(កំពង់ធំ)៖ ខណៈការប្រឡងមធ្យមសិក្សាតិយភូមិ ចំណេះទូទៅឆ្នាំ២០១៩ (ប្រឡងបាក់ឌុប) នឹងឈានមកដល់នាពេលខាងមុខលោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសធនាគារ និងជាប្រធានក្រុមយុវជនធនាគារជាតិនៃកម្ពុជា បានចុះជួបសំណេះសំណាលជាមួយ សិស្សានុសិស្សជាច្រើនក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ដើម្បីជាការលើកទឹកចិត្ត និងក្រែងរំលឹក ដល់សិស្សានុសិស្សឲ្យត្រៀមខ្លួន ដើម្បីស្វះស្វែងរកការងារ និងមុខជំនាញដែលខ្លួនពេញចិត្ត និងត្រូវជំនាញបន្ទាប់ពីប្រឡងជាប់។
លោកស្រី ជា សិរី បានក្រើនរំលឹកសិស្សានុសិស្សទាំងអស់ ឲ្យស្វែងយល់ពីខ្លួនឯងឲ្យច្បាស់ ដើម្បីស្វែងយល់ពីអាជីព និងពិភពការងារដែលសមស្រប តាមជំនាញឯកទេសរបស់ខ្លួន ក្រោយពីប្រឡងជាប់។ ការស្វែងយល់ពីខ្លួនឯង គឺត្រូវស្វែងយល់អំពី៖ ចំណូលចិត្ត, ជំនាញ, គុណតម្លៃ និងបុគ្គលិកលក្ខណៈរបស់ខ្លួន នៅពេលដែលយើងយល់ពីអ្វីដែលខ្លួនចូលចិត្តហើយនោះ ការប្រកបអាជីព និងការស្វែងរកការងារធ្វើ មានភាពងាយស្រួល និងជោគជ័យ។
ការក្រើនរំលឹករបស់លោកស្រី ជា សិរី ធ្វើឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាល និងបំពាក់បំប៉នការសិក្សា ដល់សិស្សានុសិស្សថ្នាក់ទី១២ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ដែលត្រូវប្រឡងសញ្ញាបត្រមធ្យម
សិក្សាទុតិយភូមិចំណេះទូទៅឆ្នាំ២០១៩ ដែលនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ។
ក្នុងឱកាសនោះលោកស្រីបានសម្ដែងក្ដីជឿជាក់ថា សិស្សានុសិស្សទាំងអស់នឹងចាប់ផ្តើម គិតគូររៀបចំផែនការអាជីពរបស់ខ្លួនម្នាក់ៗ ដោយធ្វើការស្វែងយល់ និងប្រមូលព័ត៌មាន ដោយផ្ទាល់អំពីឱកាសការងារ និងតម្រូវការជំនាញ ឱកាសបណ្តុះបណ្តាលអភិវឌ្ឍជំនាញ និងការផ្តល់ការគាំទ្រនានាដូចជា៖ អាហារូបករណ៍ព្រមទាំងឱកាស ក្នុងការជួបពិភាក្សាស្វែងយល់ពី បទពិសោធន៍ផ្ទាល់ពី និយោជកអ្នកដែលកំពុងធ្វើការងារ ក្នុងអាជីពដែលជាគោលដៅរបស់ប្អូន និងសិស្សនិស្សិតដែលបានឆ្លងកាត់ បទពិសោធន៍បណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលពួកគេសម្រេចបានជោគជ័យ ក្នុងការបង្កើតស្នាដៃអនុវត្តន៍ និងច្នៃប្រឌិតលេចធ្លោកន្លងមក។
លោកស្រីក៏សង្ឃឹមថា សិស្សក្នុងនៅស្រុកសន្ទុក ដែលត្រូវប្រឡងទាំងអស់ នឹងទទួលបានលទ្ធផលល្អគ្រប់ៗគ្នា ដើម្បីលើកកម្ពស់មុខមាត់ខ្លួន គ្រួសារ និងស្រុកភូមិជាក់មិនខាន។
លោក ទូច សុខា អភិបាលស្រុកសន្ទុកឲ្យដឹងថា សិស្សានុសិស្សថ្នាក់ទី១២ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅឆ្នាំ២០១៩ មាន៥២៥នាក់ ក្នុងនោះស្រី២៨៩នាក់។
លោកបន្ដថា សិស្សទាំងអស់ក៏បានទទួលការបណ្តុះបណ្តាល និងបំពាក់បំប៉នការជាច្រើនសប្ដាហ៍ផងដែរ ក្រោមការជួយឧបត្ថម្ភពីលោក ជា សិរី អគ្គនាយកបច្ចេកទេសធនាគារ និងជាប្រធានក្រុមយុវជនធនាគារជាតិនៃកម្ពុជា នៅលើមុខវិជ្ជានានា សម្រាប់ឲ្យការប្រឡងទទួលបានជោគជ័យផងដែរ។ ដោយឡែកថ្ងៃនេះក៏ទទួលបាន ការជួយតម្រង់ទិសពី ទីភ្នាក់ងារមុខរបរ និងការងារបន្ថែម ដើម្បីឲ្យមានទុនក្នុងការជ្រើសរើសមុខវិជ្ជារៀន សម្រាប់ចាប់យកការងារធ្វើនាពេលអនាគត ឲ្យសមស្រមតាមសមត្ថភាព និងលទ្ធភាពដែលខ្លួនមានកុំឲ្យចំណាយឥតប្រយោជន៍៕