(ភ្នំពេញ)៖ លោកឧកញ៉ា ជា ប៊ុនឡេង បានធ្វើការបដិសេធថា លោកគ្មានចេតនាធ្វើរបងបិទមុខក្បាលដីរបស់គេ ដើម្បីឃុបឃិតជាមួយមន្ត្រីអាជ្ញាធរ ទិញដីក្នុងតម្លៃថោកដូចអ្វីដែលតំណាងម្ចាស់ដី ធ្វើការចោទប្រកាន់នោះឡើយ តាមពិតលោកគ្រាន់តែ ធ្វើរបងត្រឹមបង្គោលព្រំដី ដែលលោកបានទិញពីអ្នកដ៏ទៃតែប៉ុណ្ណោះ។
លោកឧកញ៉ា ជា ប៊ុនឡេង បានធ្វើការបដិសេធយ៉ាងដូច្នេះ បន្ទាប់ពីតំណាងប្រជាពលរដ្ឋមួយគ្រួសាររស់នៅក្នុងភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានធ្វើការអះអាងថា លោកឧកញ៉ា ជា ប៊ុនឡេង បានប្រើកម្មករអោយរៀបរបងថ្មបាំងពីមុខ ក្បាលដីរបស់គាត់ដែលនៅជាប់នឹងផ្លូវលំទំហំ៤ម៉ែត្រ ដែលទំនងមានចេតនាចង់ទិញដីក្នុងតម្លៃថោក តែម្ចាស់ដីមិនព្រមលក់អោយ។
ពាក់ព័ន្ធការចោទប្រកាន់នេះ លោកឧកញ៉ា ជា ប៊ុនឡេង បានថ្លែងប្រាប់ Fresh News កាលពីរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញអោយដឹងថា លោកគ្មានបំណងទិញដីពីម្ចាស់ដី ដែលធ្វើការចោទប្រកាន់មកលើរូបលោកនោះឡើយ ទោះជាតម្លៃថោកប៉ុណ្ណាក៏ដោយ ព្រោះទំហំដីតូចមិនដឹងលោកទិញយកមកធ្វើអី។
ចំណែកការធ្វើរបងថ្មគឺ លោកធ្វើទៅតាមបង្គោលព្រំដីចាស់ ដែលលោកទិញពីម្ចាស់មុនតែប៉ុណ្ណោះ ព្រោះទីតាំងដីដែលលោកធ្វើរបង បាំងពីដើមឡើយគ្មានផ្លូវនោះទេ តែក្រោយមកលោកបាន ទិញដីគេខាងមុខដើម្បីបើកផ្លូវ អោយបានច្រើនងាយស្រួលសង់ផ្ទះល្វែងលក់តែប៉ុណ្ណោះ។
ក្នុងនោះ ខណះលោកធ្វើរបង ភាគីម្ចាស់ដីនៅជាប់គ្នានោះគឺឈ្មោះហួត ប៊ុនគង់ ក៏បានប្ដឹងទៅអាជ្ញាធរសង្កាត់ និងខណ្ឌចុះមកត្រួតពិនិត្យភ្លាមៗ រកឃើញថា រូបលោកមិនបានធ្វើរបងបិទក្បាលដីគេដែលភ្ជាប់ទៅផ្លូវសាធារណៈនោះឡើយ គឺព្រំដីរបស់ឈ្មោះហួត ប៊ុនគង់ និងព្រំដីដែលលោកទិញពីគេគឺជាប់គ្នា គ្រាន់តែដីរបស់លោកបើកធ្វើជាផ្លូវនៅជាប់ព្រំដីគ្នាតែណ្ណោះ។ ដូច្នេះ លោកសូមបដិសេធថា លោកគ្មានចេតនាធ្វើរបងបិទក្បាលដី អ្នកដ៏ទៃដើម្បីទិញដី(ដីអត់ផ្លូវ) ក្នុងតម្លៃថោកឡើយ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែសីហា តំណាងម្ចាស់ដី បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ធ្វើការចេញផ្សាយថា ករណីឧកញ៉ាជា ប៊ុនឡេង បញ្ជាអោយកម្មករ ធ្វើរបងបិទមុខក្បាលដីរបស់លោក ហើយលោកបានដាក់ពាក្យបណ្ដឹង ទៅសាលាសង្កាត់ចាក់អង្រែក្រោម អោយជួយដោះស្រាយ គិតរហូតមកដល់ពេលនេះ វាមានរយៈពេលជិត២ឆ្នាំហើយ គ្មានដំណោះស្រាយអ្វីទាំងអស់ របងថ្មនៅតែបិទមុខក្បាលដីរបស់លោកដដែល។
ចំណែកមន្ត្រីអាជ្ញាធរភូមិ សង្កាត់វិញ ពេលលោកទៅ សួរនាំ គេតែងតែណែនាំអោយទៅជួបដោះស្រាយជាមួយឧកញ៉ារហូត ខណះដែលឧកញ៉ាមាន បំណងចង់ទិញដី របស់លោកដើម្បីពង្រីក ធ្វើផ្ទះល្វែងបន្ថែម តែអោយម្លៃថោក លោកមិនព្រមលក់។
មិនតែប៉ុណ្ណោះ មន្ត្រីអាជ្ញាធរភូមិ សង្កាត់ ខណះលោកយកលិខិតទៅផ្ទេរកម្មសិទ្ធិដីអោយទៅអ្នកផ្សេងក៏មិនព្រមធ្វើអោយ ដោយពួកគេមានចេតនា ចង់អោយលក់ដីទៅអោយឧកញ៉ា តែអោយតម្លៃថោកជាងទីផ្សារឆ្ងាយដែល លោកមិនអាចទទួលយកបាន។
តំណាង លោក ហួត ប៊ុនគង់ ដែលជាម្ចាស់ដីរងគ្រោះ បានអោយដឹងថា តាមពិតក្បាលដីរបស់ខ្លួនផ្នែកខាងជើងគឺ ទល់នឹងផ្លូវលំទំហ៊ំ៤ម៉ែត្រ មិនមែនទល់នឹងដី អ្នកផ្សេងដូចអ្វីដែលភាគី ឧកញ៉ាអះអាងនោះឡើយ តែដោយសារគេមានចេតនាចង់ទិញដី លោកក្នុងតម្លៃថោក ទើបអះអាងថា ក្បាលដីរបស់លោកខាងជើងមិនជាប់ ផ្លូវ ហើយមានចេតនាធ្វើរបងបិទមុខក្បាលដីរបស់លោកបែបនេះ។
តំណាងម្ចាស់ដីសូមអំពាវនាវដល់ លោកអភិបាលខណ្ឌមានជ័យ ពេជ្រ កែវមុនី ជាពិសេស លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មេត្តាជួយផ្ដល់យុត្តិធម៌
អោយរូបលោកជាជនរងគ្រោះផង ព្រោះឧកញ៉ាធ្វើរបងបិទមុខក្បាលដីជិត២ឆ្នាំហើយ គ្មានដំណោះស្រាយអ្វីឡើយ៕