(ព្រះសីហនុ)៖ លោក តឹករ៉េត សំរេច ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុងព្រះសីហនុ តំណាងលោក សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩នេះ បានអញ្ជេីញប្រកាសដាក់ឲ្យដំណើរការគម្រោងស្តារ និងកែលម្អប្រព័ន្ធរំដោះទឹកភ្លៀង ជំហានទី១ នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
នាឱកាសនេះ លោកបានជម្រាបជូនបងប្អូនប្រជាពលរដ្ឋអំពីសារៈសំខាន់នៃគម្រោងនេះ ដែលនឹងជួយសម្រួល និងបង្កេីនល្បឿននៃលំហូរទឹកភ្លៀង និងកាត់បន្ថយការជន់លិចផ្ទះសម្បែងរបស់ពួកគាត់ដោយសារជំនន់ទឹកភ្លៀង នាពេលខាងមុខ។
លោកបានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមសហការ និងគាំទ្រគម្រោងនេះ ដេីម្បីឲ្យមានដំណេីរការទៅមុខដោយរលូន និងទទួលបានជោគជ័យតាមផែនការ។
សូមបញ្ជាក់ជូនថា គម្រោងស្តារ និងកែលម្អប្រព័ន្ធរំដោះជំនន់ទឹកភ្លៀង ជំហានទី១នេះ គឺជាលទ្ធផលនៃការសិក្សារួមគ្នា រវាងក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុងព្រះសីហនុ និងមន្ទីរជំនាញពាក់ព័ន្ធនានា នៅក្នុងខេត្ត ព្រមទាំងមានការចូលរួមគាំទ្រដោយរដ្ឋបាលខេត្ត និងក្រុងព្រះសីហនុផងដែរ។
គម្រោងនេះប្រើប្រាស់ថវិការបស់ក្រសួងបរិស្ថាន អនុវត្តការងារដោយក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ និងមាន៣ផ្នែកសំខាន់គឺ៖
*ទី១៖ ការកាយប្រឡាយរំដោះទឹកថ្មីមួយខ្សែ តាម បណ្តោយផ្លូវ ពីភូមិ៥ ភ្ជាប់មកផ្លូវ៨១៨ (អូរម្លប់តាប៉ាង) ប្រវែង៦៨០ម៉ែត្រ ដើម្បីបើកមុខទឹក
*ទី២៖ ដាក់លូ ពីអូរ៤ (ផ្លូវ៨១៨) មកអូរ៥ (ផ្លូវភូមិ៥) ប្រវែង៥៩០ម៉ែត្រ
*ទី៣៖ បោះបង្គោលព្រំអូរ និងស្តារអូរឈើទាល ពីស្ពានម្លប់តាប៉ាង មកដល់ស្ថានីយច្រោះសម្អាតទឹកប្រវែង ២,១៥០ម៉ែត្រ។ បន្ទាប់ពីកែលម្អប្រឡាយនេះចប់នឹងដាក់ផែនការស្តារនៅភូមិផ្សេងទៀតផងដែរ។
ឆ្លៀតឱកាសនេះ លោក តឹករ៉េត សំរេច ផ្ញេីដល់អាជ្ញាធរក្រុងព្រះសីហនុ និងសង្កាត់លេខ៤ថា នៅក្នុងកាល:ទេស:បច្ចុប្បន្ននេះ សូមបង្កេីនសកម្មភាពបម្រេីប្រជាពលរដ្ឋ ឲ្យកាន់តែសកម្មថែមទៀត ឆ្លេីយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងធ្វេីការពន្យល់ប្រជាពលរដ្ឋបានយល់ ព្រោះពួកគាត់គឺជាប្រជាពលរដ្ឋរបស់យេីង ហេីយពួកគាត់អាចមានកំហុសតិចតួច ដោយសារពួកគាត់មិនទាន់ទទួលបានព័ត៌មានគ្រប់គ្រាន់ ឬការយល់ដឹងរបស់ពួកគាត់នៅមានកម្រិត ដែលទាមទារអាជ្ញាធរផ្តល់ព័ត៌មាន និងពន្យល់បន្ថែម។
លោកក៏បានលេីកទឹកចិត្តឲ្យអាជ្ញាធរ និងប្រជាពលរដ្ឋយោគយល់គ្នា រួមសហការគ្នា និងគោរពគ្នាទៅវិញទៅមក ដេីម្បីជំរុញការអភិវឌ្ឍភូមិ សង្កាត់ និងក្រុងព្រះសីហនុ និងដេីម្បីផលប្រយោជន៍រួមរបស់យេីងទាំងអស់គ្នា។
ក្រោយពិធីប្រកាសដាក់ឲ្យដំណើរការ តាមសំណូមពររបស់ប្រជាពលរដ្ឋភូមិ៥នៃសង្កាត់លេខ៤ លោក តឹករ៉េត សំរេច រួមជាមួយអ្នកចូលរួម បានដេីរលុយទឹកចុះទៅពិនិត្យទីតាំងប្រឡាយដែលរួមតូចចង្អៀត និងពិនិត្យស្ថានភាពផ្ទះប្រជាពលរដ្ឋដែលរងគ្រោះលិចលង់ដោយសារជំនន់ទឹកភ្លៀង កាលពីថ្ងៃទី៩សីហាកន្លងទៅនេះ។
ប្រជាពលរដ្ឋមានអារម្មណ៍កក់ក្តៅ និងរីករាយដែលថ្នាក់ដឹកនាំបានចុះទៅពិនិត្យផ្ទាល់ដល់ទីតាំង ព្រមទាំងស្តាប់ការលំបាក និងបញ្ហាប្រឈមរបស់ពួកគាត់។ ពួកគាត់យល់ព្រមចូលរួមសហការ និងគាំទ្រគម្រោងស្តារ និងកែលម្អប្រព័ន្ធរំដោះទឹកភ្លៀង នៅភូមិ៥ សង្កាត់លេខ៤នេះ៕