(ភ្នំពេញ)៖ ក្រុមហ៊ុនស្រាបៀរកម្ពុជា ខេមប្រ៊ូវ (Cambrew) ដែលជាក្រុមហ៊ុនផលិតស្រាបៀរ ដ៏ធំជាងគេនៅក្នុងប្រទេស បានបង្ហាញផលិតផលស្រាបៀរអង្គររូបរាងថ្មី សម្រាប់អតិថិជននាសម័យកាលថ្មីនេះ ដែលនិយមចូលចិត្តពិសាស្រាបៀរ។ ពិធីបង្ហាញរូបរាងស្រាបៀរអង្គរថ្មីជាផ្លូវការ បានធ្វើឡើងនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩។
ស្រាបៀរអង្គរ ត្រូវបានផលិតឡើងជាលើកដំបូងនាឆ្នាំ១៩៩២ ចាប់តាំងពីពេលនោះ ស្រាបៀរអង្គរទទួលបានពានរង្វាន់ជាច្រើនក្នុងការប្រកួតលំដាប់អន្តរជាតិ រួមទាំងការទទួលបាននូវមេដាយមាសបន្ថែមទៀត នាពេលថ្មីៗនេះ ពីស្ថាប័នត្រួតពិនិត្យ និងវាយតម្លៃគុណភាព ស្រាបៀរលំដាប់អន្តរជាតិ (ម៉ុងដ៍សេឡិកសិន)។ ការបង្ហាញនូវរូបរាងថ្មី និងជាមួយអារម្មណ៍ថ្មី តាមរយៈការធ្វើការកែលម្អជាបន្តបន្ទាប់លើការវេចខ្ចប់ផលិតផល ក៏ដូចជាកាបន្ថែមនូវគុណភាពនៃវត្ថុធាតុដើមដ៏ល្អ ហើយរក្សានូវរសជាតិដើមបែបខ្មែរ កាន់តែឈ្ងុយឆ្ងាញ់ ស្របទៅតាមតម្រូវការរបស់អតិថិជនកម្ពុជា នាពេលបច្ចុប្បន្ន។
លោក Michael Norgaard Jensen នាយកគ្រប់គ្រងទូទៅ បានសាទរចំពោះផលិតផលស្រាបៀរអង្គររូបរាងថ្មីនេះ។ លោកថ្លែងថា នេះគឺជាកិច្ចខិតខំប្រឹងប្រែងមួយរបស់ក្រុមហ៊ុន ស្រាបៀរអង្គរ ខេមប្រ៊ូវ ក្នុងការពង្រឹងនូវកេរ្ត៍ឈ្មោះម៉ាកសញ្ញាផលិតផល ពោរពេញទៅដោយភាពច្នៃប្រឌិត និងរស់រវើក តាមរយៈនូវការប្រើប្រាស់ម៉ាកយីហោនៃផលិតផលស្រាបៀរអង្គរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
លោកបន្តថា «យើងបានកំណត់ ដើម្បីធានាថា ស្រាបៀរត្រូវមានរសជាតិឈ្ងុយឆ្ងាញ់ និងមានគុណភាពល្អឥតខ្ចោះ ដោយធ្វើឱ្យប្រសើរឡើង នៃការទទួលបាន នូវបទពិសោធន៍ថ្មីចំពោះការរំពឹងទុក របស់អ្នកទទួលទានស្រាបៀរ ដែលមានភាពវ័យឆ្លាត នៅក្នុងប្រទេសកម្ពុជានាពេលអនាគត ជាមួយនឹងម៉ាកសញ្ញាផលិតផលមួយនេះ»។
នៅរយៈពេលប្រមាណសប្តាហ៍ និងប្រមាណខែខាងមុខទៀតនេះ ម៉ាកសញ្ញាផលិតផលថ្មីនេះ នឹងចាប់ផ្តើមមានដំណើរការកាន់តែប្រសើរឡើង ដោយការផ្តល់ជូនអតិថិជន នូវបទពិសោធន៏ល្អប្រសើរ ជាមួយនឹងស្រាបៀរ ដែលមានគុណភាពល្អ។ ស្រាបៀរអង្គររូបរាងថ្មី ជាប្រភេទដប មានចំណុះ៣០០ម.ល និង ៦៤០ម.ល និងជាប្រភេទកំប៉ុងមានចំណុះ៣៣០ម.ល អាចរកទិញបាននៅគ្រប់តូបអ្នកលក់ដុំ និងរាយ នឹងនៅហាង/ ភោជនីយដ្ឋាននានា នៅទូទាំងប្រទេសកម្ពុជា នាបំណាច់ឆ្នាំនេះ។
