(ព្រះវិហារ)៖ ស្ត្រីម្នាក់បានវង្វេងបាត់នៅក្នុងព្រៃ អស់រយៈពេល ២យប់ ៣ថ្ងៃ ខណៈកំពុងចូលព្រៃដកផ្សិតជាមួយអ្នកភូមិជាច្រើននាក់ផ្សេងទៀត តាំងពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩មកម្ល៉េះ។
លោកវរសេនីយ៍ទោ រិទ្ធ សូណា អធិការនគរបាលស្រុកត្បែងមានជ័យ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះរួមជាមួយអ្នកភូមិប្រមាណ ១៩នាក់ បានជិះរថយន្តមួយគ្រឿង ចេញពីភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងងមានជ័យ ដើម្បីទៅដកផ្សិតក្នុងព្រៃចំណុចសាលាដំណាក់ ផ្លូវទៅប្រាសាទព្រះវិហារ។
លោកអធិការស្រុក បានបន្តទៀតថា ស្របពេលដែលការចូលព្រៃដកផ្សិតបានរយៈពេលប្រហែល ២ម៉ោង អ្នកបើកបររថយន្ត ក៏បានទូរស័ព្ទហៅអ្នកមកជាមួយដែលកំពុងដកផ្សិត ក្នុងព្រៃឲ្យត្រឡប់មកវិញ។ ប៉ុន្តែពេលនោះ បាត់ជនរងគ្រោះមិនឃើញត្រឡប់មកវិញដូចគេ ទូរស័ព្ទក៏មិនចូល អ្នកមកជាមួយចូលព្រៃដើររកស្រែកហៅក៏មិនឮ នាំគ្នាត្រឡប់ទៅផ្ទះវិញ ប្រាប់អ្នកភូមិ និងសមត្ថកិច្ចឲ្យជួយដើររក។
លោក រិទ្ធ សូណា បានបន្តឲ្យដឹងទៀតថា ក្រោយទទួលបានដំណឹងពីអ្នកស្រុក និងក្រុមគ្រួសារនារីរងគ្រោះភ្លាម សមត្ថកិច្ច និងអ្នកភូមិប្រមាណ ៨០នាក់ បាននាំគ្នាចូលក្នុងព្រៃដើររកនាង តែរកមិនឃើញសោះ។ លុះវេលាម៉ោង១១៖៣៧នាទីយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ កម្លាំងនគរបាលស្រុករួម និងប្រជាពលរដ្ឋបានទៅដល់ភូមិសាស្ត្រព្រៃជាភ្លើង ស្ថិតក្នុងឃុំយាង ស្រុកជាំក្សាន្ត និងបានជួបនារីដែលរង្វេងក្នុងព្រៃ ហើយក៏បាននាំនាងត្រឡប់មកភូមិវិញជួបជុំគ្រួសារដោយសុវត្ថិភាព។
លោកបញ្ជាក់ថា នារីរងគ្រោះមានឈ្មោះ គង់ ស្រីមុំ ហៅត្រែត អាយុ២៩ឆ្នាំ រស់នៅភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
លោកថា នារីរងគ្រោះដែលរង្វេងនៅក្នុងព្រៃអស់រយៈពេល ២យប់ ៣ថ្ងៃនោះ នាងសំណាងល្អបានជួបតាយាយជាអ្នកឃ្វាលក្របីក្នុងព្រៃ ដែលមានចំងាយប្រហែល ១០គីឡូម៉ែត្រពីភូមិ ហើយស្នាក់នៅក្នុងខ្ទមជាមួយតាយាយរហូត។ លុះកូនរបស់តាយាយបើកគោយន្តត្រឡប់មកភូមិវិញ នារីរងគ្រោះក៏មកជាមួយ ហើយស្នាក់នៅស្នាក់ការបរិស្ថានទូរសព្ទ័ប្រាប់ក្រុមគ្រួសារ ទើបសមត្ថកិច្ច និងក្រុមគ្រួសារទៅទទួលទាំងយប់អាធ្រាត្រ៕