(ត្បូងឃ្មុំ)៖ នៅថ្ងៃសៅរ៍ ១០កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែសីហាឆ្នាំ២០១៩ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យក្រុមការងារដឹកនាំដោយលោក កៀង វឌ្ឍនៈ ជំនួយការអគ្គលេខាធិការដ្ឋាន កាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ព្រមទាំងនាំយកថវិកាចំនួន ៥លានរៀល និងគ្រឿងឧបភោគ-បរិភោគ ទៅចូលរួមបុណ្យសពជនរងគ្រោះទាំងពីរនាក់ ដែលបាន តម្កល់ធ្វេីបុណ្យតាមប្រពៃណីនៅស្រុកកំណេីត នៅភូមិរើល ឃុំដួនតី ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា សូមសម្តែងនូវក្តីស្លុតរន្ធត់ ចំពោះឧបទ្ទវហេតុ កេីតឡេីង និងសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំជាទីបំផុត ជាមួយគ្រួសារនៃសព ចំពោះការបាត់បង់សាច់ញាតិជាទីស្រឡាញ់ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ សពជនរងគ្រោះទាំង២រូប បានចាប់កំណើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡេីយ ។
សូមបញ្ជាក់ថា ជនរងគ្រោះទាំង២នាក់ បានស្លាប់ដោយគ្រោះធម្មជាតិទឹកជំនន់ នៅក្រុងព្រះសីហនុ កាលពីយប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៣:០០នាទីព្រឹក ដែលក្នុងនោះ ជនរងគ្រោះទី១ឈ្មោះ ស៊ុន គីមសាន ភេទប្រុស អាយុ ៥៧ឆ្នាំ និងជនរងគ្រោះទី២ឈ្មោះ សេង ញ៉េន ភេទ ស្រី អាយុ ៥៦ឆ្នាំ ដែល មានស្រុកកំណើតជាមួយគ្នា ស្ថិតនៅភូមិរើលក្រោម ឃុំដូនតី ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ៕