លោក Michael Norgaard Jensen បានជំរុញថា អតិថិជនទាំងអស់មានឱកាស អាចចូលរួមសាកល្បងម៉ាកផលិតផលដែលខ្លួនចូលចិត្ត នៅតាមហាងមួយចំនួន និងតាមរយៈកម្មវិធីអនឡាន ជាមួយគ្នានេះផងដែរអតិថិជនទាំងអស់ អាចឈ្នះរង្វាន់ជាសាច់ប្រាក់សុទ្ធពីកម្មវិធីនេះ ដើម្បីបង្កើនភាពរីករាយរបស់ពួកគេទ្វេរដង។
ស្រាបៀរអង្គរជាប់ចំណាត់ថ្នាក់ ជាស្រាបៀរដែលល្អជាងគេនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។ នេះគឺជាសក្ខីភាព ដែលសរបញ្ជាក់អំពី ការបន្តឆ្ពោះទៅរកការផលិតស្រាបៀរ ដែលកាន់តែល្អ ឆ្លើយតបទៅនឹងចំណង់ចំណូលចិត្ត ភាពច្នៃប្រឌិត និងការផ្តល់ជូនបទពិសោធន៍រីករាយថ្មីទៅកាន់អតិថិជន។
ដើម្បីផ្តល់ជូនអតិថិជន នូវបទពិសោធន៍កាន់តែល្អប្រសើរ ជាមួយនឹងស្រាបៀរដែលមានគុណភាពល្អ។ ដោយមានការគាំទ្រជំរុញយ៉ាងខ្លាំងក្លា អំពីអតីកាលដ៏រុងរឿងនៃម៉ាកសញ្ញាផលិតផលរបស់ខ្លួន ក្រុមហ៊ុនស្រាបៀរអង្គរ ខេមប្រ៊ូវ បានពិនិត្យលើគ្រប់ទិដ្ឋភាពទាំងអស់ នៃម៉ាកសញ្ញាផលិតផល ក្នុងនោះមានដូចជា៖ ផលិតផល ការវេចខ្ចប់ និងដំណើរការ។
បើតាមលោក Michael Norgaard Jensen បានគូសបញ្ជាក់ថា «អ្វីៗដែលយើងបានធ្វើនាពេលនេះ វាគឺជាតម្រូវការទាមទាររបស់យើងទាំងអស់គ្នា។ ដោយឡែក ការវេចខ្ចប់មានលក្ខណៈថ្មីប្លែក កាន់តែទំនើប និងទាន់សម័យ ដោយធ្វើការរំលេចនូវ រូបភាពប្រាង្គប្រាសាទអង្គវត្តដ៏ល្បីល្បាញនៅលើសាកលលោក»។
ទាំងនេះជាការបញ្ជាក់នៃមោទកភាពរបស់ម៉ាកសញ្ញាផលិតផលមួយ ដែលបានផ្សាភ្ជាប់ទៅនឹងវប្បធម៌ និងកេរតំណែលដ៏រុងរឿងមួយរបស់ខ្មែរ ទាំងនេះហើយដែលធ្វើឱ្យក្រុមហ៊ុនមានមោទកភាពជាតិផងដែរ។ ពាក្យពេចន៍ ដែលបានសរសេរដោយអក្សរពណ៌ស ថា «អង្គរ» និង «ឆ្នាំ១៩៩២» និងពាក្យថា «ល្អប្រណិត» ត្រូវបានរំលេចចេញជាឈ្មោះម៉ាកសញ្ញាផលិតផលមួយ ដែលផ្សារភា្ជប់ទៅនឹងសិល្ប:ហត្ថកម្ម និងជាស្រាបៀរដ៏ល្អប្រណិតមួយ ដែលមានប្រវត្តិដ៏រឹងមាំ និងយូរអង្វែង។
លោក Michael បានឱ្យដឹងថា ស្រាបៀរអង្គរ ជាផ្នែកមួយនៃមោទកភាពរបស់អតិថិជនកម្ពុជា ចំពោះគុណតម្លៃ និងវប្បធម៌របស់ខ្មែរ។ ការអភិវឌ្ឍស្រាបៀរអង្គរថ្មី គឺជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយបង្អស់ ដែលបានគូសបញ្ជាក់តាមរយៈម៉ាកសញ្ញាផលិតផល ដែលបានបញ្ជាក់អំពីទីតាំង ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា។
