(ព្រះវិហារ)៖ ដេីម្បីជួយសម្រាលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០១៩ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ២៥០គ្រួសារ រស់នៅក្នុងឃុំចំនួន ១២ នៃស្រុករវៀង ខេត្តព្រះវិហារ។
ពិធីនេះបានរៀបចំនៅទីតាំងពីរកន្លែងគឺ នៅសាលារៀនរបៀប សម្រាប់ប្រជាពលរដ្ឋ ១៨១គ្រួសារ និងនៅសាលាមធ្យមសិក្សាកម្រិតមូលដ្ឋានត្រពាំងទន្ទឹម សម្រាប់ប្រជាពលរដ្ឋចំនួន ៦៩គ្រួសារ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទាំងអស់ លោកស្រីអគ្គលេខាធិការរងទី ១ បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិតស្រឡាញ់យ៉ាងជ្រាលជ្រៅ និងគិតគូរជានិច្ច ដោយតែងតែចាត់ឱ្យមន្ត្រីក្រោមឱវាទចុះជួបដោយផ្ទាល់ជាមួយប្រជាពលរដ្ឋងាយរងគ្រោះបំផុតដែលត្រូវការឱ្យជួយជាចាំបាច់ ជាពិសេសប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅតាមបណ្តាខេត្តមួយចំនួន។
ជាមួយគ្នានេះ លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំសេចក្តីអំពាវនាវ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញេីឱ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ធម្មជាតិ ទឹកជំនន់ ផ្គរ រន្ទះ ហេីយត្រូវត្រៀមលក្ខណៈរកទីកន្លែងមានសុវត្ថិភាព។
ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គិតគូរថែទាំសុខភាពឱ្យបានល្អដេីម្បីកាត់បន្ថយការចំណាយក្នុងគ្រួសារ ដោយត្រូវរស់នៅមានអនាម័យ ពិសាទឹកដាំឆ្អិន និងបរិភោគអាហារូបត្ថម្ភឱ្យបានត្រឹមត្រូវជៀសវាងជំងឺលេីសឈាម ជំងឺបេះដូង ឈឺសន្លាក់ ឬទឹកនោមផ្អែម។ល។
សូមសម្អាតបរិស្ថានជុំវិញផ្ទះ លុបបំបាត់ជម្រកសត្វមូស គេងក្នុងមុងជានិច្ចជៀសវាងជំងឺគ្រុនឈាម-គ្រុនចាញ់ ហេីយប្រសិនបេីក្តៅខ្លួន ឬចេញរោគសញ្ញាណាមួយត្រូវប្រញាប់ទៅមន្ទីរពេទ្យដេីម្បីព្យាបាលជាបន្ទាន់ ជៀសវាង
បណ្តែតបណ្តោយពេលវេលាធ្វេីឱ្យប៉ះពាល់ដល់អាយុជីវិត។ ចំពោះស្ត្រីមានផ្ទៃពោះ ត្រូវពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ និងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យជៀសវាងជំងឺឆ្លងពីម្តាយទៅកូន ឬជំងឺតំណពូជជាដេីម និងទៅសម្រាលកូននៅមណ្ឌលសុខភាពដែលនៅជិតបំផុត។
បន្ថែមពីនេះ សូមប្រជាពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្ននៅតំបន់ដែលមានគ្រាប់មីន ឬគ្រាប់មិនទាន់ផ្ទុះដែលបន្សល់ទុកពីសង្គ្រាម ដែលករណីគ្រោះថ្នាក់នៅកេីតមានឡេីងជាយថាហេតុ។
ម្យ៉ាងទៀត ទន្ទឹមនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ស្អាតល្អគ្រប់ទីកន្លែង ក៏សូមប្រជាពលរដ្ឋគិតគូរពីសុវត្ថិភាពចរាចរណ៍ ដែលជាបញ្ហាប្រឈមបង្កឱ្យមានការស្លាប់និងពិការភាពជារៀងរាល់ថ្ងៃដែរ។
អំណោយដែលបានចែកជូនគ្រួសារនីមួយៗរួមមាន ៖ អង្ករ ៣០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ឃីត១ (មុង ភួយ សារុង ក្រមា អាវយឺត) និងអាវភ្លៀង១៕