(ភ្នំពេញ)៖ វិស័យសំណង់នៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ចាប់ផ្ដើមមានការរីកចម្រើន និងរីកដុះដាលជាខ្លាំង ដោយសារមូលហេតុនៃកំណើនវិនិយោគិន និងកំណើនប្រជាជនមានការកើនឡើង ដូច្នេះតម្រូវការរបស់មនុស្សក៏កើនឡើងកាន់តែច្រើនដូចគ្នា ដែលក្នុងនោះយើងសង្កេតឃើញថា មានសំណង់លំនៅដ្ឋាន ឬអគារផ្សេងៗត្រូវបាននឹងកំពុងសាងសង់យ៉ាងហូរហែដើម្បីបំពេញតាមសេចក្ដីត្រូវការស់ប្រជាពលរដ្ឋ ក៏ដូចជាវិនិយោគិនបរទេស។
ទន្ទឹមនឹងនេះ ដើម្បីធានាថាការសាងសង់ និងសំណង់ទាំងនោះ ត្រូវបានធ្វើឡើងដោយស្របទៅតាមបទដ្ឋានគតិយុត្ត ព្រមទាំងមិនបង្កនូវបញ្ហា ឬគ្រោះថ្នាក់ណាមួយជាយថាហេតុ អ្នកដែលមានបំណងចង់សាងសង់នូវសំណង់ថ្មី ត្រូវទទួលបានលិខិតអនុញ្ញាតសាងសង់ជាមុនសិន ហើយលក្ខខណ្ឌនៃការស្នើសុំលិខិតនេះទៀតសោតក៏ត្រូវបានបញ្ញត្តយ៉ាងជាក់លាក់ដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
ដើម្បីស្វែងយល់ឱ្យកាន់តែច្បាស់ អំពីនីតិវិធីនៃការស្នើសុំលិខិតអនុញ្ញាតខាងលើ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «ការស្នើសុំលិខិតអនុញ្ញាតសាងសង់» មកបកស្រាយ និងចែករំលែក ជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតទាំងអស់ដូចតទៅ៖
យោងតាមអនុក្រឹត្យលេខ ៨៦ អនក្រ.បក ស្ដីពីលិខិតអនុញ្ញាតសាងសង់ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ សំណង់ដែលតម្រូវឱ្យមានលិខិតអនុញ្ញាតសាងសង់ជាមុនគឺ រាល់ការសាងសង់ថ្មី ឬសាងសង់ឡើងវិញលើអគារដែលមានស្រាប់ (ក្នុងករណីដែលការសាងសង់ឡើងវិញនោះប្ដូរទ្រង់ទ្រាយ ឬទិដ្ឋភាពនៃសំណង់) នៅក្នុងទីក្រុង និងទីប្រជុំជន។
ចំណែកឯសំណង់ជាលំនៅដ្ឋាន របស់ប្រជាពលរដ្ឋដែលស្ថិតនៅទីជនបទ ឬតំបន់ឆ្ងាយពីផ្លូវជាតិ ផ្លូវដែក និងឆ្ងាយពីតំបន់រមណីយដ្ឋានទេសចរណ៍ តំបន់បេតិកភណ្ឌជាតិ ឬតំបន់រក្សាទុកការពារវិញនោះ គឺមិនតម្រូវឱ្យមានលិខិតអនុញ្ញាតសាងសង់នោះឡើយ។ លិខិតអនុញ្ញាតសាងសង់ ត្រូវបានតម្រូវឱ្យស្នើសុំដោយម្ចាស់គម្រោង ឬអ្នកតំណាងស្របច្បាប់របស់ម្ចាស់គម្រោង។ ជាក់ស្ដែងនីតិវីធីនៃការស្នើសុំលិខិតអនុញ្ញាតសាងសង់នេះ មិនមានលក្ខណៈស្មុគស្មាញដែលអាចបង្កជា ការលំបាកដល់បងប្អូនប្រជាពលរដ្ឋនោះឡើយ។
មាត្រា៩ នៃអនុក្រឹត្យ ស្ដីពីលិខិតអនុញ្ញាតសាងសង់ បានចែងអំពីឯកសារចាំបាច់សម្រាប់ការស្នើសុំដូចខាងក្រោម៖
១៖ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬ ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់អចលនវត្ថុ ឬលិខិតកាន់កាប់ដីជាបណ្ដោះអាសន្ន
២៖ សលាកបត្រដីឡូតិ៍ និងប្លង់ទីតាំងអគារនៅក្នុងដីឡូតិ៍
៣៖ ប្លង់ និងគម្រោងស្ថាបត្យកម្ម វិស្វកម្ម
៤៖ អត្តសញ្ញាណប័ណ្ណសម្គាល់ជាជនជាតិខ្មែររបស់អ្នកស្នើសុំ
៥៖ ពាក្យសុំលិខិតអនុញ្ញាតសាងសង់ដោយមានហត្ថលេខារបស់ម្ចាស់ដី និងអ្នកធ្វើគម្រោង។ (សំណុំលិខិតពាក្យសុំលិខិតអនុញ្ញាតសាងសង់ទាំងអស់ត្រូវធ្វើឡើងជាភាសាខ្មែរ ហើយអត្ថបទជាភាសាអង់គ្លេស និងភាសាបារាំងអាចផ្ដល់ភ្ជាប់ជាមួយនឹងលិខិតនេះបាន)
