(រតនគិរី)៖ ស្ថានភាពទឹកនៅឃុំសិរីមង្គល ស្រុកកូនមុំ ខេត្ដរតនគិរី បានស្រកទៅវិញហើយ ខណៈប្រជាពលរដ្ឋ ប្រមាណ៧០០គ្រួសារ ក៏កំពុងចាប់ផ្ដើមវិលត្រឡប់ ទៅកាន់ផ្ទះសម្បែងរៀងៗខ្លួនផងដែរ។ នេះបើតាមឲ្យដឹងពី ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ពីខេត្តរតនគិរី នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩នេះ ទេសរដ្ឋមន្ដ្រី គន់ គីម បានអះអាងថា បើទោះបីទឹកស្រកក៏ពិតមែន តែសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅបន្ដតាមដានសុខទុក្ខរបស់ប្រជាពលរដ្ឋយ៉ាងយកចិត្ដទុកដាក់។
ទេសរដ្ឋមន្ដ្រី គន់ គីម ដែលត្រូវបានសម្ដេចតេជោ ហ៊ុន សែន បញ្ជាឲ្យចុះអន្ដរាគមន៍សង្គ្រោះប្រជាពលរដ្ឋ នៅកន្លែងប្រឈមដោយទឹកជំនន់ បានថ្លែងយ៉ាងដូច្នេះថា «នៅឃុំសិរីមង្គល ស្រុកកូនមុំ ទឹកបានស្រកជាង២ម៉ែត្រ ប្រជាពលរដ្ឋប្រមាណ៧០០គ្រួសារ បានវិលត្រឡប់ទៅចូលផ្ទះសម្បែង ដើម្បីបោសសម្អាត ធ្វើអនាម័យផ្ទះសម្បែងការពារជំងឺផ្សេង ខណៈកន្លែងខ្លះនៅមានទឹកបន្ដិចបន្តួច»។
លោក គន់ គីម បានឲ្យដឹងទៀតថា នៅពេលប្រជាពលរដ្ឋវិលត្រឡប់ចូលផ្ទះសម្បែងវិញនេះ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ច នៅតែបន្ដផ្គត់ផ្គង់ទឹកស្អាត ដើម្បីឲ្យពួកគាត់ប្រើប្រាស់ដដែល និងបានណែនាំឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការប្រយ័ត្ន ពិសេសត្រូវធ្វើអនាម័យផ្ទះសម្បែង ដើម្បីកុំឲ្យប្រឈមជាមួយជំងឺដង្កាត់ផ្សេងៗ។
បើតាមទេសរដ្ឋមន្ដ្រី គន់ គីម សម្រាប់បញ្ហាទឹកស្អាតនេះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឧបត្ថម្ភកាដុងសម្រាប់ដាក់ទឹក ចំនួន១,០០០កាដុងផងដែរ តាមរយៈលោក ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋប្រើប្រាស់តាមតម្រូវការជាក់ស្ដែង។ ដោយឡែក ចំពោះទឹកវិញ រថយន្ដរបស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានដឹកយកទៅជូនជាបន្ដបន្ទាប់ផងដែរ។
លើសពីនេះ ដោយឃើញស្ថានភាពលំបាករបស់ប្រជាពលរដ្ឋក្រោយទឹកស្រក ពិសេសលើការប្រកបរបរផ្សេងៗនោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ស្អែកនេះ បានចាត់ឲ្យលោក គន់ គីម យកអំណោយចែកជូនជាបន្ដបន្ទាប់ផងដែរ រួមមាន អង្ករ និងឃីតជាដើម ដើម្បីដោះស្រាយជីវភាព។
ជាមួយគ្នានេះ លោក ចាន់ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគិរី បានប្រាប់ភ្នាក់ងារ Fresh News នៅវេលាថ្ងៃត្រង់នេះដែរថា ទឹកទន្លេស្រែពក ចាប់ផ្តើមស្រកហើយ ឥលូវនៅត្រឹមកម្ពស់១០,៥០ម៉ែត្រតែប៉ុណ្ណោះ លែងជាបញ្ហាព្រួយបារម្មណ៍ ចំពោះប្រជាពលរដ្ឋចំនួន២ស្រុក គឺស្រុកកូនមុំ និងស្រុកលំផាត់ ដែលរស់នៅតាមដងទន្លេស្រែពក៕