(កណ្តាល)៖ ប្រជាពលរដ្ឋនៅក្នុងឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ស្នើសុំឲ្យអាជ្ញាធរធ្វើផ្លូវចាក់បេតុងមួយខ្សែប្រវែង ៣៥០០ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ព្រមទាំងអ្នកដំណើរផ្សេងៗ ប្រើប្រាស់លើផ្លូវនេះផងដែរ អភិបាលស្រុកថា នឹងស្ថាបនាជូនទៅតាមសុំណើរជាជំហ៊ានៗ តាមរយៈកម្មវិធីអភិវឌ្ឍរបស់ប្រមុខនៃរាជរដ្ឋាភិបាល។
ការស្នើសុំរបស់ប្រជាពលរដ្ឋនៅក្នុងឃុំទន្ទាប់នេះ បានធ្វើឡើងនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោក ចាប ចាន់វិទ្យា អភិបាលស្រុកលើកដែក បានដឹកនាំក្រុមការងារចុះពិនិត្យសមិទ្ធផលជាច្រើន នៅក្នុងឃុំព្រែកទន្ទាប់ ដែលទើបនឹងសម្រេចបាន រួមមានប្រព័ន្ធធារាសាស្ត្រ និងផ្លូវលំចាក់ក្រាលគ្រួសខ្សាច់រាប់ពាន់ម៉ែត្រ នៅក្នុងឃុំទាំងមូល។
ជាការឆ្លើយតបលោក ចាប ចាន់វិទ្យា បានឱ្យដឹងថា សម្រាប់ផ្លូវមួយខ្សែនេះ មានប្រវែង៣៥០០ម៉ែត្រ គឺថ្នាក់ដឹកនាំប្រទេសដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនដែលសន្យាទេ ចំពោះការងារអភិវឌ្ឍន៍នោះ ក៏ប៉ុន្តែយើងធ្វើជាជំហ៊ានៗ នៃឆ្នាំរបស់យើង ដូចជានៅក្នុងថ្នាក់ស្រុក ថ្នាក់ឃុំ មានកម្មវិធី៣ឆ្នាំរំកិល។ អញ្ចឹងជាជំហ៊ានបន្តទៅមុខទៀត ដើម្បីអភិវឌ្ឍន៍ផ្លូវនេះ ឱ្យក្លាយជាផ្លូវបេតុង យើងនឹងធ្វើតាមកម្មវិធី វិនិយោគ៣ឆ្នាំរំកិល របស់ថ្នាក់ស្រុក និងថ្នាក់ឃុំតែឥឡូវនេះ យើងកំពុងតែកសាងផែនការ។
ប្រជាពលរដ្ឋបានលើកឡើងថា ក្នុងមួយរយៈពេលនេះពួកគាត់សប្បាយចិត្ត និងអរគុណខ្លាំងណាស់ បន្ទាប់ពីអាជ្ញាធរឃុំព្រែកទន្ទាប់ បានជីកស្តារប្រឡាយជាច្រើនខ្សែ បាននាំទឹកទៅដល់ដីស្រែរបស់គាត់ដែលកាលពីមុនពួកគាត់ មិនអាចអាស្រ័យផលបានដោយសារ មិនមានប្រភពទឹក ហើយម្យ៉ាងទៀតពុំមានផ្លូវដែលពួកគាត់អាចចូលទៅអាស្រ័យផលក្នុងដីស្រែគាត់បាន។
ឥឡូវមិនត្រឹមតែមានទាំងប្រព័ន្ធធារាសាស្រ្តនាំប្រភពទឹកទៅស្រោចស្រពផលដំណាំចំការស្រែរបស់ពួកគាត់ប៉ុណ្ណោះទេ គឺថែមទាំងមានផ្លូវលំចាក់ ក្រាលគ្រួសខ្សាច់ភ្នំ ទៅដល់ដីស្រែចំការរបស់ពួកគាត់ងាយស្រួលដឹកជញ្ជូនផលដំណាំទៀតផង។ ប៉ុន្តែបើទោះបីតាំងពីផ្លូវលំចូលទៅកាន់ដីស្រែ របស់ពួកគាត់មានការលំបាករហូតមិនអាចធ្វើដំណើរបាន ឥឡូវត្រូវបានលោក ងី សារី មេឃុំព្រែកទន្លាប់ បានដាក់គ្រឿងចក្រឈូសឆាយស្ថាបនា ចាក់ក្រាលគ្រួសខ្សាច់ភ្នំ ឱ្យពួកគាត់ងាយស្រួលធ្វើដំណើរយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋនៅតែស្នើសុំបន្ថែមទៀត គឺសុំឱ្យអាជ្ញាធរធ្វើផ្លូវចាក់បេតុងវិញ ទើបជាប់បានយូរ ហើយកាន់តែងាយស្រួលធ្វើដំណើរទៀតផង។