គួរបញ្ជាក់ផងដែរថា អាជ្ញាធរដែលមានសមត្ថកិច្ចក្នុងការចេញលិខិតអនុញ្ញាតសាងសង់មានចំនួន ០៣ ថ្នាក់។ ទី១ គឺថ្នាក់ក្រុង ស្រុក ខណ្ឌ ចំពោះសំណង់ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបតូចជាង ឬស្មើ ៥០០ ម៉ែត្រការ៉េ។ ទី២ គឺថ្នាក់រាជធានី ខេត្ត ចំពោះសំណង់ដែលមានផ្ទៃក្រឡាកម្រាលសំណង់ធំជាង ៥០០ ម៉ែត្រការ៉េ ដល់ ៣០០០ ម៉ែត្រការ៉េ។ រីឯទី៣ គឺគម្រោងសាងសង់ណាដែលមានផ្ទៃក្រឡាកម្រាលសំណង់ធំជាង ៣០០០ ម៉ែត្រការ៉េ ត្រូវមកសុំការអនុញ្ញាតសាងសង់នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផ្ទាល់តែម្តង ។
បើយោងតាមអនុក្រឹត្យខាងលើនេះដដែល រយៈពេលសម្រាប់ពិនិត្យសំណុំលិខិតអនុញ្ញាតសាងសង់ ត្រូវបានកំណត់ត្រឹម ៤៥ ថ្ងៃធ្វើការ។ រយៈពេលនេះ គិតចាពីថ្ងៃដែលរាល់លិខិតស្នាម ភ្ជាប់ជាមួយនឹងពាក្យសុំលិខិត អនុញ្ញាតសាងសង់បានបំពេញសព្វគ្រប់។ នៅចុងរយៈពេលកំណត់នេះ អ្នកស្នើសុំនឹងទទួលបានដំណឹងអំពីសេចក្ដីសម្រេចជាលាយលក្ខអក្សរ ស្ដីពីការអនុញ្ញាត ការមិនអនុញ្ញាត ឬការអនុញ្ញាតដែរ តែស្នើសុំឱ្យកែសម្រួលបន្ថែម។
យោងទៅតាមប្រកាសអន្តរក្រសួងរវាង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់លេខ ០៣៣ ស.ហ.វ. ប្រ.ក ថ្ងៃទី១២ ខែមករា ២០០៦ ការបង់ថ្លៃក្នុងការស្នើសុំគឺគិតទៅលើទំហំផ្ទៃក្រឡា និងប្រភេទគម្រោងសាងសង់នោះ ។
ឧទាហរណ៍៖ សម្រាប់គម្រោងសំណង់លំនៅដ្ឋាន ដែលមានផ្ទៃក្រឡាសាងសង់ទំហំ ៥០០ ម៉ែត្រការ៉េ តម្លៃសោហ៊ុយសេវាគឺប្រែប្រួលទៅតាមប្រភេទផ្ទះដូចជា ភូមិគ្រឹះត្រូវបង់សេវាចន្លោះពី ៦សែនរៀល ដល់១,៨លានរៀល។ សម្រាប់ផ្ទះល្វែងថ្លៃសេវាចន្លោះពី ៤សែនរៀល ដល់១,២លានរៀល និងសម្រាប់ផ្ទះថ្មក្រោមឈើលើមានតម្លៃចន្លោះពី ១៤ម៉ឺនរៀល ទៅ ២២ម៉ឺនរៀល។
ស្របគ្នានេះដែរ បងប្អូនប្រជាពលរដ្ឋទាំងអស់គួរគប្បីស្វែងយល់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួនទៅតាមនីតិវិធីខាងលើ ដោយហេតុថា រាល់សំណង់ដែលបាន ចាប់ផ្ដើមដោយមិនមានលិខិតអនុញ្ញាត សាងសង់ពីអាជ្ញាធរមានសមត្ថកិច្ច នឹងត្រូវចាត់ទុកជាបទល្មើស ហើយការដ្ឋានសាងសង់នឹងត្រូវបានបញ្ឈប់ជាបន្ទាន់។
លើសពីនេះ បុគ្គលដែលបានប្រព្រឹត្តល្មើសនឹងបទបញ្ជារបស់មន្ត្រីមានសមត្ថកិច្ច នឹងត្រូវជាប់ចោទ ហើយឧបករណ៍ទាំងអស់នៅក្នុងការដ្ឋាននឹងត្រូវបានរឹបអូស និងអាចរងការពិន័យអន្តរការណ៍ថែមទៀតផង។ (យោងតាមមាត្រា២៤ នៃអនុក្រឹត្យលេខ ៨៦ អនក្រ.បក ស្ដីពីលិខិតអនុញ្ញាតសាងសង់ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៩៧ និងយោងតាម ប្រកាសអន្តរក្រសួងស្ដីពី នីតិវិធីនិងបែបបទនៃការធ្វើអធិការកិច្ចសំណង់លេខៈ ១១៨ប្រក/ដ.ន.ស.កយ ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩)៕
រៀបរៀងដោយ៖ លោកមេធាវី ឡាន ស៊ីនីត និងកញ្ញា គន្ធ វិជិតា ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៊ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវី កម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group៕