លោក Matteo Fantacchiotti អនុប្រធានផ្នែកពាណិជ្ជកម្មក្រុមហ៊ុន Carlsberg Asia បានឱ្យដឹងថា ការអភិវឌ្ឍថ្មី នៃស្រាបៀរអង្គរ គឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ក្នុងការពន្លឿនកំណើនការលក់ និងផលចំណេញនៅក្នុងតំបន់អាស៉ី។ បន្ថែមលើសពីនេះ ដើម្បីបន្តភាពរីកចម្រើនយ៉ាងធំទូលាយនេះ សម្រាប់គ្រប់ម៉ាកសញ្ញាផលិតផលលំដាប់អន្តរជាតិ គេបានកំពុងធ្វើឱ្យប្រសើរឡើងនូវការផ្គត់ផ្គង់ផលិតផល និងពង្រឹងលើម៉ាកសញ្ញាផលិតផលសំខាន់ៗ ហើយក៏ត្រូវកសាងភាពខ្លាំង រឹងមាំចំពោះម៉ាកសញ្ញាផលិតក្នុងស្រុកផងដែរ។
ការខិតខំប្រឹងប្រែងមួយនេះ ផលិតផលស្រាបៀរអង្គរ ត្រូវបានចាត់ចូលនៅក្នុងចំណោមផលិតផល ជាយុទ្ធសាស្រ្តសំខាន់ៗ និងជាអាទិភាពផងដែរ។ នេះជាចំណាប់អារម្មណ៍បន្ថែមរបស់លោក Matteo ។
ស្រាបៀរអង្គរថ្មី ត្រូវបានប្រើប្រាស់នូវ វត្ថុធាតុដើមដ៏ល្អបំផុត មានប្រភពមកពីគ្រប់ទីកន្លែង នៃបណ្តាញរបស់ក្រុមហ៊ុន Carlsberg Group ដើម្បីផលិតស្រាបៀរ ដែលប្រកបដោយទេពកោសល្យខ្ពស់ នៅក្នុងប្រវត្តិនៃការផលិតស្រាបៀរ របស់ក្រុមហ៊ុន Carlsberg កាលពីជាង១៧០ឆ្នាំមុន។ ដោយឡែកស្រាបៀរ ត្រូវបានផលិតចេញពីប្រទេស ដែលមានបទពិសោធន៍ខ្ពស់ក្នុងការផលិតស្រាបៀរ នឹងមានរោងចក្រផលិតស្រាបៀរធំជាងគេ នៅក្នុងតំបន់អាស៉ីអាគ្នេយន៍ ហើយដំណើរការ នៃការផលិតស្រាបៀរ ស្របតាមស្តង់ដារ និងបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់មកពីអឺរ៉ុប។
ក្រុមហ៊ុន Carlsberg Group បន្តឆ្ពោះទៅរក ការផលិតស្រាបៀរដ៏ល្អ ចាប់តាំងពីឆ្នាំ១៨៤៧ ដែលត្រូវរកឃើញដោយ លោក J.C. Jacobsen នៅទីក្រុង Copenhagen នៃប្រទេសដាណាម៉ាក។ មកទល់នាពេលបច្ចុប្បន្ន ក្រុមហ៊ុន Carlsberg Group បានផលិត នូវផលិតផលជាច្រើនប្រភេទ ប្រមាណជាង ១៤០ម៉ាកសញ្ញាផលិតផលនៅទូទាំងសាកលលោក ហើយផលិតផលនីមួយៗ មានលក្ខណៈពិសេសដាច់ដោយឡែកពីគ្នា រៀងៗខ្លួន។
លោក Metteo អះអាងថា «ប្រជាជនប្រមាណជាង ១៥០លាននាក់ នៅលើទីផ្សារ ជុំវិញពិភពលោក បានរីករាយជាមួយគ្រប់ផលិតផលរបស់យើង។ ហើយនាឆ្នាំ២០១៨នេះ ក្រុមហ៊ុនបានផលិតស្រាបៀរបានប្រមាណ ១២កោដិលីត្រ»៕