(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌសែនសុខ លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ដ ចុះមកពិនិត្យ និងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋជាង៥០០នាក់ ដោយឥតគិតថ្លៃ នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងណែនាំឱ្យប្រជាពលរដ្ឋ យកចិត្ដទុកដាក់ថែរក្សាសុខភាព សម្រាប់គ្រូពេទ្យយើង នឹងខិតខំប្រឹងប្រែង ក្នុងការផ្ដល់សេវាព្យាបាល ជូនបងប្អូនប្រជាពលរដ្ឋយើង ឱ្យកាន់តែមានល្អប្រសើរឡើងបន្ថែមទៀត។ ជាពិសេស នឹងយកសេវាព្យាបាលនេះ មកក្បែរផ្ទះរបស់ប្រជាពលរដ្ឋតែម្ដង ។
ជាក់ស្ដែង ដូចវដ្ដនៃជំងឺគ្រុនឈាមនៅឆ្នាំ២០១៩នេះ បានហក់ឡើងយ៉ាងខ្លាំង តែដោយមានសហការរួមគ្នា ប្រឹងប្រែងអស់ពីលទ្ធភាព ទាំងការផ្ដល់សេវាព្យាបាល និងណែនាំដល់ប្រជាពលរដ្ឋយើង ពេលនេះជំងឺគ្រុនឈាមនៅកម្ពុជាយើង បានធ្លាក់ចុះ ដែលធ្វើឱ្យបងប្អូនយើង រួចផុតពីជំងឺគ្រុនឈាម។ នេះក៏ដោយតែការចូលរួមចំណែករបស់ប្រជាពលរដ្ឋ ជាមួយក្រុមគ្រូពេទ្យរបស់យើងទាំងអស់គ្នា។
រដ្ឋមន្ដ្រីបន្ដថា «តែទោះជាយ៉ាងណាក្ដី យើងនឹងខិតខំប្រឹងប្រែងបន្ដទៀត ដើម្បីផ្ដល់សេវាពិនិត្យព្យាបាលជូនពលរដ្ឋយើង ប្រកបដោយប្រសិទ្ធិភាពខ្ពស់។ ជាងនេះទៅទៀត សូមអំពាវនាវ ដល់ស្ដ្រីមានផ្ទៃពោះ ត្រូវមកពិនិត្យសុខភាពឲ្យបានទៀងទាត់ និងអនុត្ដន៍ទៅការណែនាំរបស់គ្រូពេទ្យ ពិសេសបរិភោគអាហារត្រូវមានអនាម័យ លំនៅឋានជុំវិញផ្ទះ ត្រូវសំអាតជានិច្ចផងដែរ ដើម្បីធានាបាននូវផាសុកភាព និងគ្មានជម្រកមូសខ្លា។
គួររម្លឹកផងដែរថា ក្រោមកិច្ចខិតខំដឹកនាំរបស់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ប្រជាពលរដ្ឋ ទទួលបានពិនិត្យព្យាបាលជំងឺបានដិតដល់ ពិសេសការយកសេវាព្យាបាលមកដល់ និងក្បែរផ្ទះរបស់ពលរដ្ឋតែម្ដង ដែលការយកចិត្ដទុកដាក់នេះ បានធ្វើឲ្យអត្រា នូវជំងឺឆ្លងផ្សេងៗ ស្ទើរតែមិនអាចកើតមានឡើងនៅក្នុងភូមិឃុំនោះទេ។ ជាក់ស្ដែងសម្រាប់ព្រឹកនេះ ក្រុមគ្រូពេទ្យបានពិនិត្យព្យាបាលជំងឺដូចជា៖ ពិនិត្យព្យាបាលជំងឺទូទៅ ជំងឺសើរស្បែក ជំងឺសួត ភ្នែក និងចែកវែនតាផងដែរ។
ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋបានសម្ដែងនូវការសប្បាយចិត្ដយ៉ាងខ្លាំង ពេលទទួលបានការយកចិត្ដទុក្ខពីថ្នាក់លើ និងគ្រូពេទ្យ ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាជន ដោយមិនឱ្យនរណាម្នាក់ មិនទទួលបានការព្យាបាលនោះទេ៕