ្ដល់សេវាព្យាបាលជូនពលរដ្ឋ ដោយឥតគិតថ្លៃហើយ ថែមទាំងចែកជូនសម្ភារផ្សេងៗទៀត ដើម្បីការពារពីជំងឺដង្កាត់ ក្នុងអំឡុងពេលទឹកជំនន់ និងទឹកស្រកទៅវិញ។
លោកក៏បានចែកមុងជ្រលក់ថ្នាំ ដល់ប្រជាពលរដ្ឋ គ្រូពេទ្យ និងទាហាន ដែលឈរជើង ដើម្បីសង្គ្រោះពលរដ្ឋរងគ្រោះធម្មជាតិដោយទឹកជំនន់ ទៅរកទីទួលមានសុវត្ថិភាពផងដែរ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា «រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏រឹងមាំ ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានជំរុញ និងបំផុសការយល់ដឹង ឱ្យយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀត ក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ សំដៅលើកកម្ពស់សុខុមាលភាព និងសុខភាពប្រជាពលរដ្ឋ។ ដូច្នេះយើងត្រូវបន្តការខិតខំ និងត្រូវតែយកចិត្តទុកដាក់អនុវត្តថែមទៀត ក្នុងការបង្ការជំងឺគ្រុនចាញ់ ដោយឱ្យមានការចែក និងប្រើប្រាស់មុងជ្រលក់ថ្នាំ ឱ្យបានត្រឹមត្រូវដោយចាត់ទុកថា មុង គឺជាអាយុជីវិតរបស់ខ្លួន បើទោះបីទៅណា គឺត្រូវតែសំរាន្តក្នុងមុងជ្រលក់ថ្នាំ ហើយត្រូវប្រើប្រាស់មុងឱ្យបានគ្រប់ៗគ្នា ដើម្បីកុំឱ្យមូសដែកគោលញីខាំជាពិសេស សម្រាប់បងប្អូនដែលចល័ត មករស់នៅទីទួលមានសុវត្ថិភាពនេះតែម្ដង»។
រដ្ឋមន្ដ្រីបន្ដទៀតថា ប្រសិនបើមានការសង្ស័យកើតជំងឺគ្រុនចាញ់ ត្រូវប្រញាប់ស្វែងរកសេវាធ្វើតេស្តឈាម នៅមូលដ្ឋានសុខាភិបាលសាធារណៈ ឱ្យបានឆាប់រហ័ស ដែលនៅជិតបំផុត តាមរយៈអ្នកស្ម័គ្រចិត្តភូមិ មណ្ឌលសុខភាព និងមន្ទីរពេទ្យ ដើម្បីពិនិត្យព្យាបាលជំងឺគ្រុនចាញ់ទាន់ពេលវេលា។ ហេតុនេះ ខេត្តទាំងអស់ត្រូវរួមសហការគ្នា ជាពិសេសមន្ទីរសុខាភិបាលខេត្ត អាជ្ញាធរដែនដី និងអង្គការដៃគូសុខាភិបាលក្នុងខេត្តនីមួយៗ ចាំបាច់ត្រូវអនុវត្តផែនការយុទ្ធសាស្រ្តជាតិ លុបបំបាត់ជំងឺគ្រុនចាញ់ ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីឈានលុបបំបាត់គ្រុនចាញ់ ឱ្យខានតែបាននៅឆ្នាំ២០២៥។
ព្រមជាមួយគ្នានោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងបញ្ជាក់ពីជំងឺគ្រុនឈាមផងដែរ ដែលមកទល់នឹងពេល មានការថមថយវិញហើយ ដែលនេះក៏ដោយសារតែមានសហការគ្នាពីមន្ដ្រីពាក់ព័ន្ធ ជាពិសេសការចូលរួមចំណែករបស់ប្រជាពលរដ្ឋ ដែលជាកត្ដាមួយដ៏ចម្បងបំផុត ក្នុងការលុបបំបាត់ជម្រកដង្កូវទឹកមូសខ្លា ដែលមូសខ្លា ជាភ្នាក់ងារចម្លងនូវជំងឺគ្រុនឈាម៕