(បាងកក)៖ ធូស៊ីធូភី ដំណើរការ «easy2send» ដែលជាសេវាកម្មផ្ញើប្រាក់ក្រៅប្រទេស តាមរយៈការសហការ ជាមួយនិងដៃគូរ ក្នុងនិងក្រៅប្រទេស ដើម្បីសម្រួលប្រតិបត្តិការណ៍ ឆ្លងប្រទេសរបស់ជនជាតិថៃ និង ពលករចំណាកស្រុកម្ពុជា ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ។ សេវាកម្មនេះ ត្រូវបានគាំទ្រដោយទីភ្នាក់ងារបង់ប្រាក់ច្រើនជាង១០,០០០ទីតាំង នៅក្នុងប្រទេសថៃ ជាមួយនឹងតម្លៃសេវាចាប់ពី៩៩បាតតែប៉ុណ្ណោះ។
លោក ភីយ៉ាឆាត រតនាប្រាសាតផន នាយកប្រតិបត្តិនៃ ធូស៊ីធូភី (ថៃ) ខូអិលធីឌី បាននិយាយថា ស្ថិតិដែលបានបង្ហាញនៅក្នុងឆ្នាំ ២០១៨ ប្រទេសថៃ ត្រូវបានក្លាយជាផ្ទះរបស់ពលករចំណាកស្រុក លើសពី ២.១លាននាក់ ដែលច្រើនជាង ៩០% គឺជាជនជាតិ មីយ៉ាន់ម៉ា ឡាវ និង ខ្មែរ។ ចំនួនជនជាតិបរទេសនៅក្នុងប្រទេសថៃ ក៏ត្រូវបានកើនឡើងប្រៀបធៀប ជាមួយនឹងឆ្នាំមុន។
ដោយការមើលឃើញនូវឱកាស ក្នុងការបម្រើជូនកម្មករជនជាតិខ្មែរ ដែលធ្វើការនៅក្នុងប្រទេសថៃ ធូស៊ីធូភី បានរួមដៃគ្នាជាមួយនឹងធនាគារឯកទេស វីង។ ការចុះឈ្មោះធ្វើជាសមាជិករបស់ ធូស៊ីធូភី ឥឡូវនេះ ត្រូវបានដាក់ដំណើរការ សម្រាប់ប្រជាជនថៃ និង ជនជាតិបរទេស នៅគ្រប់ប្រៃសនីយ៍ថៃ និង ភ្នាក់ងាររបស់ ធូស៊ីធូភី ទាំងអស់នៅក្នុងប្រទេស។
បន្ទាប់មកទៀត សមាជិកអាចចាប់ផ្តើមផ្ញើប្រាក់តាមរយៈទីភ្នាក់ងារបង់ប្រាក់ច្រើនជាង ១០,០០០ទីតាំង ដែលគ្របដណ្តប់លើផ្ទៃប្រទេសថៃ និង អ្នកទទួលនឹងទទួលបានលេខកូដតាមរយៈសារ។ ជាមួយនឹងលេខកូដ ពួកគាត់អាចដកប្រាក់ នៅតាមទីភ្នាក់ងាររបស់ វីង ដែលមានច្រើនជាង ៦,០០០ សាខានៅកម្ពុជា។
លោក ឈុន វឌ្ឍនៈ ភក្តី នាយកប្រតិបត្តិផ្នែកជំនួញ នៃធនាគារឯកទេស វីង បានអះអាងថា តាមរយៈ ធូស៊ីធូភី ពលករខ្មែរនៅប្រទេសថៃ នឹងត្រូវបម្រើជូនជាមួយនឹងសេវាកម្មរហ័ស ងាយស្រួល និង ប្រកបដោយទំនុកចិត្ត។ ជាមួយគ្នានេះដែរ ភ្នាក់ងារ វីង របស់យើងបានត្រៀមខ្លួនរួចរាល់ ដើម្បីបម្រើសេវាកម្មជូនអ្នកទទួលប្រាក់នៅកម្ពុជា សម្រាប់តម្រូវការដកប្រាក់របស់ពួកគាត់នៅតាមភ្នាក់ងារ វីង ដែលមានច្រើនជាង ៦,០០០ទីតាំង នៅក្នុងប្រទេស។
លោក ភីសានុ វ៉ានីឆាផុល អនុប្រធានជាន់ខ្ពស់ ផ្នែកអភិវឌ្ឍន៍អាជីវកម្ម បាននិយាយថា «ប្រៃសនីយ៍ថៃ មានក្តីសោមនស្សន៍រីករាយជាមួយនឹងការសហការ និង ធ្វើការជាមួយនិង ធូស៊ីធូភី នៅក្នុងគម្រោងផ្សេងៗទៀត។ ពួកយើងជឿជាក់ថា easy2send នឹងក្លាយជាសេវាកម្មផ្ញើប្រាក់ក្រៅប្រទេស ដែលជោគជ័យជាងគេរបស់ ធូស៊ីធូភី។ ពួកយើងនឹងជួយរាល់អ្នកដែលមិនមែនជាជនជាតិថៃ ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ ក្នុងការផ្ញើប្រាក់ដោយស្របច្បាប់និងសុត្ថិភាព»៕