(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកជើងព្រៃ បានថ្លែងថា ដោយសារតែស្រុកទេស មានសុខសន្តិភាព ពេញលេញ ដែលបានកើតចេញពីការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលលោកបានខិតខំស្វែងរកមកបានយ៉ាងលំបាក ទើបធ្វើឱ្យប្រជាពលរដ្ឋ អាចមានឱកាសទទួលបានសេវាថែទាំសុខភាពដល់ទីកន្លែង ដោយមិនគិតថ្លៃដូចពេលនេះ។
លោកបណ្ឌិត ម៉ា ឈឿន បានលើងឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតី ដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ជាង ៤០០នាក់ ចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋជិត ៥ពាន់នាក់ ដែលរស់នៅភូមិសង្កែពង ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយឥតគិតថ្លៃនៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន មានជ័យ។ ពិធីនេះក៏មានការចូលរួមពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមទាំងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
លោកបណ្ឌិត ម៉ា ឈឿន បានថ្លែងថា ការចុះមកព្យាបាលជំងឺជូនបងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ បាននៅពេលនេះ គឺក៏ដោយសារតែស្រុកមានសុខសន្តិភាពពេញលេញ ដែលបានកើតចេញ ពីការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ដែលលោកបានខិតខំស្វែងរកមកបានយ៉ាងលំបាក ហើយបើស្រុកទេសគ្មានសុខសន្តិភាពទេ កុំថាឡើងនិយាយដល់ការព្យាបាល ជំងឺជូនបងប្អូនដោយឥតគិតថ្លៃនោះ សូម្បីតែវិស័យផ្សេងៗទៀតក៏គ្មានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះដែរ ដូចនេះហើយសន្តិភាព គឺជាតម្លៃដែលមិនអាចកាត់ថ្លៃបានឡើយ ដែលបានមកពីការដឹកនាំរបស់សម្តេចតេជោ និងសមាជិកគណបក្សប្រជាជនកម្ពុជាជាច្រើនរូបផ្សេងទៀត ដែលបានខិតខំតស៊ូ ដើម្បីនាំយកមកនូវសន្តិភាពជូនប្រជាជនកម្ពុជា។
លោកបណ្ឌិត ម៉ា ឈឿន បានបញ្ជាក់ទៀតថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ លោក ហ៊ុន ម៉ានី បានមកជួយព្យាបាលដល់ប្រជាជននៅស្រុកជើងព្រៃ ខេត្តកំពង់ចាមនេះចំនួន២ដងហើយ បើគិតពីប្រជាពលរដ្ឋ ដែលទទួលបានព្យាបាលគឺមានរហូតដល់ជាង១ម៉ឺននាក់ ហើយក្នុងនោះក៏មានក្រុមគ្រូពេទ្យស្ម័គ្រចិត្តផ្សេងៗទៀត បានមកធ្វើការព្យាបាលដោយមិនគិតថ្លៃជាច្រើនដងផងដែរ ដែលបានធ្វើឱ្យប្រជាពលរដ្ឋទទួលការព្យាបាលដោយមិនគិតថ្លៃ រហូតដល់ជាង៥ម៉ឺននាក់ ដោយមិនបានប្រកាន់លើនិន្នាការនយោបាយអ្វីនោះឡើយ គឺជាអំពើមនុស្សធម៍សុទ្ធសាធ ដែលនេះគឺបានបង្ហាញពីសមិទ្ធផលដ៏ធំធេង និងជាជោគជ័យដែលបានកើតពេញពីគណបក្សប្រជាជនកម្ពុជាយើង។
លោកពូ ឃុត សឹង មានអាយុ៦៩ឆ្នាំ ដែលបានមកទទួលសេវាព្យាបាលជំងឺលើសឈាមរបស់លោកពូដោយមិនគិតថ្លៃនេះ បានលើកឡើងថា លោកពូពិតជាមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ ដែលជាប្រវត្តិសាស្ត្រមកហើយ គឺមិនដែលមានគ្រូពេទ្យដែលបានចុះមកពិនិត្យជំងឺ ដោយមិនគិតថ្លៃ ដូចជាសម័យសម្តេចតេជោ ហ៊ុន សែន នេះទេ ដែលមានចំណាត់ការដ៏សមរម្យ ក្នុងការយកចិត្តទុកដាក់ដល់សុខភាពប្រជាជន។
លោកពូ ឃុត សឹង ក៏បានថ្លែងអរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ និងសម្តេចតេជោ ជាមួយនឹងការជូនពរសម្តេចតេជោ ហ៊ុន សែន សូមឱ្យមានសុខភាពល្អ បានដឹកនាំប្រទេសជាតិគ្រប់អាណត្តិទាំងអស់បន្តទៅមុខទៀត។ ជាមួយគ្នានោះ លោកពូក៏បានស្នើរសុំឱ្យមានក្រុមគ្រូពេទ្យចុះមកពិនិត្យព្យាបាលជំងឺ ដោយមិនគិតថ្លៃនេះ មកឱ្យបានញឹកញាប់បន្ថែមទៀត ដើម្បីចូលរួមកាត់បន្ថយចំណាយលើសេវាសុខភាពរបស់ប្រជាជនផងដែរ។
សូមបញ្ជាក់ដែរថា ជំងឺដែលក្រុមគ្រូពេទ្យស្ម័គ្របានព្យាបាលជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃនេះរួមមាន៖ ជំងឺទូទៅ មានវះកាត់ខ្នាតតូច ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ ព្យាបាលរបួស វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍ (វិភាគឈាម) ៕