(រតនគិរី)៖ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តរតនគិរី បានដឹកនាំសមាជិកក្រុមការងារ ចុះពិនិត្យស្ថានភាពទឹកជំនន់ តាមបណ្តោយផ្លូវជាតិលេខ៧៨ ស្ថិតក្នុងឃុំស្រែអង្រ្គង និងស្ថានភាពទឹកជំនន់ជន់លិចភូមិដ្ឋានរបស់ប្រជាពលរដ្ឋ នៅឃុំសិរីមង្គល ស្រុកកូនមុំ។
ឆ្លៀតក្នុងឱកាសនេះ ទេសរដ្ឋមន្ត្រី បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលត្រូវបានជម្លៀសទៅស្នាក់នៅបណ្តោះអាសន្នលើទីទួលសុវត្ថិភាព ស្ថិតក្នុងឃុំជ័យឧត្ដម ស្រុកលំផាត់ និងស្ថានភាពទឹកទន្លេស្រែពកផងដែរ។ ទេសរដ្ឋមន្រ្តី បានឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋនូវគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ផ្សេងៗមួយចំនួន រួមមាន ៖ មី ១,២០០ កេស ត្រីខ ៦០០ យូរ ពីដុងទឹក ៥០០ តង់ ៥០០ ថ្នាំប៉ារ៉ា ៤,៨០០ បន្ទះ និងវីតាមីន ៦,៤០០ បន្ទះ សរុបថវិកាសរុបចំនួន ៥០.២២០.០០០ រៀល។
ក្នុងនាមបងប្អូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយសារទឹកជំនន់ និងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តរតនគិរី ទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះ ជូនចំពោះ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ដែលបានយកចិត្តទុកដាក់ខ្ពស់ ចំពោះសុវត្ថិភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារទឹកជំនន់។
នាថ្ងៃនេះ ស្ថានភាពទឹកជំនន់ បានស្រកចុះ ហើយប្រជាពលរដ្ឋមួយចំនួនអាចវិលត្រឡប់ទៅគេហដ្ឋានវិញ។ ទេសរដ្ឋមន្ត្រី បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវចេះរស់នៅស្អាត និងថែរក្សាសុខភាព ក្រោយពេលទឹកស្រកចុះ។ ទេសរដ្ឋមន្ត្រី នឹងបន្តយកចិត្តទុកដាក់ និងជួយដល់បងប្អូនប្រជាពលរដ្ឋក្រោយទឹកស្រកចុះអស់៕