(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំនៅកម្ពុជា នឹងរៀបចំពិធីថ្វាយគ្រឿងឥស្សរិយយស «Grand Cordon of the Order of the Rising Sun» សម្រាប់និទាឃរដូវឆ្នាំ២០១៩នេះ ជូនសម្តេច នរោត្តម សិរិវុឌ្ឍ អតីតឧបនាយករដ្ឋមន្ត្រី និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការរួមចំណែកជួយឲ្យប្រសើរ នៃទំនាក់ទំនងកម្ពុជា-ជប៉ុន។
ពិធីថ្វាយគ្រឿងឥស្សរិយយសនេះ នឹងធ្វើឡើងនៅព្រលប់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ស្អែកនេះ នៅស្ថានទូតជប៉ុន។ គូសបញ្ជាក់ថា សម្តេច នរោត្តម សិរិវុឌ្ឍ សិ្ថតក្នុងចំណោមជនបរទេសចំនួន ១៤២រូប ដែលទទួលបានគ្រឿងឥស្សរិយយសនេះ។ បើតាមស្ថានទូតជប៉ុន គ្រឿងឥស្សរិយយស Grand Cordon of the Order of the Rising Sun ត្រូវបានថ្វាយជូនសមេ្តច នរោត្តម សិរីវុឌ្ឍ ដើម្បីទទួលស្គាល់ការរួមចំណែករបស់សម្តេច ក្នុងការពង្រឹងទំនាក់ទំនង មិត្តភាពរវាងជប៉ុន-កម្ពុជា។
ស្ថានទូតជប៉ុន បានបង្ហាញផងដែរថា ចាប់តាំងពីឆ្នាំ១៩៩៣ នាពេលដែលសម្តេច នរោត្តម សិរិវុឌ្ឍ ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី សម្តេចបានរួមចំណែកក្នុងការជំរុញទំនាក់ទំនង ទ្វេភាគីមិនត្រឹមតែក្នុងឋានៈជាឧបនាយករដ្ឋមន្ត្រីប៉ុណ្ណោះទេ តែក្នុងឋានៈជាឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ក៏ដូចជាស្ថាបនិកនៃវិទ្យាស្ថានខ្មែរ សម្រាប់សហប្រតិបត្តិការ និងសន្តិភាពផងដែរ។
ស្ថានទូតជប៉ុនបានបញ្ជាក់ទៀតថា ប្រទេសកម្ពុជា និងជប៉ុន បានឈានដល់ភាពជាដៃគូយុទ្ធសាស្ត្រនាពេលបច្ចុប្បន្ន អាស្រ័យដោយការលះបង់ឥតឈប់ឈររបស់សម្តេច នរោត្តម សិរីវុឌ្ឍ ចំពោះទំនាក់ទំនងនៃប្រទេសទាំងពីរ។
សូមបញ្ជាក់ថា គ្រឿងឥស្សរិយយសនេះ ជារៀងរាល់ឆ្នាំរដ្ឋាភិបាលជប៉ុន តែងតែបានផ្តល់ជូនឥស្សរជននយោបាយ ឬប្រជាពលរដ្ឋខ្មែរ ដែលមានស្នាដៃ និងបានរួមចំណែកធ្វើឱ្យប្រសើរនូវទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន៕