(រតនគិរី)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចាត់ឲ្យលោកឧត្តមសេនីយ៍ទោ លៀង ភារម្យ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក យកអំណោយចែកជូនប្រជាពលរដ្ឋ ចំនួន២៤០គ្រួសារ ដែលរងគ្រោះទឹកជំនន់នៅឃុំលំផាត់ ស្រុកលំផាត់ ខេត្តរតនគិរី។
ក្រោយទទួលបានការណែនាំនេះ លោកឧត្តមសេនីយ៍ទោ លៀង ភារម្យ បានដឹកនាំសហការីយកថវិកា អង្ករ និងគ្រឿងឧបភោគ បរិភោគ ចុះសួរសុខទុក្ខ និងផ្តល់ជូនប្រជាពលរដ្ឋ នៅក្នុងឃុំលំផាត់ ស្រុកលំផាត់ ចំនួន២៤០គ្រួសារ ដែលកំពុងរងគ្រោះដោយទឹកជំនន់ និងកងកមាំងវរសេនាតូចលេខ៦២៣ ព្រមទាំងកម្លាំងអធិការដ្ឋានស្រុក-ប៉ុស្តិ៍រដ្ឋបាលលំផាត់ កម្លាំងប្រជាការពារភូមិ ចំនួន៤១នាក់ បានឧត្ថម្ភក្នុងម្នាក់នូវថវិកា ចំនួន៥០,០០០រៀល និងបានប្រគេនបច្ច័យព្រះសង្ឃ ចំនួន៣វត្ត ដោយក្នុងមួយវត្តបច្ច័យចំនួន៤០០,០០០រៀល ក្នុងនោះមាន វត្តភូមិថ្មី វត្តត្រពាំងជ្រែ វត្តអារញ្ញរាមលំផាត។
ជាមួយគ្នានេះ លោកប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ក៏បាននាំយកការផ្ដាំផ្ញើសាកសួរទុក្ខ និងការចែករំលែកនូវក្ដីលំបាក ជូនដល់ប្រជាពលរដ្ឋ ព្រះសង្ឃ និងកម្លាំងទាំងអស់ផងដែរ ដោយលោកបានក្រើនរំលឹកឲ្យថែរក្សាសុខភាព និងការហូបចុកឲ្យបានត្រឹមត្រូវ រក្សាអនាម័យល្អ ជៀសវាងការកើតជំងឺដង្កាត់ផ្សេងៗ។
បន្ថែមពីនេះ លោកឧត្តមសេនីយ៍ទោ លៀង ភារម្យ បានឲ្យដឹងផងដែរ បច្ចុប្បន្នប្រជាពលរដ្ឋ និងព្រះសង្ឃ ត្រូវបានអាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច កំពុងតែជម្លៀសមកស្នាក់នៅទីទួលសុវត្ថិភាព៕