(តេហេរ៉ង់)៖ យោធាអ៊ីរ៉ង់ នៅថ្ងៃសៅរ៍នេះ បានបង្ហាញប្រព័ន្ធរ៉ាដាថ្មីមួយផលិតដោយដៃអ្នកជំនាញ របស់ខ្លួន ដែលអាចជួយការពារដែនអាកាសប្រឆាំងនឹងមីស៊ីលបាលិស្ទីគ និងយន្ដហោះដ្រូន នៅចំងាយ ៤០០គីឡូម៉ែត្រ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០១៩។
ការបង្ហាញពីប្រព័ន្ធរ៉ាដាឈ្មោះ Falaq កើតមានឡើងនៅចំពេលអ៊ីរ៉ង់ កំពុងមានភាពតានតឹងជាមួយ សហរដ្ឋអាមេរិក ចាប់តាំងពីយោធាអ៊ីរ៉ង់បាញ់ទម្លាក់យន្ដហោះដ្រូនស៊ើបការណ៍អាមេរិកមួយគ្រឿង កាលពីខែមិថុនា កន្លងទៅ។ ដោយឡែក បើតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ ប្រព័ន្ធរ៉ាដា Falaq ត្រូវបាន អភិវឌ្ឍបន្ថែមចេញពីប្រព័ន្ធរ៉ាដារុស្ស៊ី Gamma ព្រមទាំងអាចចាប់សញ្ញាមីស៊ីលបាលិស្ទីគ យន្ដហោះដ្រូន ក្នុងចំងាយ៤០០គីឡូម៉ែត្រ។
គួរបញ្ជាក់ថា បើតាមយោធាអ៊ីរ៉ង់ ប្រព័ន្ធរ៉ាដា Falaq អាចប្រើប្រាស់បានជាមួយប្រព័ន្ធមីស៊ីលការពារ ដែនអាកាស S-300 ដែលទីក្រុងតេហេរ៉ង់ ទិញពីរុស្ស៊ីកាលពីឆ្នាំ២០១៦៕