(ព្រះវិហារ)៖ នៅព្រឹកថ្ងៃអាទិត្យទី១១ ខែសីហា ឆ្នាំ២០១៩នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ២៤២គ្រួសាររស់នៅក្នុងឃុំចំនួន ៥ នៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលពិធីនេះបានរៀបចំនៅបរិវេណវត្តទួលអណ្តែត ភូមិសង្គមថ្មី ឃុំទឹកក្រហម នៃស្រុកជាំក្សាន្ត។
ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទាំងអស់ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងលោកស្រី ចឹក ហេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ចចំពោះសុខទុក្ខ ដោយតែងតែចាត់ឱ្យមន្ត្រីក្រោមឱវាទចុះជួបដោយផ្ទាល់ជាមួយប្រជាពលរដ្ឋដែលត្រូវការឱ្យជួយជាចាំបាច់ ជាពិសេសប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅតាមបណ្តាខេត្តមួយចំនួន។
ជាមួយគ្នានេះ លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំសេចក្តីអំពាវនាវពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញេីឱ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ធម្មជាតិ ទឹកជំនន់ ផ្គរ រន្ទះ ហេីយត្រូវត្រៀមលក្ខណៈរកទីកន្លែងមានសុវត្ថិភាព។
ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ គិតគូរថែទាំសុខភាពឱ្យបានល្អ ដេីម្បីកាត់បន្ថយការចំណាយក្នុងគ្រួសារ ដោយត្រូវរស់នៅមានអនាម័យ ពិសាទឹកដាំឆ្អិន និងបរិភោគអាហារូបត្ថម្ភឱ្យបានត្រឹមត្រូវ ជៀសវាងជំងឺលេីសឈាម ជំងឺបេះដូង ឈឺសន្លាក់ ឬទឹកនោមផ្អែម។ល។
សូមសម្អាតបរិស្ថានជុំវិញផ្ទះ លុបបំបាត់ជម្រកសត្វមូស គេងក្នុងមុងជានិច្ចជៀសវាងជំងឺគ្រុនឈាម-គ្រុនចាញ់ ហេីយប្រសិនបេីក្តៅខ្លួន ឬចេញរោគសញ្ញាណាមួយត្រូវប្រញាប់ទៅមន្ទីរពេទ្យដេីម្បីព្យាបាលជាបន្ទាន់ ជៀសវាងបណ្តែតបណ្តោយពេលវេលាធ្វេីឱ្យប៉ះពាល់ដល់អាយុជីវិត។ ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ និងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យជៀសវាងជំងឺឆ្លងពីម្តាយទៅកូន ឬជំងឺតំណពូជជាដេីម និងទៅសម្រាលកូននៅមណ្ឌលសុខភាពដែលនៅជិតបំផុត។
បន្ថែមពីនេះ សូមប្រជាពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្ននៅតំបន់ដែលមានគ្រាប់មីន ឬគ្រាប់មិនទាន់ផ្ទុះដែលបន្សល់ទុកពីសង្គ្រាម ដែលករណីគ្រោះថ្នាក់នៅកេីតមានឡេីងជាយថាហេតុ។
ម្យ៉ាងទៀត ទន្ទឹមនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ស្អាតល្អគ្រប់ទីកន្លែង ក៏សូមប្រជាពលរដ្ឋគិតគូរពីសុវត្ថិភាពចរាចរណ៍ ដែលជាបញ្ហាប្រឈមបង្កឱ្យមានការស្លាប់និងពិការភាពជារៀងរាល់ថ្ងៃដែរ។ សូមចូលរួមចំណែកទាំងអស់គ្នា លុបបំបាត់គ្រឿង ញៀន គ្រឿងស្រវឹង និងល្បែងស៊ីសងគ្រប់ប្រភេទ ដេីម្បីលេីកកម្ពស់ភូមិឃុំមានសុវត្ថិភាព។
សូមបញ្ជាក់ថា អំណោយដែលបានចែកជូនគ្រួសារនីមួយៗរួមមាន ៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ឃីត១ (មុង ភួយ សារុង ក្រមា អាវយឺត)។ ដោយឡែក ប្រគេនទេយ្យវត្ថុដល់វត្តទួលអណ្តែត រួមមាន អង្ករ ១០០គីឡូក្រាម មី ១០០កំប៉ុង មី៥កេស និងថវិកា ១លានរៀល។ ប្រគេនព្រះចៅអធិការ ថវិកា ១០ម៉ឺនរៀល និងព្រះសង្ឃ ៤អង្គ ក្នុង ១អង្គៗ ថវិកា ៥ម៉ឺនរៀល៕