Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក គួច ចំរើន នាំយកអំណោយមនុស្សធម៌កាកបាទក្រហម ចែកជូនពលរដ្ឋ ២០គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកព្រៃនប់

11-08-2019 12:43

(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ រួមទាំងសមាជិកសមាជិកាគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខាស្រុកព្រៃនប់ នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩នេះ បាននាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅចែកជូនគ្រួសារជនរងគ្រោះ ដោយសារទឹកជំនន់ទឹកភ្លៀងសរុបចំនួន ២០គ្រួសារ នៅភូមិបែកក្រង់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

នៅក្នុងឱកាសជួបសំណេះសំណាលជាមួយនឹងបងប្អូនប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ទឹកភ្លៀង លោក គួច ចំរើន បានពាំនាំការសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យថែទាំសុខភាពឱ្យបានល្អ ត្រូវរស់នៅស្អាត ពិសាទឹកឆ្អិន និងគេងក្នុងមុងជានិច្ច ត្រូវមើលថែទាំក្មេងៗ និងចាស់ជរា ឱ្យបានល្អ ជាពិសេស ត្រូវរក្សាទុកដាក់ទឹកប្រើប្រាស់ឱ្យបានត្រឹមត្រូវ ព្រោះរដូវក្តៅនឹងខិតចូលមកដល់ខាងមុខនេះ ដូចនេះត្រូវមានការប្រុងប្រយ័ត្នខ្ពស់អំពីការថែរក្សា និងទុកដាក់ទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ជាពិសេសត្រូវប្រយ័ត្នប្រយែង ចំពោះសត្វអសិរពិសខាំតិចនៅរដូវទឹកជន់លិច។

សូមជម្រាបថា អំណោយដែលចែកជូនប្រជាពលរដ្ឋនាពេលនោះ ក្នុង១គ្រួសារទទួលបានមុង២, ភួយ១, ក្រមា១, សារុង១, មី១កេះ, ត្រីខ១យួរមាន១០កំប៉ុង, កន្ទេល, ១តង់១ និងថវិកា ១០ម៉ឺនរៀល។

ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ គ្រោះធម្មជាតិដែលបណ្ដាលមកពីទឹកភ្លៀង បានវាយប្រហារយ៉ាងធ្ងន់ធ្ងរនៅខេត្តព្រះសីហនុ ជាពិសេសនៅក្រុងព្រះសីហនុ និងតាមឃុំមួយចំនួនរបស់ស្រុកព្រៃនប់ ទាំងតាមផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ៤។

សម្រាប់ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងកាលពីម្សិលមិញថា សម្រាប់ប្រជាពលរដ្ឋនៅមុខតំបន់សេដ្ឋកិច្ច ពិសេសជេចៀន ឃុំជើងគោ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចជួយសង្គ្រោះ និងជម្លៀសទាន់ពេលវេលាទៅកាន់ទីទួលសុវត្ថិភាពហើយ៕