(ព្រះវិហារ)៖ ដេីម្បីលេីកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅថ្ងៃទី ១០-១១ ខែសីហា ឆ្នាំ២០១៩ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីក្រោមឱវាទចុះសួរសុខទុក្ខ និងផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់របស់កាកបាទក្រហមកម្ពុជា ជូនដល់គ្រួសារយុទ្ធជន និងអតីតយុទ្ធជនពលីជីវិតចំនួន ២០គ្រួសារ (គ្រួសារនីមួយៗទទួលថវិកា ១លានរៀល) រស់នៅស្រុករវៀង និងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដេីម្បីប្រកបមុខរបរ បង្កបង្កេីនផល និងចិញ្ចឹមសត្វ។
ពិធីនេះបានធ្វេីឡេីងបន្ទាប់ពីកម្មវិធីចែកអំណោយជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៤៩២គ្រួសារ រស់នៅក្នុងស្រុកទាំងពីរខាងលេីនេះផងដែរ។
ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា និងលោកស្រី ចឹក ហេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានពាំនាំប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញេីសួរសុខទុក្ខ ការគិតគូរពីជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសលេីកទឹកចិត្តដល់គ្រួសារទទួលផលទាំងអស់ឱ្យបន្តខិតខំពង្រីកមុខរបរ បង្កបង្កេីនផល ដេីម្បីលេីកស្ទួយជីវភាពគ្រួសារឱ្យកាន់តែប្រសេីរឡេីង។
ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តាំផ្ញេីនូវការកោតសរសេីរដល់ យុទ្ធជនជួរមុខទាំងអស់ដែលបានលះបង់ពេលវេលា ការរស់នៅជួបជុំក្រុមគ្រួសារទៅបម្រេីការងារការពារមាតុភូមិ រីឯភរិយារស់នៅផ្ទះខិតខំប្ររបរ និងពង្រីកមុខរបរចិញ្ចឹមកូនដេីម្បីអនាគតរុងរឿង។
គ្រួសារទទួលផលទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ និងសូមខិតខំប្រកបរបរចិញ្ចឹមជីវិត ដេីម្បីរួមចំណែកជំរុញកំណេីនសេដ្ឋកិច្ចរបស់ប្រទេសជាតិដែលមានសុខសន្តិភាព ស្ថិរភាព និងអភិវឌ្ឍនភាពដូចសព្វថ្ងៃនេះ។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១៩នេះ កាកបាទក្រហមកម្ពុជា បានផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ ជូនដល់ប្រជាពលរដ្ឋសរុបចំនួន ៦២៨គ្រួសារ (ក្នុងនោះ គ្រួសារពិការ ១១៧គ្រួសារ) ដែលរស់នៅស្រុករវៀង និងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលប្រាក់កម្ចីនេះ បាននិងកំពុងជួយកាត់បន្ថយការរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបង្កេីនជីវភាពរស់នៅឱ្យល្អប្រសេីរឡេីង តាមរយៈការប្រកបរបរដាំដំណាំ ចិញ្ចឹមសត្វ លក់គ្រឿងទេស កាត់ដេរ អ៊ុតសក់ ជួសជុលកង់ម៉ូតូ។ល។
បច្ចុប្បន្ននេះ ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់កាកបាទក្រហមកម្ពុជា បាននិងកំពុងអនុវត្តនៅតាមស្រុកគោលដៅចំនួន ១២ ក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្តកណ្តាល៕