(កោះកុង)៖ លោក ហាក់ ឡេង អភិបាលស្រុកមណ្ឌលសីមា និងជាប្រធានអនុសាខាកាកបាទក្រហមស្រុក នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ បានដឹកនាំសមាជិក សមាជិកា ចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់អនុសាខាកាកបាទក្រហមស្រុក ទៅចែកជូនដល់ប្រជាពលរដ្ឋចំនួន ៧៥គ្រួសារ ដែលទទួលរងគ្រោះដោយសារទឹកជំនន់ដែលហូរពីជ្រឡងភ្នំ ស្ថិតនៅ ភូមិកោះប៉ោរ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
លោក ហាក់ ឡេង បានថ្លែងថា ក្រោយពីលោកបានទទួលព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅភូមិកោះប៉ោរ ទាំងកណ្តាលអាធាត្រថា មានទឹកជំនន់លិចលំនៅដ្ឋានពួកគាត់ អាជ្ញាត្រៀមលក្ខណៈជាស្រេច ដើម្បីរងចាំជួយសង្រ្គោះរកកន្លែងទីទួលសុវត្តិភាព។
លោកបានបន្តថា ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់មានចំនួន៧៥គ្រួសារ ដែលពួកគាត់រស់នៅតាមដងព្រែកកោះប៉ោរ ដែលអាស្រ័យផល ទៅលើកការធ្វើនេសាទ និងកសិកម្មបន្តិចបន្តួច ហើយទឹកជំនន់នេះវាកើតចេញពីមានភ្លៀងធ្លាក់រាល់ថ្ងៃ ព្រោះវាជារដូវវស្សា ទើបបណ្តាលទឹកហូរ តាមជ្រលងភ្នំធ្លាក់ហូរ មកតាមព្រែកនេះបណ្តាលឱ្យកើតជាទឹកជំនន់ខ្លាំង។ តែអ្វីដែលសំខាន់ទឹកជំនន់នេះ មិនបានធ្វើឱ្យប្រជាពលរដ្ឋណាម្នាក់ ទទួលគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ខូចខាតតែផលដំណាំបន្តិចបន្តួចប៉ុណ្ណោះ។
លោក ហាក់ ឡេង បានបញ្ជាក់ថា ថ្ងៃនេះក្រុមការងារបានធ្វើដំណើរការឆ្លងកាត់ព្យុះភ្លៀងរលក ដើម្បីចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់ដាច់ស្រយាលផ្សេងៗគ្នា លោកចុះជួយទាំងអស់ ដោយមិនប្រកាន់នៅនិន្នាការនយោបាយបក្សណាមួយឡើយ ហើយមិនថាឆ្ងាយ ឬជិតឱ្យតែទទួលបានព័ត៌មានភ្លាមក្រុមការងារកាកបាទក្រហមកម្ពុជា ទៅដល់ទីនោះភ្លាមដោយមិនគិតព្យុះភ្លៀងឡើយ៕