(រតនគិរី)៖ ទេសរដ្ឋមន្ដ្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ពីខេត្តរតនគិរី ឲ្យដឹងនៅរសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះថា ទឹកជំនន់កំពុងបន្ដវាយប្រហារ នៅឃុំសិរីមង្គល ស្រុកកូនមុំ ដែលប៉ះពាល់ដល់ផ្ទះសម្បែងប្រជាពលរដ្ឋ ប្រមាណ៦៤៦គ្រួសារ ត្រូវបានជន់លិច។

ទេសរដ្ឋមន្ដ្រី គន់ គីម ដែលកំពុងបំពេញការងារយ៉ាងសស្រាក់សស្រាំ បានអះអាងថា ក្នុងចំណោមប្រជាពលរដ្ឋទាំង៦៤៦គ្រួសារ នៅឃុំសិរីមង្គល ដែលទឹកជំនន់វាយប្រហារនេះ ត្រូវបានកម្លាំងអាជ្ញាធរ និងសមត្ថកិច្ច ជម្លៀសទៅកាន់ទីទួលសុវត្ថិភាព បានជាង២០០គ្រួសារ ដោយក្នុងចំណោមនោះ ភាគីច្រើនជាកុមារ ចាស់ជរា និងជនពិការ។

លោក គន់ គីម បានបញ្ជាក់យ៉ាងដូច្នេះថា «នៅស្រុកកូនមុំ ខេត្ដរតនគិរី ទឹកបានលិចទៅលើឃុំមួយ គឺឃុំសិរីមង្គល ដែលមានប្រជាជន៦៤៦គ្រួសារ ផ្ទះខ្លះលិចដល់ដំបូល ខ្លះលិចពាក់កណ្ដាល ត្រូវបានជម្លៀសចេញទៅទួលសុវត្ថិភាព បានជាង២០០គ្រួសារហើយ ក្នុងនោះមានក្មេងតូច ចាស់ជរា ជនពិការ»

បើតាមទេសរដ្ឋមន្ដ្រី គន់ គីម កម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន ប្រមាណ២៥០នាក់ បាននិងកំពុងសហការគ្នា ត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ដោយប្រើប្រាស់ទូកប្រមាណ៥០គ្រឿង ដើម្បីប្រមូលផ្ដុំត្រៀមជម្លៀសប្រជាជន នៅពេលដែលទឹកកាន់តែជន់ឡើងខ្លាំង ហើយលិចដល់ដំបូលផ្ទះ ព្រោះថានៅពេលនេះផ្ទះខ្លះលិចពាក់កណ្ដាលទៅហើយ។

សម្រាប់នៅឯទីទួលសុវត្ថិភាពវិញ ត្រូវបានទេសរដ្ឋមន្ដ្រី គន់ គីម គូសបញ្ជាក់ថា សមត្ថកិច្ច និងអាជ្ញាធរ បានរៀបចំការពារសន្ដិសុខ សណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ និងរៀបចំធ្វើជាដំបូលសម្រាប់អ្នក ដែលត្រូវជម្លៀសមកកន្លែងសុវត្ថិភាព ខណៈពលរដ្ឋបានខ្លះកំពុងនៅកន្លែងសាលារៀន ខ្លះទៀតនៅផ្ទះសាច់ញាតិ។

យ៉ាងណាក៏ដោយ អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ដែលជាសេនាធិការជូនសម្ដេចតេជោ ហ៊ុន សែន នោះ បានអះអាងថា ដោយសារមានការជូនដំណឹងជាបន្ដបន្ទាប់ ប្រជាពលរដ្ឋដែលងាយរងគ្រោះនៅស្រុកកូនមុំ ក៏មានភាពម្ចាស់ការលើខ្លួនឯងផងដែរ ដោយពួកគាត់បានត្រៀមសម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងផ្ទះខ្លះត្រៀមទូកខ្លួនឯងផងដែរ។

ដោយសម្រាប់ផលដំណាំវិញ ត្រូវបានលោក គន់ គីម លើកឡើងថា តាមការពិនិត្យ និងវាយតម្លៃឃើញថា ស្រូវនៅឃុំសិរីមង្គល ស្រុកកូនមុំនេះ ត្រូវបានលិចប្រមាណ១,៦៦១ហិកតា និងដីចំការប្រមាណ២៦៣ហិចតា ប៉ុន្ដែទំហំនៃការខូចខាតមិនទាន់អាចសន្និដ្ឋានបាននៅឡើយទេ ពោលទាល់តែទឹកស្រកវិញទើបដឹង។

សម្រាប់ស្ថានភាពទឹកជំនន់វិញ ទេសរដ្ឋមន្ដ្រី គន់ គីម គូសបញ្ជាក់ថា ទឹកនៅស្រុកលំផាតបាន៣សង់ទីម៉ែត្រ ប៉ុន្ដែអាជ្ញាធរ និងសមត្ថកិច្ច នៅតែបន្ដតាមដានទៀត ដើម្បីកំណត់ច្បាស់ថា ទឹកនោះដែលស្រក នឹងឡើងបន្ដទៀតឬយ៉ាងណា ដើម្បីងាយស្រួលជម្លៀសប្រជាជនតាមបណ្ដាមូលដ្ឋានទៅទួលសុវត្ថិភាព។

បន្ថែមពីនេះ សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ ត្រូវបានទេសរដ្ឋមន្ដ្រី កត់សម្គាល់ឃើញថា ទាំងអាជ្ញាធរខេត្ត និងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្ត រួមជាមួយអាជ្ញាធរមានសមត្ថកិច្ចបានសហការគ្នាយ៉ាងល្អ ហើយបានបំពេញការងារយ៉ាងដុតដៃដុតជើង ក្នុងនាមជាអ្នកបម្រើប្រជាជនដោយឥតលក្ខខណ្ឌ៕