(ព្រះសីហនុ)៖ ក្រុមហ៊ុន ជីប ម៉ុង ចែកទឹកសុទ្ធ៣០០០កេស ជូនជនរងគ្រោះដោយទឹកជំនន់នៅខេត្តព្រះសីហនុ ៣០០០កេស ជូនជនរង់គ្រោះដោយទឹកជំនន់នៅខេត្តរតនគិរី និងថវិកា១៥លានរៀលដល់៣គ្រួសារ ដែលបាត់បង់សមាជិកគ្រួសារ ដោយសារទឹកជំនន់នៅខេត្តព្រះសីហនុ និង៥លានរៀលជូនដល់១គ្រួសារ ដែលបាត់បង់សមាជិកដោយសារទឹកជំនន់នៅខេត្តរតនគិរី។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង លោកឧញ៉ា លាង ឃុន ថ្លែងថា ក្រុមហ៊ុន ជីប ម៉ុង តែងចូលរួមជាមួយរដ្ឋាភិបាល ក្នុងការជួយសង្រ្គោះដល់ ប្រជាពលរដ្ឋកម្ពុជា ដែលរងគ្រោះដោយគ្រោះទុរភិក្សផ្សេងៗ។
ក្រុមហ៊ុន ជីប ម៉ុង បានដាក់បញ្ចូលការចូលរួមជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះទុរភិក្ស ក្នុងគម្រោងប្រចាំឆ្នាំរបស់ខ្លួន។
ជាក់ស្ដែងក្រុមហ៊ុនបានដឹកទឹកស្អាត ទៅចែកជូនប្រជាពលរដ្ឋដែលខ្វះខាត ទឹកប្រើប្រាស់នៅខេត្តកំពត និងខេត្តកំពង់ស្ពឺ ក្នុងឆ្នាំ២០១៦ ចែកទឹកសុទ្ធជូនពលរដ្ឋនៅខេត្តក្រចេះ ក្នុងឆ្នាំ២០១៨ និងចែកទឹកសុទ្ធជូនពលរដ្ឋនៅខេត្តកំពង់ធំ និងខេត្តតាកែវក្នុងឆ្នាំ២០១៩ ដែលសុទ្ធតែរងគ្រោះដោយគ្រោះទុរភិក្ស៕