(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថាចំពោះការស្លាប់លោក នួន ជា ដែលជាមេដឹកនំាជាន់ខ្ពស់ក្នុងរបបខ្មែរក្រហមកាលពីពេលថ្មីៗនេះ ហើយត្រូវបានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក) ឬសាលាក្ដីខ្មែរក្រហម បានផ្ដន្ទាទោសឲ្យជាប់គុកអស់មួយជីវិតក្នុងសំនុំរឿងឧក្រិដ្ឋកម្មប្រឆំាង មនុស្សជាតិ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងការបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញា ទីក្រុងហ្សីណែវ ដែលបានប្រព្រឹត្ដិនៅលើទឹកដីកម្ពុជាចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩មកនេះ គឺបានបន្សល់នូវរឿងរ៉ាងយ៉ាងសោកសៅបំផុតមកលើប្រជាជាតិកម្ពុជា ជាភ្នំឆ្អឹង ភ្នំឈាម និងទឹកភ្នែក សម្រាប់ប្រវត្ដិសាស្រ្ដកម្ពុជា។
ស្ថិតក្នុងន័យនេះចំពោះសាលាក្ដីខ្មែរក្រហម ដែលបានផ្ដទ្ទាទោសលោក នួន ជា ក៏ដូចជាមេដឹកនំាជាន់ខ្ពស់ខ្មែរក្រហមដទៃទៀត ឲ្យជាប់គុតអស់មួយជីវិតនេះ គឺជាការស្វែងរក «យុត្ដិធម៌» ជូនដល់ជនរងគ្រោះដែលបានស្លាប់ក្នុងរបបវាលពិឃាដនេះផង និងរក្សាសុខសន្ដិភាពជូនដល់សង្គមជាតិផងដែរ។ មានន័យថាពុំមែនស្វែងរកការចង់ដឹងរឿងរ៉ាវអ្វីនោះ។
លោក រត្ន័ សណ្ដាប់ បន្ដថា បើដូចនេះចំពោះការបង្កើតតុលាការជាអន្ដរជាតិ ដើម្បីកាត់ទោសមេដឹកនំាជាន់ខ្ពស់ខ្មែរក្រហមនេះ គឺចង់បញ្ជាក់ប្រាប់ប្រវត្ដិសាស្រ្ដឲ្យច្បាស់ថា ក្នុងរបបខ្មែរក្រហម គឺពិតជារបបវាលពិឃាដដែលបានកាប់សម្លាប់ប្រជាជនឲ្យក្លាយជាភ្នំឆ្អឹង ភ្នំឈាមនឹងទឹកភ្នែក ដើម្បីទុកជាការចងចំាដល់មនុស្សជំនាន់ក្រោយៗទៀត កុំឲ្យដើរតាមលំអានប្រវត្ដិសាស្រ្ដនេះ។
បើពុំដូច្នោះទេអាចធ្វើឲ្យមនុស្សជំនាន់ក្រោយពុំដឹង ឬពុំជឿថា មានរបបប្រល័យពូជសាសន៍នៅកម្ពជា ពីព្រោះសូម្បីតែបច្ចុប្បន្នក៏មានអ្នកនយោបាយខ្មែរខ្លះ ហ៊ានបំភ្លៃប្រវត្ដិសាស្រ្ដថា គុកទួលស្លែងជាគុតសិប្បនិមិត្ដទៅហើយ តើចុះទម្រំា១០០ឆ្នាំទៅ២០០ឆ្នំាទៀតទៅជាយ៉ាងណា? ស្ថិតត្រង់ចំណុចនេះហើយ ទើបរាជរដ្ឋាភិបាលបង្កើតឲ្យមានសាលាក្ដីខ្មែរក្រហមនោះ។
ជាចុងបញ្ចប់លោក រត្ន័ សណ្ដាប់ យល់ថា ចំពោះសាលាក្ដីខ្មែរក្រហមដែលបានដំណើរការជាច្រើនឆ្នាំ និងចំណាយថវិកាជាង៣០០លានដុល្លារមកនេះ បើអាចបិតបញ្ចប់បានគួរបិតបញ្ចប់ទៅ ហើយយើងគួរងាកមករួបរួមគ្នាជាខ្មែរតែមួយដើម្បីកសាងជាតិ ការពារជាតិវិញទើបការប្រពៃពីព្រោះយុត្ដិធម៌ជូន ជនរងគ្រោះគឺត្រូវបានចារឹកជាប្រវត្ដិសាស្រ្ដដោយសាលក្រមតុលាការអន្ដរជាតិរួចហើយ៕