ចំណែកប្រជាពលរដ្ឋផ្សេងទៀត នៅក្នុងឃុំព្រែកទន្លាប់នេះដែរ ក៏បានលើកឡើងដែរថា នៅក្នុងភូមិរបស់គាត់ក៏ដូចប្រជាពលរដ្ឋនៅភូមិខ្លះទៀត ជារៀងរាល់ឆ្នាំនៅពេលរដូវវស្សាចូលដល់ ដីចំការស្វាយ ចំការចេក និងដំណាំផ្សេងទៀតតែងតែទទួលរងគ្រោះដោយទឹកជំនន់ជន់លិច។ ក្នុងមួយឆ្នាំៗ ពេលជន់លិចម្តងៗ លោក ងី សារី មេឃុំព្រែកទន្លាប់ តែងតែមកជួយអន្តរាគមន៍យកម៉ាស៊ីមកបូមទឹកជាប្រចាំ ប៉ុន្តែឥឡូវពួកគាត់លែងខ្វល់នឹងការលិចលង់ទៀតហើយ ព្រោះអាជ្ញាធរបានធ្វើទ្វារទឹក សម្រាប់រំដោះចេញតាមសំណូមពររបស់ពួកគាត់។
ក្នុងឱកាសចុះពិនិត្យសមិទ្ធផលនេះ លោក ចាប ចាន់វិទ្យា បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ដោយបានការចង្អុលបង្ហាញពីលោកស្រី ឃួន សុដារី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកលើកដែក និងលោកបណ្ឌិត ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ដែលតែងតែយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍន៍មូលដ្ឋាន ដូច្នេះគ្រប់ក្រុងស្រុក ត្រូវតែយកចិត្តទុកដាក់ ក្នុងនោះធ្វើយ៉ាងណាឱ្យការផ្តល់សេវាសាធារណៈ ក៏ដ៏ដូចជាការជួសជុល កែលម្អហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងមូលដ្ឋាន ត្រូវតែមានការអភិវឌ្ឍន៍។ ជាក់ស្តែងថ្ងៃនេះ នៅក្នុងឃុំព្រែកទន្លាប់ កំពុងធ្វើការស្ថាបនា ជួសជុលផ្លូវមួយខ្សែ ចំណាយអស់១២០ឡាន ដែលការចំណាយនេះ គឺលោកប្រម៉ែប្រមូលបានពីសប្បុរសជននៅក្នុងឃុំ។
លោកបានបន្ថែមទៀតថា ដោយមើលឃើញពីផលលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសលោកមេឃុំ បានសំណូមពរដល់រដ្ឋបាលស្រុក ធ្វើយ៉ាងណាជួយជួសជុលផ្លូវមួយខ្សែនេះ ដោយសារគាត់មើលឃើញពិបាកណាស់។ ដូច្នេះលោកបានយកសំណើរនេះ ក្នុងនាមរដ្ឋបាលស្រុក ក៏បានចុះមកពិនិត្យជាក់ស្តែង និងបានប្រម៉ែប្រមូលសប្បុរសជនចូលរួម ធ្វើយ៉ាងណាសម្រួលដល់ផ្លូវធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋរបស់យើង។
លោកបន្តថា ស្រុកលើកដែក ក្រោមការដឹកនាំដោយគតិបណ្ឌិតរបស់សម្តេចតេជោហ៊ុនសែន និងក្រោមការដឹកនាំរបស់លោកស្រី ឃួន សុដារី និងឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ គឺបានកែប្រែមុខមាត់យ៉ាងឆាប់រហ័សនៅក្នុងឆ្នាំ២០១៩នេះ ក្នុងនោះ សមិទ្ធផលនានាថ្មីៗ ជាច្រើនបានកើតឡើងរួមមានផ្លូវបេតុង ផ្លូវក្រាលខ្សាច់ភ្នំ ដែលពីមុនមកមិនមានទេ មានតែផ្លូវភក់ ផ្លូវដីឥដ្ឋ ពិបាកធ្វើដំណើរ។